ជាទូទៅពេលដែលមនុស្សប្រុសម្នាក់ស្រលាញ់មនុស្សស្រីម្នាក់ អាកប្បកិរិយាខ្លះគឺលាក់មិនជិតនោះទេ ថ្ងៃនេះខ្ញុំសុំវែកញែកឲ្យអ្នកទាំងអស់គ្នាដឹងអំពីអាកប្បកិរិយាមនុស្សប្រុសម្នាក់ដែលស្រលាញ់យើងចាប់ពី ១០ % ទៅដល់ ១០០%។
១. ស្រលាញ់ ១០%
ពេលដែលចាប់ផ្តើមស្គាល់អ្នកដំបូង យល់ថាអ្នកជាមនុស្សល្អគ្រាន់បើ ដ្បិតតែរូបរាងមិនសូវស្អាត ប៉ុន្តែរៀបចំបន្តិចទៅគឺអាចទទួលយកបានហើយ ចម្បងនោះគឺអ្នកទាំងពីរជជែកគ្នាយ៉ាងសប្បាយចិត្ត។ ពេលនៅជាមួយអ្នក ពេលវេលាកន្លងទៅលឿនមែន ប៉ុន្តែអារម្មណ៍ម៉្យាងបានប្រាប់គេថាគេចូលចិត្តពេលវេលាបែបនេះណាស់ ។
តែអារម្មណ៍បែបនេះវាអាចកើតឡើងចំពោះនារីដទៃដូចគ្នា ឧទាហរណ៍ ៖ ដូចជាពេលដែលទៅរៀន ឬក៏ទៅធ្វើការ យល់ថានារីម្នាក់នោះល្អគ្រាន់បើគឺអាចនឹកឃើញដល់គេម្តងម្តាល។
២. ស្រលាញ់២០%
អ្នកទាំងពីរចាប់ផ្តើមរាប់អានគ្នាកាន់តែច្រើនឡើង សាច់រឿងដែលអ្នកទាំងពីរជជែកគ្នាគឺរាប់មិនអស់។ ជួនខ្លះសកម្មភាពរបស់អ្នកខ្លះបានទាក់ទាញដល់គេ ដូចជាខណៈពេលនោះព្រះអាទិត្យចាំងមកលើផ្ទៃមុខអ្នកមើលទៅស្រស់ស្អាត ជួនខ្លះពេលអ្នកអង្គុយមើលសៀវភៅមើលឃើញអ្នកទន់ភ្លន់ណាស់ សរុបមក មិនដឹងជាមូលហេតុអ្វីទេ គេយល់ថាខណៈពេលនោះអ្នកល្អខ្លាំងណាស់ គេចាប់ផ្តើមមានអារម្មណ៍ល្អចំពោះអ្នក។
៣. ស្រលាញ់ ៣០%
គេចាប់ផ្តើមសង្កេតពីសកម្មភាពរបស់អ្នក ពេលដែលអ្នកនិយាយដល់រឿងអ្វីមួយ ឬក៏ផុសពីអ្វីមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុគ គេចង់ទៅឈ្វេងយល់ពីអ្វីដែលអ្នកបាននិយាយ ឬក៏ចូលចិត្ត។ គេចាប់ផ្តើមឆាតមករកអ្នកជាញឹកញាប់ និងរកឱកាសមកជួបអ្នក ហើយអ្នកនឹងចាប់អារម្មណ៍ថា នៅក្នុងឆាកជីវិតរបស់អ្នកមាននូវស្រមោលរបស់គេបណ្តើរៗហើយ។
៤. ស្រលាញ់ ៤០ %
អារម្មណ៍ល្អដែលគេមានចំពោះអ្នក បានប្រែទៅជាស្រលាញ់អ្នកដោយសន្សឹមៗ។ គេចាប់ផ្តើមយកចិត្តទុកដាក់លើអ្នក ចាប់ផ្តើមសួរពីទឹកចិត្តរបស់អ្នក ចាប់ផ្តើមឆាតមកដោយប្រើពាក្យអរុណសួស្តី និងរាត្រីសួស្តីមកកាន់អ្នក នៅក្នុងចិត្តគេចង់ដឹងមិនឈប់ ថាតើអ្នកមានស្រលាញ់គេបន្តិចឬក៏អត់?
៥. ស្រលាញ់ ៥០%
គេចាប់ផ្តើមខ្លាចអ្នកត្រូវបានអ្នកដទៃតាមស្រលាញ់ ដូច្នេះគេក៏ចេញសម្មភាពតាមស្រលាញ់មុន។ ឧទាហរណ៍ថា៖ គេចាប់ផ្តើមណាត់អ្នកញ៉ាំបាយ ណាត់អ្នកមើលកុន ជូនកាដូរដល់អ្នក ប្រហែលជាអ្នកមើលមិនដឹងទេ តាមពិតទៅទង្វើរបែបនេះគេកំពុងតែតាមស្រលាញ់អ្នកហើយ គេកំពុងតែផ្តល់សញ្ញាដល់អ្នក។
៦. ស្រលាញ់ ៦០%
ពេលដែលគេមិនទាន់បានតាមស្រលាញ់អ្នកបានសម្រេច នៅក្នុងចិត្តគេជួនសប្បាយចិត្តជួនពិបាកចិត្ត។ អ្វីដែលសប្បាយចិត្តនោះគឺ អ្នកប្រហែលជាយល់ព្រមញុំាបាយជាមួយគេ ជួនខ្លះអ្នកឆាតទៅរកគេមុន ។ អ្វីដែលពិបាកចិត្តគឺ គេចង់សារភាពប្រាប់អ្នកដោយភាពក្លាហាន តែខ្លាចអ្នកមិនព្រម ខ្លាចអ្នកចាកចេញពីគេ ខ្លាចសូម្បីតែមិត្តភក្តិក៏ធ្វើលែងបាន។
៧. ស្រលាញ់ ៧០ %
គេចាប់ផ្តើមទៅរកវិធីសាស្រ្តដើម្បីសារភាពទៅកាន់អ្នក ហើយទៅឈ្វេងយល់ពីរបស់ដែលអ្នកចូលចិត្ត។ ឆ្លងកាត់ការទាក់ទងគ្នារយៈពេលយូរ គេនឹងដឹងអ្នកចូលចិត្តអ្វី អ្នកស្អប់អ្វី គេចាប់ផ្តើមយកចិត្តទុកដាក់នឹងអ្នក ល្អចំពោះអ្នក។
៨. ស្រលាញ់៨០%
គេចាប់ផ្តើមត្រៀមសារភាពចំពោះអ្នក ដោយប្រាប់ខ្លួនគេថា ៖ ណ្ហើយចុះ! មិនបាច់ស្ទាក់ស្ទើរទៀតទេ មិនជោគជ័យក៏តាមដំណើរចុះ ។
៩. ស្រលាញ់ ៩០ %
អ្នកទាំងពីរស្រលាញ់គ្នាហើយ ហើយល្អូកល្អើនទៀតផង។ គេនឹងប្រឹងប្រែងទៅស្វែងរករបស់ដែលអ្នកចង់បាន គេនឹងខិតខំធ្វើល្អដាក់អ្នក គេសុខចិត្តចំណាយលុយដើម្បីអ្នក ចំណាយកម្លាំងដើម្បីអ្នក គេសុខចិត្តចំណាយពេលវេលាសម្រាប់អ្នក។
១០. ស្រលាញ់ ១០០ %
គេប្រែទៅជាមនុស្សដែលនឹងធឹងចាស់ទុំ គេចង់មើលថែទាំងអ្នក ជួយដល់អ្នក គេចង់ក្លាយទៅជាទីពុំនាក់របស់អ្នក គម្រោងអនាគតរបស់គេមានអ្នកនៅក្នុងនោះ គេចង់ផ្តល់អនាគតរឹតតែល្អជាងនេះដល់អ្នក គេនឹងយកជីវិតដែលនៅសេសសល់មកកំដរនៅក្បែរខ្លួនអ្នក ផ្តល់សុភមង្គលដ៏កក់ក្តៅមួយដល់អ្នក៕
តើអ្នកសង្កេតឃើញថា ដៃគូ ឬគូស្នេហ៍របស់អ្នក ឈានដល់ចំណុច ឬដំណាក់កាលណាមួយហើយ?
រៀបរៀងដោយ ៖ aiya / ប្រភព ៖ Petsjiayuan.com