សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសភួងផ្កាម្លិះមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម។
ភួងផ្កាម្លិះទី ១៖ អ្នកជាមនុស្សរ៉ូមែនទិកណាស់ ពូកែយកចិត្តយកថ្លើម ពូកែទុកពូកែដាក់រៀបចំលុយកាក់និងផ្ទះសម្បែងណាស់ នរណាឲ្យតែបានអ្នកដឹងតែសំណាងធំហើយ។ យ៉ាងណាមិញត្បិតស្តាប់ទៅអ្នកហាក់ដូចជាមនុស្សគ្រប់ល័ក្ខមែន តែអ្នកមិនមែនជាមនុស្សស្លូតបូតឲ្យគេជាន់បានទេ អ្នកជាមនុស្សឆ្លាតវៃក្នុងការដោះស្រាយបញ្ហាយ៉ាងទន់ភ្លន់ មិនចូលចិត្តឈ្លោះប្រកែកដោយសម្តីអសុរសឡើយ និយាយសរុបឲ្យខ្លីមកអ្នកគឺជាមនុស្សម្នាក់ដែលមានចរិតថ្លៃថ្នូរ និងខ្ពង់ខ្ពស់ ជឿលើបុណ្យកុសល សាងបាបបានបាប សាងបុណ្យបានបុណ្យ។
ភួងផ្កាម្លិះទី ២៖ អ្នកជាមនុស្សម្នាក់ដែលមានចរិតក្លាហាន ហ៊ានស៊ីហ៊ានសង ជាមនុស្សមានទឹកមុខរីករាយបើទោះជាខ្លួនទូលទុក្ខប៉ុនធំក៏ដោយក៏នៅតែញញឹមចេញដែរ។ បើនិយាយពីរឿងការងារផ្ទះអ្នកមិនសូវជាពូកែប៉ុន្មានទេ តែបើរឿងរកស៊ីក្រៅផ្ទះមនុស្សដូចអ្នកចិត្តខ្លាំងធ្វើអ្វីមិនចង់ឲ្យចាញ់គេទេ ព្រោះអ្នកជាមនុស្សម្នាក់មានចិត្តទូលាយហ៊ានទទួលយកពាក្យរិះគន់ ដើម្បីមកធ្វើជាបទពិសោធន៍អភិវឌ្ឍខ្លួនឯងឲ្យឆ្ពោះទៅមុខរហូត។ រីឯរឿងបុណ្យបាបអ្នកជឿខ្លះអត់ខ្លះមិនដល់ថ្នាក់ងប់ងុលទេ ព្រោះអ្នកប្រកាន់ចិត្តថា កើតមកជាមនុស្សត្រូវតែប្រកាន់ខ្ជាប់សេចក្ដីល្អ ទើបជីវិតនេះមានភាពរុងរឿង មានញាតិមិត្តគេរាប់អាន។
ភួងផ្លាម្លិះទី ៣៖ អ្នកជាមនុស្សមានបុគ្គលិកលក្ខណៈស្ងប់ស្ងាត់ មានពិភពផ្ទាល់ខ្លួនខ្ពស់ មិនសូវជាចូលចិត្តទីកន្លែងដែលមានមនុស្សអ៊ូអរទេ។ ត្បិតអ្នកជាមនុស្សបែបនេះមែន តែកុំច្រឡំថាអ្នកជាមនុស្សខ្លាចគេឲ្យសោះ អ្នកជាមនុស្សឆ្លៀវឆ្លាត និងគិតបានរហ័សណាស់ ភាគច្រើនដែលអ្នកចូលចិត្តនៅម្នាក់ឯងព្រោះជាមនុស្សពូកែគិត ពូកែរៀបចំផែនការ ទើបមិនចម្លែកទេដែលមនុស្សគ្រប់គ្នាគិតថាអ្នកជាមនុស្សអាថ៌កំបាំង តែអ្នកមិនដែលខ្វល់ពីសម្តីអ្នកដទៃទេ សំខាន់ឲ្យតែក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់យល់ពីអ្នកទៅបានហើយ ។ រីឯរឿងបុណ្យបាបសម្រាប់អ្នកគឺ ៥០/៥០ ភាគច្រើនអ្នកធ្វើបុណ្យតាមចិត្តអាណិតអាសូរ មិនមែនធ្វើបុណ្យព្រោះតែចង់បានអ្វីមកវិញនោះទេ។
ភួងផ្កាម្លិះទី ៤៖ អ្នកជាមនុស្សដែលមានចរិតចូលចិត្តស្អាត ចូលចិត្តជីវិតបែបប្រណិត ភាពសុខស្រួល ចូលចិត្តភាពល្បីល្បាញក៏ជាមនុស្សឧស្សាហ៍ព្យាយាមផងដែរ ថែមទាំងចូលចិត្តស្វែងរកបទពិសោធន៍ល្អៗសម្រាប់ជីវិតខ្លួនឯង និយាយឲ្យខ្លីទៅអ្នកជាមនុស្សទាន់សម័យ មានការគិតរហ័សឈ្លៀសវៃ មិនមែនជាមនុស្សស៊ើកៗយឺតដូចអណ្តើកទេ នៅពេលចង់ធ្វើអ្វីមួយអ្នកនឹងមិនទុកយូរឡើយ។ បើនិយាយពីរឿងបុណ្យបាបវិញអ្នកជឿខ្លាំងណាស់ ព្រោះអ្នកគិតថាបុណ្យកុសលនេះហើយដែលជួយឲ្យអ្នកជួបតែសំណាងល្អ ដូច្នេះអ្នកមិនអាចសាងបាបព្រោះតែផលប្រយោជន៍មួយគ្រាៗឡើយ។
ភួងផ្កាម្លិះទី ៥៖ អ្នកជាមនុស្សដែលមានចរិតសាមញ្ញ និងរួសរាយបំផុត អ្នកមិនសូវជាចូលចិត្តភាពហ៊ឺហាឡូយឆាយហើយជំពាក់គេរុំកោះនោះទេ សំខាន់មានសល់ទ្រព្យជាដុំកំភួនជាប់ខ្លួន ជាជាងល្អតែសំបកក្រៅតែខាងប្រហោងខ្លុងគ្មានមួយរៀល។ លើសពីនេះអ្នកជាមនុស្សស្រឡាញ់ក្រុមគ្រួសារណាស់ ទោះទៅដល់ទីណាអ្នកនឹងមិនភ្លេចគ្រួសារឡើយ ហើយគ្រប់យ៉ាងដែលអ្នកប្រឹងរាល់ថ្ងៃក៏ដើម្បីតែគ្រួសារដែរ។ បើនិយាយពីរឿងបុណ្យបាបអ្នកក៏ជឿមួយកម្រិតដែរ ព្រោះអ្នកជឿថាបុណ្យកុសលនេះហើយដែលធ្វើឲ្យអ្នកមានសេចក្ដីសុខចម្រុងចម្រើន៕