មានមនុស្សជាច្រើនដែលតែងតែត្អូញត្អែរ ទួញសោក បោកខ្លួន ព្រោះតែជីវិតជួបរឿងច្រើនរ៉ាប់រងលែងបាន ពិបាកខ្លាំងក៏ត្អូញត្អែរ ដើម្បីបន្ធូរអារម្មណ៍ តែគេភ្លេចមើលមនុស្សដែលនៅជុំវិញខ្លួន អ្នកខ្លះគេពិបាកជាងអ្នកផង តែគេមិនដែលបន្ទោសអ្នកដទៃ មិនដែលបន្ទោសព្រហ្មលិខិត រឹតតែមិនដែលត្អូញអំពីជីវិតឱ្យអ្នកណាដឹងលើយ។ ដូច្នេះហើយ អ្នកគួរតែបញ្ឈប់នូវការត្អូញត្អែរនេះទៅ មនុស្សដែលត្អូញកាន់តែខ្លាំង សំណាងកាន់តែរត់ចេញ សូម្បីតែមនុស្សដែលនៅជុំវិញ ក៏គេមិនចង់នៅក្បែរអ្នកដែរ។
១. កាន់តែត្អូញត្អែរ លាភសំណាងកាន់តែរត់ចេញ ៖ គ្មាននរណាម្នាក់អាចទាយដឹងថានឹងមានអ្វីកើតឡើងក្នុងលោកនេះឡើយ។ ប្រសិនបើអ្នកតែងតែចំណាយពេលវេលា និងថាមពលត្អូញត្អែរ នោះផ្លូវរបស់អ្នកនឹងកាន់តែពិបាក។ ការត្អូញត្អែរ នឹងរុញច្រានសំណាងរបស់យើង។ ពេលកើតទុក្ខច្រើន ពាក្យអាក្រក់នឹងត្រូវគេនិយាយគ្រប់ទីកន្លែង។ ជីវិតមិនអាចទទួលយកមនុស្សដែលគ្មានអ្វីក្រៅពីការត្អូញត្អែរឡើយ។ ប្រសិនបើអ្នកតែងតែនិយាយពាក្យអវិជ្ជមាន នោះដែនម៉ាញេទិចជុំវិញអ្នកនឹងកាន់តែអវិជ្ជមាន។ ជីវិតក៏នឹងក្លាយទៅជារដិបរដុប និងមិនដូចការចង់បានឡើយ។ ជំនួសឱ្យការត្អូញត្អែរ យើងគួរតែខិតខំឆ្ពោះទៅមុខ។ គ្រប់គ្រងជីវិតរបស់អ្នកឱ្យបានល្អ សម្អាតអារម្មណ៍របស់អ្នក បោះបង់អារម្មណ៍អវិជ្ជមានទាំងអស់។ ធ្វើអ្វីដែលគួរធ្វើ ត្រូវតែក្លាហានហ៊ានយកឈ្នះ។
២. កាន់តែត្អូញត្អែរ មនុស្សក្បែរខ្លួនកាន់តែចាកចេញពីអ្នក ៖ គ្មាននរណាម្នាក់ចូលចិត្តនៅក្បែរអ្នកដែលពូកែត្អូញត្អែរគ្រប់ពេលវេលានោះទេ។ នៅពេលដែលនរណាម្នាក់ត្អូញត្អែរអំពីអ្វីគ្រប់យ៉ាងនៅក្នុងជីវិត វាធ្វើឱ្យអ្នកក្បែរខ្លួនកើតអារម្មណ៍ធុញទ្រាន់ កាន់តែព្យាយាមនៅឱ្យឆ្ងាយពីពួកគេ។ ចរិតលក្ខណៈរបស់មនុស្សដែលចូលចិត្តត្អូញត្អែរ គឺពួកគេចាត់ទុកខ្លួនឯងជាជនរងគ្រោះ ដោយដាក់ការទទួលខុសត្រូវទាំងអស់លើអ្នកដទៃ។ ចិត្តគំនិតនេះធ្វើឱ្យគេតែងតែបាត់បង់ក្បែរខ្លួនបន្តិចម្ដងៗ។
នៅក្នុងទំនាក់ទំនងរបស់មនុស្ស រឿងសំខាន់បំផុតគឺមានភាពវិជ្ជមាន និងសុខស្រួល។ មានមនុស្សដែលមានមុខមាត់ល្អ ប៉ុន្តែមាត់ពោរពេញទៅដោយពាក្យអវិជ្ជមាន។ នេះនឹងនាំឱ្យមនុស្សនៅជុំវិញពួកគេកាន់តែឃ្លាតឆ្ងាយ។ ក្នុងមួយជីវិតនេះ សូមប្រើប្រយោគតិចតួចដូចជា ៖ វាជាការល្អប្រសិនបើ... ជំនួសឱ្យការប្រើប្រយោគ "សំណាង..."។ ពេលជួបការលំបាកអ្វីក៏ដោយគ្រាន់តែញញឹម រាល់ថ្ងៃបែបនេះ ជីវិតនឹងកាន់តែរីករាយ។
៣. កាន់តែត្អូញត្អែរ ស្មារតីរបស់អ្នកកាន់តែធ្លាក់ចុះ ៖ នៅពេលដែលមនុស្សម្នាក់ត្អូញត្អែរឥតឈប់ឈរ ស្ថានភាពផ្លូវចិត្តរបស់ពួកគេនឹងកាន់តែធ្លាក់ចុះ បាក់ទឹកចិត្ត ខ្សោយគំនិត និងស្មារតី។ មិនថាអ្នកធ្វើអ្វីក៏ដោយ អ្នកមិនអាចក្រោកឡើងដើម្បីសិក្សា និងធ្វើការបានឡើយ។ ការត្អូញត្អែរច្រើនពេកនឹងធ្វើឱ្យអ្នកមានអារម្មណ៍ធ្លាក់ទឹកចិត្ត មិនពេញចិត្ត និងធ្លាក់ចូលទៅក្នុងវដ្តអវិជ្ជមាន។ ការស្អប់កាន់តែមាន ចំណងកាន់តែមាន ហើយជីវិតកាន់តែលំបាកទៅតាមនោះដែរ។ ជីវិតអាស្រ័យលើអាកប្បកិរិយាល្អ និងអារម្មណ៍ល្អ។ មានតែការរក្សាអាកប្បកិរិយាវិជ្ជមាន និងសុទិដ្ឋិនិយមប៉ុណ្ណោះ ទើបយើងអាចពេញចិត្តខ្លួនឯងបាន៕