បើមិនជឿកុំប្រមាថ ទំនៀមទម្លាប់វប្បធម៌ប្រពៃណីនៃពិធី សែងឆ្មា សុំទឹកភ្លៀង

មានការផ្ទុះកក្រើក និងវែកញែកជាខ្លាំងនៅពេលដែលវីដេអូនៃពិធី សែងឆ្មា សុំទឹកភ្លៀង ដែលជាទំនៀមទម្លាប់របស់ខ្មែរយើង ដែលមានតាំងពីយូរលង់ណាស់មកហើយ ក៏បានឃើញយុវវ័យមួយចំនួនជេរប្រមាថអ្នកធ្វើពិធីសែងឆ្មាកាត់តាមផ្លូវឱ្យគេជះទឹកដាក់ថា ឡប់ ល្ងង់ខ្លៅ ចង់បានលុយគេ ។ តាមពិតនេះជាទំនៀមទម្លាប់តាំងពីបុរាណមកម្ល៉េះ។

Cover Copy

យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុគមួយដែលមានឈ្មោះថា សុភ័ណ ង៉ែត បានរៀបរាប់ និងបកស្រាយដូចតទៅ «ឆ្មាជាសត្វដែលមនុស្សចិញ្ចឹម ទុកឱ្យចាប់កណ្ដុរ វាខ្លាចទឹកណាស់ ដូចសុភាសិតចាស់បុរាណបានពោលថា «ឆ្មារលាកទឹកក្ដៅ តែងតែខ្លាចទឹកត្រជាក់ » ដោយបែងចែកជាពីរ ៖

១. ឆ្មាសម្បុរ៣ ៖ ក្នុងពិធីឡើងគេហដ្ឋានថ្មី គេតែងតែរកមេឆ្មាសម្បុរ៣ សម្រាប់បី ត្រកង ហែក្បួនឡើងផ្ទះ បើមានខ្លួនឯងក៏ល្អ តែបើអត់ត្រូវខ្ចីឆ្មាគេសិន ។ ជំនឿបុរាណថា ឆ្មានេះជាសត្វត្រជាក់ត្រជុំ ចង់ឱ្យម្ចាស់រកស៊ីចម្រុងចម្រើន កាក់កប មានពូកដេក វាក៏បានដេកពូកនោះដែរ ។

២. ឆ្មាខ្មៅ ៖ នៅពេលមានមនុស្សស្លាប់ លើកដាក់មឈូស បើមានឆ្មាខ្មៅ លោតរំលងមឈូស បុរាណជឿថាវាឱ្យប្រផ្នូលមិនល្អ ជួនកាលខ្មោចនោះលងបន្លាចគេឯង ឬនាំទុក្ខសោករោគភ័យ មកឱ្យក្រុមគ្រួសារ ។

36362656_2189720824389882_3162045774758412288_n

ឆ្មាណាក៏ដូចឆ្មាណាដែរ វាខ្លាចទឹក មិនឱ្យប៉ះរោម និងមិនចង់ឱ្យភ្លៀង ទើបដូនតាខ្មែរ តែងយកឆ្មាដាក់ទ្រុង សែងតាមផ្លូវឱ្យអ្នកស្រុកជះទឹកដាក់ ធ្វើយ៉ាងណាឱ្យវាស្គាល់ទឹក ព្រោះមិនរងាដល់ងាប់នោះទេ។ ជាពិធីឧបកិច្ចសុំទឹកភ្លៀង ដោយយកនាងវីឡា ឬនាងម៉េវ មករៀបក្បួនហែ។ ទេវតាទឹកភ្លៀង អាណិតឆ្មាពេក ខ្លាចមនុស្សសែងវាជះទឹកដាក់រាល់ថ្ងៃនាំឱ្យរងាងាប់ ក៏ទម្លាក់ភ្លៀងមក ទើបមនុស្សឈប់ធ្វើបាបឆ្មា។ ដូច្នេះករណីអ្នកសែងឆ្មាត្រូវក្មេងៗជេរប្រមាថនេះ មកពីអ្នកដឹកនាំកម្មវិធីមិនចេះពន្យល់ ឯអ្នកសែងឆ្មាចង់បានលុយផងទើបវាអ៊ីចឹងទៅ។ ពិធីនេះក៏មិនខុសពី « ចាក់គូទរាហូ » នៅប្រាសាទអង្គរវត្តនោះដែរ ឃើញក្មេងៗរិះគន់ព្រោងព្រាត។

ខ្ញុំមិនជឿជំនឿសែងឆ្មានេះទេ ប៉ុន្តែគួរអភិរក្សទំនៀមបុរាណឱ្យនៅគង់វង្ស និងទទួលស្គាល់ថា យុវវ័យសម័យនេះ ឈានតាមវិទ្យាសាស្ត្រទំនើបកម្ម ជឿនលឿនប្រសើរហើយ ប៉ុន្តែចំណុចខ្សោយនៅត្រង់ខ្វះគុណធម៌ សីលធម៌ ទើសចិត្តអីបន្តិចអាងជេរប្រមាថមិនស្គាល់ចាស់ មិនស្គាល់ទុំ ចុះបើនិយាយឱ្យពីរោះៗទៅ មានដាច់អណ្ដាតឯណា?

ប្រភព ៖ Sophoan Nget