ក្នុងជីវិតនេះមានរឿងជាច្រើនដែលយើងត្រូវធ្វើ ដូចជាត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជួយអោយការរស់នៅបានប្រសើរឡើយ និងអាចចៀសផុតពីការលំបាក។ តែទន្ទឹមនឹងនេះ វាក៏មានរឿងសំខាន់ចំនួន៣ដែលអ្នកមិនត្រូវធ្វើនោះដែរ ព្រោះវាអាចប៉ះពាល់នឹងជីវិតរស់នៅរបស់អ្នកបាន ហើយវានឹងធ្វើឱ្យអ្នកបាត់បង់នូវសេចក្តីថ្លៃថ្នូរជាក់ជាមិនខាន៖
១.កុំក្លាយជាមនុស្សអាក្រក់ដែលចាក់អ្នកដទៃពីក្រោយខ្នង៖ មិនថាស្ថិតក្នុងស្ថានភាពបែបណានោះទេ អ្នកត្រូវរស់នៅដោយទៀងត្រង់ កុំធ្វើរឿងមិនល្អដែលធ្វើឲ្យអ្នកដទៃជួបការលំបាក។ ការដែលអ្នកប្រព្រឹត្តបែបនេះ គឺមិនត្រូវបានគេគោរពពីអ្នកដទៃឡើយ ផ្ទុយទៅវិញ ពួកគេនឹងគេចចេញពីអ្នក។ ដូច្នេះ ចូររស់នៅដោយសីលធម៌ និងដោយចិត្តស្មោះត្រង់ នោះអ្នកនឹងមានមនុស្សថ្លៃថ្នូរជាច្រើនមកជួយអ្នក។ មិនថាក្នុងកាលៈទេសៈណាក៏ដោយ អ្នកមិនគួរក្លាយជាមនុស្សអាក្រក់ ហើយធ្វើរឿងដែលក្បត់មិត្តរបស់អ្នកឡើយ ព្រោះវាជាអំពើដែលមនុស្សគ្រប់គ្នាស្អប់ខ្ពើមបំផុត។
២.កុំច្រណែននរណាម្នាក់៖ កាលនៅមានជីវិត ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព កុំធ្វើអ្វីដែលហួសពីសមត្ថភាព ជាពិសេសការប្រកួតប្រជែងដណ្តើមអំណាចដោយងងឹតងងុលដោយសារតែបំណងប្រាថ្នា និងមោទនភាពផ្ទាល់ខ្លួនរបស់អ្នក នោះវានឹងនាំទៅរកលទ្ធផលអាក្រក់ជាខ្លាំង។ ធ្វើជាមនុស្សមិនបាច់ចាំអោយអ្នកដទៃកោតខ្លាចនោះទេ ផ្ទុយទៅវិញចូររៀនធ្វើជាមនុស្សដែលអ្នកដទៃស្រលាញ់ចូលចិត្ត ទើបហៅថាជាមនុស្សល្អពិត មិនមែនសម្តែង។
៣.កុំអួត៖ មិនថាស្ថិតក្នុងដំណាក់កាលណាក៏ដោយ អ្នកត្រូវតែរស់នៅដោយចេះបន្ទាបខ្លួន ធ្វើអ្វីៗគ្រប់យ៉ាងដោយថ្លៃថ្នូរ មិនត្រូវអួតអាងហួសមាឌនោះទេ ព្រោះអាកប្បកិរិយាបែបនេះនឹងធ្វើឱ្យអ្នករាល់គ្នាខ្ពើមជាខ្លាំង។ អ្នកអាចសង្កេតមើលបានថា មនុស្សអួតច្រើនតែស្លាប់ដោយសារអំនួត ហើយគ្មានអ្នកណាចង់អង្គុយស្តាប់ការអួតដដែលៗរបស់អ្នកនោះទេ ជាពិសេសវាមិនធ្វើអោយអ្នកមើលទៅឡូយនោះទេ ព្រោះអ្នកមានពិតប្រាកដគេកម្រអួតណាស់ ច្រើនតែចេះដាក់ខ្លួននៅចំពោះមុខអ្នកដទៃ៕