ព្រះសីហនុ៖ ប្រិយមិត្តយុវវ័យប្រាកដជាធ្លាប់ស្គាល់លោក ឃី ឆេងសុង និងកញ្ញាស្រីនិច្ចដែលជាគូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូ ដែលតែងតែបង្ហោះវីដេអូកំប្លែងៗ និងស្វីតៗនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន។ ដោយឡែក កាលពីព្រឹកមិញនេះលោក សុងសុង និងគូស្នេហ៍សម្រេចចិត្តដឹកដៃគ្នាភ្ជាប់ពាក្យឱ្យចាស់ទុំដឹងឮហើយ បន្ទាប់ពីអ្នកទាំងពីរបានកសាងចំណងស្នេហាអស់រយៈពេលយូរគួរសម។
នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ “Khy Chheng Song” សុងសុងបានបង្ហោះសារថា៖ “អរគុណអ្នកដែលថាពួកខ្ញុំបានប៉ុន្មានថ្ងៃ អរគុណអ្នកដែលខំចាក់ចេក ចាក់ស្ករពួកខ្ញុំ អរគុណអ្នកឆ្លៀតឱកាសពេលពួកខ្ញុំឈ្លោះគ្នា អរគុណអ្នកម៉ាក់ លោកប៉ាសងខាង ដែលធ្វើឲពួកយើងមានថ្ងៃនេះ។ ខ្ញុំសុំទោសដែលមិនអាចធ្វើឲគេក្លាយជាមនុស្សដំបូងដែលខ្ញុំស្រលាញ់ តែគេជាមនុស្សដំបូងដែលជួបគ្រួសារខ្ញុំ ហើយខ្ញុំចង់ឲគេក្លាយជាមនុស្សចុងក្រោយដែលខ្ញុំស្រលាញ់ វាអាចមិនអស្ចារ្យសម្រាប់គេ តែមានន័យសម្រាប់ខ្ញុំ។ តែនិយាយតាមត្រង់ទៅ Sad តិចដែរ ព្រោះចាប់ពីថ្ងៃស្អែកទៅ លែងបានក្បាលខូចទៀតហើយ។”
គួរឱ្យដឹងផងដែរថា លោក ឃី ឆេងសុង គឺជាតារាចម្រៀងម្នាក់ ដែលចាប់ដៃគូជាមួយនឹងវណ្ណដាតាមរយៈបទចម្រៀងជាច្រើនដូចជា “មេឃភ្លៀងហើយ” និង “Y.O.U” ជាដើម៕