គេថា រាប់អានមិត្តកុំគិត ឬមើលឃើញតែប្រយោជន៍ តែមិត្តខ្លះ អត់ប្រយោជន៍ក៏មិនដឹងថារាប់អានដើម្បីអ្វីនោះដែរ។ ពាក្យថាអត់ប្រយោជន៍ មិនបានសម្ដៅដល់ថា ទាល់តែគេនាំប្រយោជន៍មកឱ្យយើងទើបរាប់អានគេនោះទេ តែមនុស្សខ្លះ មានតែទៅៗ អត់ដែលមានមកសោះ រាប់អានយើងយូរហើយ តែចាំតែខ្សែលើ កេងចំណេញលើយើងរហូត សួរថា មនុស្សបែបហ្នឹងស្គាល់ធ្វើអី? យ៉ាងណា ពួកម៉ាកប៉ុន្មានប្រភេទនេះ បើអាចគួរតែចៀសឱ្យឆ្ងាយទៅ កុំរាប់អាន ឬស្គាល់សោះ ៖
១. ដើរខ្សែលើ ៖ មនុស្សខ្លះ មិនថាស្គាល់គ្នាច្រើនឆ្នាំយ៉ាងណាទេ តែចរិតខ្សែលើគឺនៅតែខ្សែលើ កេងចំណេញ មនុស្សបែបនេះ ចរិតនេះ គឺមិនសូវចេះគិត និងខ្លាចចិត្តអ្នកដទៃឡើយ។
២. មើលឃើញតែប្រយោជន៍ ៖ មនុស្សរាប់អានយើងឃើញតែប្រយោជន៍ លុះពេលដែលយើងអស់ប្រយោជន៍គេប្រាកដជាទាត់ក្បាលយើងចោលមិនខានឡើយ ហើយមិនស្រួលមនុស្សបែបហ្នឹង យកគុណសងទោសថែមទៀតផង។
៣. ឃើញមុខតែពេលមានបញ្ហា ៖ អ្នកណាក៏គេមានបញ្ហាដែរ ជាមិត្តរាប់អានគ្នា ក៏គួរតែជួយគ្នាក្នុងគ្រាមានបញ្ហានេះហើយ ប៉ុន្តែមនុស្សខ្លះ ឃើញមុខមករកយើងតែពេលខ្លួនឯងមានបញ្ហាតែប៉ុណ្ណោះ នាំតែរឿង នាំតែបញ្ហាមកឱ្យយើងគិតឈឺក្បាល មិនស្រួលនាំគ្រោះឱ្យយើងថែមទៀតផង។
៤. ជួបមិត្តថ្មីក៏ទុកយើងចោល ៖ គេហៅថាចរិតមនុស្សអែបអប ពេលបានជួបមិត្តថ្មី រាប់អានមិត្តថ្មី ក៏ទុកយើងចោល ឬក៏អាចបោះបង់យើងចោលផងដែរ បោះបង់យើង ធ្វើជាមិនស្គាល់យើងក៏មានដែរ។
៥. និយាយស្ដីមើលងាយយើង ៖ អ្នកខ្លះគិតថា ធ្វើម៉េចបើមាត់ត្រង់ មនុស្សត្រង់ៗមិនចេះកុហក តែមនុស្សខ្លះគឺនិយាយស្ដីមិនចេះគិត ដ្បិតថាជាមិត្តអាចនិយាយលេងស្និទ្ធស្នាលបាន តែរឿងខ្លះមុននឹងនិយាយគឺ ត្រូវគិតទុកមុខមាត់ឱ្យគ្នាផងដែរ មិនមែនចេះតែមើលងាយ បំពាន ឬមិនឱ្យតម្លៃគ្នាបែបហ្នឹងឡើយ។
៦. មុខផ្សេងក្រោយផ្សឹង ៖ មនុស្សចរិតចាក់រុក ចរិតពស់ មនុស្សបែបហ្នឹងគឺមិនគួរឱ្យទុកចិត្តនោះឡើយ ចរិតនៅនឹងមុខផ្សេងក្រោយខ្នងផ្សឹងនេះ ពូកែតែចាក់រុក បំភ្លើសការពិត អែបអប យកមុខតែប៉ុណ្ណោះ និយាយដើមយើងក្រោយខ្នងមិនញញើតទេ។
៧. មិនចេះលើកទឹកចិត្ត ចេះតែជាន់ថែម ៖ ពេលមានបញ្ហាណាមួយកើតឡើង មិនដែលលើកទឹកចិត្តយើងឡើយ មានតែស្ដីបន្ទោសជាន់បន្ថែម យករួចខ្លួនតែប៉ុណ្ណោះ មនុស្សបែបនេះមិនអាចយកជាការបានទេ។
៨. គ្មានភាពជឿជាក់លើយើង ៖ មិនដែលជឿជាក់ និងទុកចិត្តយើងទេ ពេលមានរឿងអ្វី ឬអ្នកដទៃនិយាយអ្វីពីយើង តែងតែជឿសម្ដីអ្នកដទៃ ហើយមកស្ដីបន្ទោស ឬគុំខឹងនឹងយើងស្ងៀមស្ងាត់ មិនចេះសួរនាំឱ្យច្បាស់នោះឡើយ។
៩. ចាំតែចាប់កំហុស ៖ មើលបំណាំ ចាំតែចាប់កំហុស មិនចេះជួយកែប្រែយើងហើយ ចាំតែមើលយើងធ្វើប៉ុណ្ណោះ ហើយបើខុសគឺ ទម្លាក់លើយើងតែម្នាក់ឯង គ្មានចិត្ត អត់ចិត្តណាស់។
១០. យើងពឹងអ្វីក៏មិនដែលបាន ៖ ពឹងយើងបាន តែដល់ពេលយើងពឹងវិញមិនដែលបានសូម្បីតែម្ដង បើទោះជារឿងអាចជួយយើងបានក៏មិនជួយដែរ ហើយមនុស្សបែបហ្នឹង បើសិនពេលណាមួយដែលពឹងយើង ហើយយើងបដិសេធតែម្ដង ក៏គេចងគំនុំនឹងយើងដែរ តែពេលខ្លួនឯងវិញ មិនដែលនឹកឃើញទេ៕