ភាគច្រើនព្រោះតែទំនាក់ទំនង ចេះតែខ្លាចចិត្តគេ យើងក៏តែងតែមិនហ៊ាននិយាយពាក្យថា "ទេ" ឬមិនហ៊ានបដិសេធនឹងគេ ព្រោះខ្លាចគេខឹង ខ្លាចគេអន់ចិត្ត ក៏តែងតែយល់ព្រម យល់ស្របតាមសំណើរបស់អ្នកក្បែរខ្លួន ហើយតាំងមកកើតទុក្ខ ស្មុគចិត្ត មិនសប្បាយចិត្ត ធ្វើឱ្យខ្លួនឯងមានអារម្មណ៍មិនល្អ។ ចុះអ្នកធ្លាប់គិតទេថា ពេលខ្លះ ភាពក្លាហានក្នុងការបដិសេធ អាចនាំមកនូវលទ្ធផលល្អជាងអ្វីដែលអ្នកគិត។
១. ការបដិសេធផ្តល់ឱ្យយើងនូវសេរីភាពកាន់តែច្រើន ៖ ជាច្រើនដងដែលយើងឆ្លើយថា "អូខេ" ប៉ុន្តែយើងមិនចង់ធ្វើវា ហើយមានអារម្មណ៍មិនល្អ វាប្រៀបដូចជាការបន្ថែមបន្ទុកដាក់ខ្លួនឯង។ ឬសូម្បីតែនៅក្នុងការងារ យើងតែងតែនិយាយថា អូខេចំពោះកិច្ចការ ដែលជួនកាលធ្វើឱ្យការងាររបស់យើងពិបាកជាងការចាំបាច់ ទោះបីជាអាចមានដំណោះស្រាយប្រសើរជាងនេះ ឬរឿងនោះប្រហែលជាមិនមែនជាការទទួលខុសត្រូវរបស់យើងក៏ដោយ។ ដូច្នេះហើយ ការបដិសេធនឹងអនុញ្ញាតឱ្យយើងមានសេរីភាពក្នុងការសម្រេចចិត្ត ឬមានពេលច្រើនដើម្បីធ្វើកិច្ចការផ្សេងទៀតដោយមិនចាំបាច់បង្ខំខ្លួនយើងឱ្យធ្វើតាមការសន្យាដែលយើងបានធ្វើដោយអចេតនា។
វាជាការពិតដែលថាការនិយាយថា "ទេ" មិនមែនជារឿងងាយស្រួលសម្រាប់មនុស្សគ្រប់គ្នានោះទេ ប៉ុន្តែការផ្លាស់ប្តូរគឺតែងតែអាចធ្វើទៅបាន។ យើងប្រហែលជាមិនចាំបាច់ប្រើពាក្យ "ទេ" ដើម្បីនិយាយតែប៉ុណ្ណោះទេ។ ការគិតមុននឹងធ្វើការសម្រេចចិត្ត ឬប្រើពាក្យមិនអន្ទះសារពេក អាចនាំឱ្យមានការបដិសេធយ៉ាងល្អ។ វាក៏ធ្វើឱ្យយើងមានភាពស្មោះត្រង់ចំពោះការសម្រេចចិត្តរបស់យើងផងដែរ។
២. បដិសេធតាមរបៀបណាដែលគិតគូរពីភាគីទាំងពីរ ៖ ជាដំបូងយើងត្រូវដឹងពីរបៀបគិតអំពីអារម្មណ៍របស់យើងឱ្យបានគ្រប់គ្រាន់ ដែលការបដិសេធនេះនឹងល្អសម្រាប់យើង ហើយវាជាការសមរម្យក្នុងការបដិសេធ។ ការប្រើពាក្យថា "ទេ" ប្រហែលជាមិនប៉ះពាល់ដល់បរិយាកាសទាល់តែសោះ។ ដូច្នេះគួរមានភាសាកាយវិការដើម្បីបង្ហាញពីចេតនាតាមរយៈការគួរសម ដើម្បីឱ្យភាគីទាំងសងខាងយល់ពីគ្នាទៅវិញទៅមក ឬសម្រាប់អ្នកដែលមិនចេះបដិសេធ គួរតែមកដឹងអំពីតិចនិកបដិសេធទាំង ៥ នេះ ដើម្បីជួយដល់អ្នកឱ្យចេះបដិសេធគេឱ្យបានសមគួរ ៖
#៥វិធីដើម្បីបដិសេធដោយឆ្លាតវ័យនិងមានសុជីវធម៌ ៖
១. អនុវត្តការនិយាយថា "ទេ" រហូតដល់វាក្លាយជាទម្លាប់ ៖ អ្នកអាចរៀបចំឃ្លាសម្រាប់ការបដិសេធមិនប្រើក្នុងស្ថានភាពផ្សេងៗ ហើយហ៊ាននិយាយនៅពេលប្រឈមមុខនឹងស្ថានភាពដែលអ្នកត្រូវតែនិយាយថា "ទេ"។ ការអនុវត្តនេះនឹងជួយឱ្យអ្នកហ៊ាននិយាយដោយផ្ទាល់។
២. ស្នើវិធីសាស្រ្តថ្មីដើម្បីចៀសវាងការបដិសេធដោយផ្ទាល់ ៖ មធ្យោបាយទូទៅមួយទៀតក្នុងការបដិសេធ គឺផ្តល់មធ្យោបាយថ្មី ឬប្រសើរជាងនេះ ដើម្បីទទួលបាននូវអ្វីដែលអ្នកដទៃចង់បាន ហើយវាជាការប្រសើរជាងកុំផ្តល់ជំនួយ។ ឧទាហរណ៍ ៖ ប្រសិនបើនរណាម្នាក់សុំឱ្យអ្នកធ្វើអ្វីមួយសម្រាប់ពួកគេ អ្នកប្រហែលជានិយាយថាអ្នកមានការងារជាច្រើនដែលត្រូវធ្វើនៅពេលនេះ ដូច្នេះវាអាចចំណាយពេលយូរ ឬអ្នកក៏ប្រហែលជាមិនអាចធ្វើវាបានដែរ។ ថាអ្នកមិនមានពេលច្រើន ហើយការងារនឹងមិនត្រូវបានបញ្ចប់ទាន់ពេល-ល-។
៣. "ខ្ញុំសុំគិតសិន" មុនពេលឆ្លើយតបប្រសិនបើអ្នកមិនអាចសម្រេចចិត្តជួយភ្លាមៗ ៖ ពេលខ្លះយើងមានទំនោរនិយាយថា "ព្រម ឬ ទេ" ភ្លាមៗ ដោយមិនបានគិតច្រើនឡើយ។ ការស្នើសុំឱ្យគិតអំពីវាជាមុន គឺជាវិធីមួយផ្សេងទៀតដើម្បីផ្តល់ពេលវេលាដល់យើងក្នុងការសម្រេចចិត្ត ហើយអាចជាវិធីមិនផ្ទាល់ដ៏ល្អមួយក្នុងការបដិសេធ។ លើសពីនេះទៀត អ្នកស្នើសុំមានពេលវេលាដើម្បីស្វែងរកជម្រើសផ្សេងទៀត។
៤. អរគុណ និងសុំទោស ៖ ការបង្ហាញការដឹងគុណ និងការសុំទោសនឹងបង្ហាញថាអ្នកយកចិត្តទុកដាក់ចំពោះសំណើនេះ ប៉ុន្តែក៏មានអារម្មណ៍សោកស្តាយផងដែរដែលអ្នកមិនអាចធ្វើវាបាន។ ឧទាហរណ៍៖ អរគុណច្រើនដែលបានអញ្ជើញខ្ញុំ ប៉ុន្តែខ្ញុំរវល់នៅថ្ងៃនោះ ហើយប្រហែលជាមិនអាចជួយបាន អ៊ីចឹង ឱ្យខ្ញុំសុំទោសផងណា។
៥. កុំស្ទាក់ស្ទើរក្នុងការនិយាយថា "ទេ" ម្តងហើយម្តងទៀតបើអ្នកមិនចង់ ៖ មនុស្សខ្លះប្រហែលជាចិត្តទន់។ នៅពេលត្រូវគេសួរម្តងហើយម្តងទៀត ពួកគេច្រើនតែមិនហ៊ានបដិសេធ និងទទួលយកការផ្តល់ជូនដោយមិនស្ម័គ្រចិត្ត។ នេះធ្វើឱ្យពួកគេមានសម្ពាធ និងមិនស្រួលក្នុងការធ្វើការងារនោះ ព្រោះវាមិនបានមកពីចេតនារបស់ពួកគេ។ ដូច្នេះកុំស្ទាក់ស្ទើរក្នុងការបដិសេធម្តងហើយម្តងទៀត ប្រសិនបើយើងមិនចង់ យើងមិនអាចធ្វើវាបានពិតមែន ដូច្នេះកុំធ្វើបាប ឬបង្ខំខ្លួនឯងអី។
កុំខ្លាចក្នុងការនិយាយថា "ទេ" ប្រសិនបើវាធ្វើឱ្យអ្នកព្រួយបារម្ភអំពីការនិយាយថា "យល់ព្រម"។ សូមចងចាំថា ការនិយាយថា "ទេ" គឺជារឿងធម្មតា និងអាចទទួលយកបាន។ ជាការពិតណាស់ ការដែលយើងនិយាយថា "ទេ" ព្រោះយើងមិនអាចធ្វើបាន ឬយើងមិនចង់ធ្វើ មិនមានអ្វីដែលខុសនោះឡើយ។ ដូច្នេះហលយ មុននឹងទទួលយក ឬបដិសេធអ្វីមួយ ត្រូវគិតឱ្យបានមត់ចត់អំពីគុណសម្បត្តិ និងគុណវិបត្តិ ឬផលវិបាកដែលនឹងកើតឡើង។ ការជួយអ្នកដទៃគឺជារឿងល្អ ប៉ុន្តែប្រសិនបើការជួយគេនឹងធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ ការនិយាយថា "ទេ" គឺជាផ្លូវដែលល្អបំផុត៕