ថៃ៖ អ្នកដែលធ្លាប់តែទៅលេងប្រទេសថៃ ភាគច្រើនប្រាកដណាស់ គឺដើរលេងនៅក្នុងទីក្រុងបាងកក និងដើរទិញទំនើបក្នុងផ្សារទំនើបនានា តែសម័យនេះទៅហើយ ទៅលេងប្រទេសថៃទៅតែបាងកកម៉េចសប្បាយ ហួសសម័យហេីយ។
ជាការពិតណាស់នៅក្នុងបណ្តាខេត្តប្រទេសថៃ មានកន្លែងកម្សាន្តជាច្រើនកន្លែង ថែមទាំងសម្បូររីសតស្អាតៗ និងសប្បាយៗផងដែរ។ ដោយនៅក្នុងនោះមានរីសតមួយកន្លែងមានការច្នៃប្រតិដ្ឋស្អាតមែនទែន ជាពិសេសគឺអគារសំណាក់មួយៗលាបពណ៌ចម្រុះស្រស់ៗ ឯតាមតាមផ្លូវមានជាស្ពានលើទឹកខ្វាត់ខ្វែងប្រៀបដូចជាទីក្រុងលើទឹក Venice ប្រទេសអ៊ីតាលីអ៊ីចឹង ដោយរីសតនេះមានឈ្មោះថា Peggy’s Cover Resort ស្ថិតនៅខេត្តចន្ថាបូរី (Chanthaburi) ប្រទេសថៃ។
រីសតនេះមានផ្ទះស្នាក់នៅស្អាតៗ ពណ៌កប់ៗបែបនេះទទួលស្វាគមន៍ភ្ញៀវមកសម្រាកតែចំនួន ៣៨នាក់ប៉ុណ្ណោះ តែអត់កក់ដឹងតែអស់ហេីយ ដោយតម្លៃស្នាក់នៅមួយយប់ចាប់ពី ២០០០ពាន់បាត ឬប្រមាណជា 50$ ទៅ 60$ ឡេីងទៅប៉ុណ្ណោះ (មិនគិតថ្ងៃសម្រាក និងបុណ្យទាន) ឯចំណីអាហារធានាថាឆ្ងាញ់ហ្មងៗតែម្តង មានទាំងម្ហូបនៅក្នុងតំបន់ និងម្ហូបបរទេស។
ដូច្នេះប្រសិនជាចង់ទទួលបានបរិយាកាសថ្មីប្លែក មិនចាំបាច់ទៅដល់ប្រទេសអ៊ីតាលីនោះទេ អាចមកលេងប្រទេសជិតខាងមួយនេះបានធានាថាជាប់ចិត្ត ចង់មកលេងម្តងទៀត។ ដោយការធ្វើដំណើរពីបាងកក មកខេត្តចន្ថាបូរី មានរយៈចម្ងាយប្រមាណជា 245Km។
ទីតាំង៖ Sanamchai, សង្កាត់ Na Yai Am ខេត្តចន្ថាបូរី ((Chanthaburi) Thailand 22170 ឬ ផែនទី Get Directions
លេខទូរស័ព្ទទំនាក់ទំនង៖ +66 39 460 345 ៕
អត្ថបទរក្សាសិទ្ធ៖ ក្នុងស្រុក