នេះគឺជាសញ្ញាធំៗទាំង ៤ ដែលបង្ហាញច្បាស់ៗថា មនុស្សប្រុសទាំងនេះនឹងកាន់តែធ្លាក់ខ្លួនក្រទៅៗ គ្មានថ្ងៃបានឡើងខ្ពង់ខ្ពស់ ជីវិតរស់ស្រួលដូចគេនោះឡើយ។ ដូច្នេះហើយ ស្រីៗត្រូវមើលឱ្យច្បាស់ កុំយកឱ្យសោះមនុស្សប្រុសដែលមានលក្ខណៈទាំងនេះ។
១. ចូលចិត្តដេកស្រមៃ តែមិនធ្វើសកម្មភាព ៖ បុរសជាច្រើនស្រមៃចង់ក្លាយជាអ្នកមានដោយមិនមានការប្រឹងប្រែង ហើយជឿថាថ្ងៃណាមួយពួកគេនឹងឈ្នះឆ្នោត ឬទេវតាទម្លាក់ទ្រព្យសំណាងមកឱ្យដោយមិនធ្វើការអ្វីសោះ។ ទោះយ៉ាងណាក៏ដោយ នេះគេហៅថា ដេកយល់សប្តិទាំងថ្ងៃ។ បើគ្មានការបង្វែរគំនិតទាំងនោះទៅជាសកម្មភាពជាក់ស្តែងទេ វាគ្រាន់តែជាការស្រមើស្រមៃអត់ប្រយោជន៍តែប៉ុណ្ណោះ។ ឧទាហរណ៍ធម្មតា គឺមហាសេដ្ឋី Jack Ma កាលពីមុនគាត់គ្រាន់តែជាគ្រូបង្រៀនភាសាអង់គ្លេសធម្មតាម្នាក់ប៉ុណ្ណោះ។ ជំនួសឱ្យការពេញចិត្តនឹងបច្ចុប្បន្ន គាត់បានជ្រើសរើសផ្លូវនៃភាពជាសហគ្រិន។ ទោះបីជាមានការបរាជ័យជាច្រើនក៏ដោយ គាត់បានតស៊ូ និងធ្វើសកម្មភាព ទីបំផុតបានកសាងអាណាចក្រ Alibaba ដ៏អស្ចារ្យល្បីរន្ទឺទូទាំងពិភពលោក។
២. គ្មានទម្លាប់សន្សំ ៖ បុរសខ្លះមិនមានផែនការហិរញ្ញវត្ថុច្បាស់លាស់ទេ ជារឿយៗតែងតែចំណាយប្រាក់ទាំងអស់ដែលពួកគេរកបានដោយមិនគិតពីការទុកដាក់សន្សំសំចៃនោះឡើយ។ ពួកគេអាចរស់នៅយ៉ាងសុខស្រួលក្នុងរយៈពេលខ្លី ប៉ុន្តែពួកគេកំពុងខ្ជះខ្ជាយអនាគតរបស់ពួកគេ។ ទម្លាប់បែបនេះ មិនថាអ្នករកបានច្រើនប៉ុនណាទេ ក៏អ្នកនៅតែត្រូវរស់នៅវេទនាទៅថ្ងៃមុខ ព្រោះគ្មានទ្រព្យជាប់នឹងខ្លួន។
៣. គ្មានគោលដៅច្បាស់លាស់ ៖ ការរស់នៅដោយគ្មានគោលដៅច្បាស់លាស់ គឺដូចជាទូកដែលមិនដឹងថាត្រូវទៅទីណា។ បុរសម្នាក់ដែលមិនដឹងថាគាត់ចង់បានអ្វី ឬផ្លូវមួយណាដែលត្រូវសម្រាប់គាត់ ទំនងជាធ្លាក់ចូលក្នុងភាពជាប់គាំង និងអវិជ្ជមាន។ ដូចពាក្យដែលគេនិយាយថា «បើមនុស្សមិនដឹងថាចង់ទៅណា ខ្យល់នឹងមិនអំណោយផលឡើយ»។ មានយុវជនម្នាក់ បន្ទាប់ពីបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ គាត់តែងតែមានអារម្មណ៍ច្របូកច្របល់ មិនដឹងថាត្រូវធ្វើអ្វី ជីវិតរបស់គាត់កាន់តែមិនស្ថិតស្ថេរ និងពោរពេញដោយការខកចិត្ត។ ថ្ងៃមួយ គាត់បានរកឃើញចំណង់ចំណូលចិត្តរបស់គាត់ក្នុងការសរសេរកម្មវិធី គាត់បានចាប់ផ្តើមសិក្សាដោយខ្លួនឯង ហើយស្វែងរកការងារនៅក្នុងផ្នែកនេះ។ ទីបំផុតគាត់បានរកឃើញការងារសមរម្យមួយ ហើយឈានទៅមុខយ៉ាងឆាប់រហ័សក្នុងឧស្សាហកម្មនេះ ហើយរស់នៅក្នុងជីវិតដ៏រីករាយ និងល្អប្រសើរ។
៤. គ្មានមហិច្ឆតា គិតថាពេលនេះស្រួលហើយ ៖ បុរសខ្លះមានអារម្មណ៍ពេញចិត្តនឹងជីវិតបច្ចុប្បន្នរបស់ខ្លួន ហើយមិនចង់ប្រជែងនឹងខ្លួនឯង ឬស្វែងរកឱកាសថ្មីៗនោះឡើយ។ ការពេញចិត្តនេះអាចនាំឱ្យជីវិតបាត់បង់ភាពរស់រវើក និងឱកាសបន្តិចម្ដងៗ។
សរុបមក ប្រសិនបើអ្នកឃើញថាជីវិតកាន់តែលំបាក សូមពិនិត្យមើលខ្លួនឯងថាតើអ្នកមានទម្លាប់អាក្រក់ទាំងនេះឬអត់? ការផ្លាស់ប្តូររបៀបរស់នៅរបស់អ្នកឱ្យបានឆាប់ និងខិតខំប្រឹងប្រែងជាប្រចាំ នឹងជួយអ្នកឱ្យចៀសផុតពីដំណើរចុះក្រោម និងស្វែងរកពន្លឺក្នុងជីវិត៕