ក្នុងការរស់នៅសព្វថ្ងៃ មនុស្សយើងភាគច្រើន តែងតែសប្បាយភ្លេចខ្លួន ទាល់តែជួបទុក្ខលំបាកទើបនឹកស្តាយក្រោយ តែវាក៏ហួសពេលទៅហើយ។ ដូច្នេះទើបចាស់បុរាណបានប្រៀនប្រដៅថា ធ្វើជាមនុស្សត្រូវតែចេះដឹងគុណ និងសន្សំរបស់៣យ៉ាងនេះនៅក្នុងជីវិត ទើបទៅថ្ងៃមុខមិនជួបទុក្ខវេទនា៖
១.សុខភាព៖ សុខភាពគឺជារបស់ដែលសំខាន់បំផុតក្នុងជីវិតនេះ ព្រោះបើសុខភាពបាត់ទៅហើយ ទោះអ្នកខំប្រឹងយកលុយច្រើនប៉ុណ្ណាទៅទិញ ក៏មិនអាចយកមកវិញបានដែរ។ មិនថាអ្នកមានលុយច្រើនកម្រិតណា មិនយសសក្តិធំប៉ុណ្ណា បើគ្មានសុខភាពគឺស្មើនឹងគ្មានអ្វីទាំងអស់ ព្រោះអ្នកគ្មានឱកាសសោយសុខនូវទ្រព្យសម្បត្តិអស់ទាំងនោះឡើយ។ ដូច្នេះបើអ្នករស់នៅបានសុខហើយ អ្នកត្រូវចេះមើលថែខ្លួនឯងឲ្យបានល្អ បើគ្មានអ្វីធ្វើទេ អ្នកគួរចូលគេងឲ្យបានឆាប់ រៀនកាត់បន្ថយសម្ពាធលើខ្លួនឯង ជាពិសេសហាត់ប្រាណជាប្រចាំដើម្បីជួយអោយកម្លាំងមាំមួនសុខភាពល្អ។
២.លុយ៖ ក្នុងជីវិតនេះអ្នកត្រូវត្រៀមខ្លួនជាមុន ទោះពេលមានរឿងល្អក៏គួរគិតពីគ្រាលំបាកដែលអ្នកត្រូវប្រឈមនៅថ្ងៃមុខ។ យើងបន្តជីវិតដែលមានគុណភាពខ្ពស់ ប៉ុន្តែនោះមិនមានន័យថាចំណាយលុយទាំងអស់នោះទេ។ ពេលមានលុយ ត្រូវចេះសន្សំ កុំខ្ជះខ្ជាយ រៀនចាយដោយឆ្លាតវៃ កុំចាយតាមអារម្មណ៍ ត្រូវដឹងថាពេលអ្នកពិបាកត្រូវការលុយមកដោះស្រាយបញ្ហា ដូច្នេះបើមិនចេះទុកដាក់សម្រាប់ថ្ងៃមុខទេ អ្នកអាចនឹងជួបហានិភ័យដែលនឹកស្មានមិនដល់។
៣.ស្នេហា៖ ប្រសិនបើមាននរណាម្នាក់ស្រលាញ់អ្នកខ្លាំង តែអ្នកមិនចេះតបស្នងការស្រលាញ់ទៅគេវិញ ពេលបាត់អ្នកនឹងស្តាយក្រោយ។ ក្នុងជីវិតនេះមិនមែនចេះតែមានមនុស្សល្អៗមកស្រលាញ់ ចង់មើលថែអ្នកនោះទេ ដូច្នេះបើមានហើយវាប្រៀបដូចជាសំណាងរបស់អ្នកអញ្ចឹង ហេតុនេះគួរតែចេះថែរក្សា កុំយកការស្រលាញ់គេមកលេងសើច៕