ថ្ងៃទី ២០ ឧសភា ដែលគេសរសេរកាត់ថា ៥២០ ដែលជនជាតិចិនកំពុងតែពេញនិយាយនៅក្នុងពេលនេះ គឺជាថ្ងៃដែលចិនបានកំណត់យកជាថ្ងៃនៃក្ដីស្រឡាញ់ ឬអាចនិយាយបានថា Valentine's Day យុគសម័យថ្មី ហើយលេខ ៥២០ នេះជាលេខកាត់តំណាងឱ្យពាក្យថា "ខ្ញុំស្រឡាញ់អ្នក , I LOVE You , 我爱你"
ថ្ងៃទី ២០ ឧសភា វេលាម៉ោង ១៣ : ១៤ មួយឆ្នាំបានជួបគ្នាតែម្ដង ទោះនឹកយ៉ាងណា ក៏បានត្រឹមតែចាំឆ្នាំក្រោយ ហើយពេលវេលានេះដែរ គឺជាពេលវេលាដ៏ល្អបំផុតដើម្បីបង្ហាញពីក្តីស្រលាញ់របស់អ្នក ទៅកាន់មនុស្សដែលអ្នកស្រឡាញ់ ហើយថ្ងៃនេះក៏ជាថ្ងៃដែលគូស្នេហ៍ជាច្រើនជ្រើសរើសរៀបការផងដែរ។
គួរបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី ២០ ខែឧសភា និងថ្ងៃទី ២១ ឧសភា គឺជាទិវានៃក្តីស្រឡាញ់តាមអ៊ីនធឺណិត។ ពិធីបុណ្យនេះមានប្រភពចេញពី "Digital Love" របស់តារាចម្រៀង Fan Xiaoxuan ដែល "៥២០" ត្រូវបានគេប្រៀបធៀបទៅនឹងពាក្យថា "ខ្ញុំស្រឡាញ់អ្នក" ក្រោយមក "៥២១" ត្រូវបានផ្តល់អត្ថន័យជាការឆ្លើយតបត្រឡប់មកវិញដែលមានន័យថា "ខ្ញុំព្រមស្រឡាញ់អ្នកវិញ ឬ ខ្ញុំក៏ស្រឡាញ់អ្នកដែរ"។
ជាទូទៅ ថ្ងៃទី ២០ ឧសភា គឺជាថ្ងៃដែលបុរសបង្ហាញសេចក្តីស្រឡាញ់ចំពោះស្ត្រី ហើយថ្ងៃទី ២១ ឧសភា គឺជាថ្ងៃដែលស្ត្រីឆ្លើយតបត្រឡប់មកកាន់បុរសវិញ។ ពិធីបុណ្យនេះមានប្រភពមកពីអ៊ីនធឺណិត ដើមឡើយមានប្រជាប្រិយភាពនៅក្នុងមហាវិទ្យាល័យ និងសាកលវិទ្យាល័យ ហើយឥឡូវនេះបានវិវត្តទៅជាទិវានៃក្តីស្រឡាញ់ដ៏ពេញនិយមនៅក្នុងប្រទេសចិន៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក