មានរឿងខ្លះដែលមនុស្សជាច្រើនគិតថាធ្វើទៅគឺអាចសន្សំលុយបានច្រើន ប៉ុន្តែផ្ទុយទៅវិញវាកាន់តែធ្វើអោយចំណាយខ្ជះខ្ជាយជាងមុនដោយមិនដឹងខ្លួន។ ខាងក្រោមនេះជារឿង៤យ៉ាងដែលរារាំងអ្នកពីការសន្សំប្រាក់ យកល្អគួរតែកែទម្លាប់នេះចោល បើចង់សល់លុយខ្លះនឹងគេ៖
១.ប័ណ្ណបញ្ចុះតម្លៃ៖ វាជាការប្រសើរណាស់ក្នុងការទិញឥវ៉ាន់ជាមួយនឹងប័ណ្ណបញ្ចុះតម្លៃ តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនអនុវត្តតាមគោលការណ៍ជាក់លាក់ទេ ការសន្សំនឹងមានឥទ្ធិពលផ្ទុយ។ ជាមួយនឹងការគិតដែលថាអ្នកអាចទិញផលិតផលក្នុងតម្លៃល្អជាមួយប័ណ្ណបញ្ចុះតម្លៃទាំងនោះ អ្នកនឹងងាយធ្លាក់ចូលទៅក្នុងការទិញរបស់ដែលមិនចាំបាច់ ព្រោះគិតថាវាថោក តែចុងក្រោយបែរជាទិញមកទុកចោល។
២.លោភលន់នឹង Discount៖ មនុស្សតែងតែមានទំនោរជ្រើសរើសផលិតផលដែលមានលក្ខណៈស្រដៀងគ្នា ប៉ុន្តែក្នុងតម្លៃថោកជាង។ អ្នកគិតថាទិញរបស់ដែលមានបញ្ចុះតម្លៃនឹងចំណេញ តែប្រហែលអ្នកភ្លេចគិតថា បើរបស់នោះល្អគេនឹងមិនបាច់បញ្ចុះតម្លៃទេ ដរាបណាវាខូចគុណភាព ឬ ជិតហួសដឺឡេតែប៉ុណ្ណោះ។
៣.ចាយមិនចេះគិត៖ វាដូចជាអ្នកចង់ទិញឧបករណ៍មួយមកប្រើប្រាស់ ប៉ុន្តែពេលទៅដល់ផ្សារទំនើបអ្នកបែរជាចង់ទិញនេះ ទិញនោះបន្ថែមទៀត ចុងក្រោយអ្នកទិញអស់ប្រហែល១០មុខ នេះហើយគេហៅថាមិនគណនាការចំណាយទុកមុន ចេះតែចាយដោយគ្មានមូលហេតុច្បាស់លាស់។
៤.ចំណាយច្រើនលើរបស់លម្អ៖ អ្នកត្រូវដឹងថាអ្នកណាក៏ចង់ស្អាត អ្នកណាក៏ចង់ល្អដែរ តែបើអ្នកយកលុយទៅទិញតែរបស់លម្អដូចជា សម្លៀកបំពាក់ ឬ គ្រឿងតុបតែងខ្លួន វានឹងធ្វើអោយអ្នកចាយលុយអស់ៗពីខ្លួន គ្មានលុយឯណាសល់សម្រាប់ការសន្សំនោះទេ ដូច្នេះហើយរបស់ខ្លះបើគ្រប់គ្រាន់ហើយគួរតែផ្អាកទិញសិនដោយយកលុយនោះទៅសន្សំទើបថ្ងៃក្រោយមានលុយជាប់នឹងខ្លួនច្រើន៕