ភ្នំពេញ៖ ថ្មីៗនេះ សួនទឹកកម្សាន្តដ៏ធំមួយកន្លែង បាននឹងកំពុងតែសាងសង់ជិតរួចរាល់ ហើយគ្រោងនឹងបើកឱ្យចូលលេងសាកល្បងនៅខែ កក្កដា ឆ្នាំ ២០១៩នេះ បន្ទាប់មកនឹងបើកដំណើរការជាផ្លូវការឱ្យចូលលេងកម្សាន្ដនៅដើមខែធ្នូ ឆ្នាំ ២០១៩ ខាងមុខ។
សួនទឹកកម្សាន្ដនេះមានឈ្មោះថា « ហ្គាដិន ស៊ីធី វ៉តធើផាក » ត្រូវបានគេដឹងថានឹងក្លាយទៅជាសួនទឹកធំជាងគេបង្អស់នៅកម្ពុជា ដោយទីតាំងសាងសង់នៅក្បែរគ្នានឹងសួនសត្វ « ភ្នំពេញ សាហ្វារី » ។ សួនទឹកកម្សាន្តនេះមានកន្លែងសំខាន់ៗ ដូចជា សមុទ្រសិប្បនិម្មិត ដែលទឹករលកកម្ពស់៣ម៉ែត្រកន្លះ ទឹកជ្រោះធ្លាក់ដ៏ស្រស់ស្អាត កន្លែងរំអិលទឹកខ្ពស់ ទឹករាំតាមចង្វាក់ភ្លេង កន្លែងក្មេងលេង និងកន្លែងលេងសប្បាយៗសំខាន់ៗជាច្រើនផ្សេងទៀតផងដែរ។ បន្ថែមពីនេះ សួនទឹកកម្សាន្តនេះ នឹងត្រូវបានសាងសង់តាមរចនាបថសម័យអង្គ រដែលមានរូបអប្សរា សត្វដំរី ប្រាសាទបាយ័ន អង្គរវត្ត ដោយលាយឡំទៅនឹងរចនាបថសម័យទំនើបមកពីអឺរ៉ុប និងអាមេរិក ផងដែរ។
គួរឱ្យដឹងផងដែរថា សួនទឹកកម្សាន្ត « ហ្គាដិនស៊ីធី វ៉តធើផាក » នេះសាងសង់លើផ្ទៃដី ៦ហិកតា ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មី របស់ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប្រមាណ ១៨គីឡូម៉ែត្រពីរាជធានីភ្នំពេញជាប់នឹងសួនសត្វ « ភ្នំពេញ សាហ្វារី » ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
រូបភាព៖ រូបតំណាងប៉ុណ្ណោះ ដើម្បីឱ្យជ្រាបច្បាស់ សូមមកកម្សាន្តពេលបើកដំណើរការ។