ជាការពិត សម័យនេះទាល់តែមានលុយ មានឡាន មានគ្រប់យ៉ាង ទើបជីវិតស៊ីវិល័យ ដើរទាន់គេ គេមិនមើលងាយ គេមិនសើចចំអក តែអ្នកខ្លះក៏គិតថា មានលុយ មានឡាន មានគ្រប់យ៉ាង ទើបជីវិតមានក្ដីសុខ និងសុភមង្គល។
ប៉ុន្តែលុយកាក់ មាសប្រាក់ បុណ្យសក្តិដែលអ្នកមាន មិនអាចផ្ដល់សុភមង្កលដល់គ្រួសារអ្នកបានឡើយ តែផ្ទុយទៅវិញ របស់ទ្រព្យក្រៅកាយទាំងនេះ អាចនឹងបំផ្លាញក្ដីសុខ សុភមង្គល និងគ្រួសារអ្នកទៅវិញទេ។
ក្នុងគ្រួសារខ្លះ ប្ដីប្រពន្ធខ្លះ កាលនៅក្រីក្រ ស្រឡាញ់គ្នាណាស់ ថ្នាក់ថ្នមគ្នាណាស់ តែដល់ពេលមាន គឺប្ដូរចរិត ចិត្តគំនិតផ្ទុយស្រឡះពីកាលមុន។ កាន់តែមាន កាន់តែភ្លើតភ្លើន ជ្រើមជ្រួល ចាប់ផ្ដើមមានចិត្តវៀចវេរ ក្បត់គ្នាទៅវិញទៅមក ក្បត់ទៅរកថ្មីលែងឯ្យតម្លៃដៃគូ និងមនុស្សក្នុងក្រុមគ្រួសារ។
ដូចចម្រៀងមួយបទដែលមានចំណងជើងថា " ស្រីណាមិនយំ " គឺបកស្រាយយ៉ាងច្បាស់ថា ជីវិតពេលដែលមាន គឺជាជីវិតដែលផ្លាស់ប្ដូរក្ដីសុខក្នុងគ្រួសារទៅវិញ។ បើសិនដឹងថាពេលមានបាន គ្រប់យ៉ាងប្រែជាបែបហ្នឹង គឺសុំឱ្យនៅក្ររហូតល្អជាង ... ។
ជីវិតប្ដីប្រពន្ធ កុំបោះបង់ កុំក្បត់គ្នា ព្រោះធ្លាប់ពុះពារឆ្លងកាត់ការលំបាកជាមួយគ្នា ដូច្នេះ កុំចេះតែក្បត់ភ្លើតភ្លើន កុំបោះបង់មនុស្សធ្លាប់លំបាកជាមួយយើង ក្បត់ប្ដី ក្បត់ប្រពន្ធឯង វាមិនមែនជារឿងថ្លៃថ្នូរទេ យកគេអ្នកក្រោយ មិនប្រាកដថា គេល្អនឹងយើងឡើយ កុំឱ្យតម្លៃអ្នកដទៃ ឬមាសប្រាក់ជាងប្ដីយើងប្រពន្ធយើង៕
អត្ថបទ ៖ ភី អេច
ក្នុងស្រុករក្សាសិទ្ធ