ភ្នំពេញ៖ កាលពីយប់មិញនេះ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិ ប៉ាគីស្ថាន និងក្រុមជម្រើសជាតិកម្ពុជា ពិតជាបានបង្ហាញទំរង់លេងល្អមែនទែន ថែមទាំងទទួលបានលទ្ធផល ២ ទល់ ០ ថែមទៀតផង បានធ្វើឱ្យអ្នកគាំទ្រ ដែលបានទស្សនាផ្ទាល់ ស្រែកហ៊ោកញ្ជៀវជាខ្លាំង សម្រាប់វគ្គជម្រុះដំបូង នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ (2022 FIFA World Cup qualification-AFC) នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។
តែអ្វីដែលគួរឱ្យកាន់តែចាប់អារម្មណ៍ ពេលចប់ការប្រកួតស្រាប់តែមានយុវជនមួយក្រុមបាននាំគ្នាប្រមូលសម្រាមគ្មានសល់នៅកន្លែងអង្គុយទស្សនាការប្រកួតមួយនេះ រហូតទទួលបានការសរសើរជាខ្លាំង ដែលគួរតែយកគំរូតាម។ យោងតាមរយៈគណនីហ្វេសប៊ុកម្នាក់មានឈ្មោះ Kodomo បានបង្ហោះរូបភាព និងសរសេរសារមួយយ៉ាងខ្លីមានន័យថា៖ « អរគុណសំរាប់ការចូលរួមយកចិត្តទុកដាក់អំពីសំរាម ស្តាតស្អាតក្រោយចប់ការប្រកួត សកម្មភាពពិតៗចេញពីបេះដូង 8:50pm sart »។
បន្ទាប់ពីបានឃើញរូបភាព និងទង្វើគួរឱ្យសរសើរមួយនេះអ្នកលេងបណ្តាញសង្គមជច្រើនបាននាំគ្នាកោតសរសើរជាខ្លាំង ហើយក៏លើកទឹកចិត្តឱ្យកូនខ្មែរគ្រប់រូបស្រលាញ់បរិស្ថានបែបនេះនៅគ្រប់ទីកន្លែងឱ្យបានគ្រប់ៗគ្នាបែបនេះរហូតដែរ៕