បើមនុស្សមានចរិត៣យ៉ាងនេះ បើជាមនុស្សស្រី ធ្វើឱ្យមនុស្សប្រុសមិនចូលចិត្ត បើជាមនុស្សប្រុស ធ្វើឱ្យមនុស្សស្រីរត់ចោល ហើយបើជាមិត្តរួមការងារ ធ្វើឱ្យមនុស្សដទៃខ្លាចរអារមិនហ៊ាននៅជិតឡើយ។ បើអ្នកសង្កេតឃើញថាខ្លួនមានចំណុចមិនល្អ១ក្នុងចំណោម៣នេះហើយ សូមបោះបង់ចរិតនេះជាបន្ទាន់ បើមិនចង់អោយអ្នកដទៃគេស្អប់ និងរស់នៅក្នុងជីវិតដែលឯកោគ្មានសុភមង្គល៖
១.មនុស្សដែលតែងតែគិតថាខ្លួនត្រឹមត្រូវ៖ បុគ្គលដែលមិនព្រមស្តាប់ហេតុផល តែងគិតថាខ្លួនត្រូវ ហើយតែងតែបន្ទោសអ្នកដទៃ នឹងធ្វើឲ្យអ្នកដទៃមិនហ៊ាននៅជិតនោះទេ ព្រោះមនុស្សបែបនេះក្រអឺតក្រទមខ្លាំង ចូលចិត្តមើលងាយអ្នកដទៃ និងមិនចេះអោយតម្លៃទៅលើទំនាក់ទំនងឡើយ ជាពិសេសតែងតែទាមទារចង់ខ្សែលើអ្នកដទៃ បើមិនបានដូចចិត្តនឹងបង្កបញ្ហាភ្លាម! សួរថាបើចរិតអាក្រក់បែបនឹង មានអ្នកណាគេមករាប់អានជាមួយបាន?
២.ចូលចិត្តចងគំនុំ៖ បេះដូងអ្នកកាន់តែអត់ធ្មត់ នោះសុភមង្គលនឹងមានកាន់តែច្រើន។ មនុស្សដែលតែងតែចងគំនុំជាមួយអ្នកដទៃនឹងគ្មានថ្ងៃរស់បានសុខទេ ព្រោះមនុស្សបែបនេះនឹងមានតែគំនិតអវិជ្ជមាន។ ក្នុងជីវិត គ្មាននរណាម្នាក់តែងតែជាមិត្តឡើយ គ្មាននរណាម្នាក់តែងតែយល់ស្របជាមួយយើងរហូតនោះទេ ប៉ុន្តែរឿងខ្លះបើអាចបញ្ចប់បានក៏បំភ្លេចវាចោលទៅ កុំរស់អោបភ្លើង បើអ្នករវល់តែមានចិត្តខឹងស្អប់អ្នកដទៃ អ្នកនឹងគ្មានសុភមង្គលសម្រាប់ជីវិតខ្លួនឯងនោះទេ។
៣.បុគ្គលដែលមានចិត្តក្រអឺតក្រទម ចូលចិត្តកេងយកប្រយោជន៍ ៖ ក្នុងទំនាក់ទំនងត្រូវតែមានការផ្តល់ឱ្យនិងទទួលយកដើម្បីបំពេញចិត្តគ្នាទៅវិញទៅមក។ តែមនុស្សខ្លះមានតែទៅតែគ្មានមក ចូលចិត្តណាស់មើលឃើញតែប្រយោជន៍ តែមិនដែលចេះតបស្នងទៅអ្នកណាវិញទេ។ មនុស្សបែបនេះមិនយូរមិនឆាប់គង់តែអស់លក្ខ៍ ភាគច្រើនគេចាញ់បោកតែដំបូងទេ តែពេលគេដឹងចរិតអស់ទៅ គ្មានអ្នកណាមកចង់ស្និទ្ធស្នាលជាមួយឡើយ។ ដូច្នេះធ្វើជាមនុស្សកុំសម្លឹងឃើញតែប្រយោជន៍ពេក រាប់អានគ្នាគួរតែយកចិត្តស្មោះទៅរាប់ ទើបអាចរក្សាមិត្តភាពបានគង់វង្សយូរអង្វែង៕