បើនិយាយពីម្ហូបជនជាតិភាគតិច លោកអ្នកប្រាកដជានឹកឃើញទៅដល់ខេត្តស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីជាដើម ហើយម្ហូបល្បីៗនៃជនជាតិដើមភាគតិចគឺសុទ្ធតែប្លែកៗ ឯរសជាតិក៏មិនណយដែរ ។
នៅថ្ងៃនេះដែរ « ក្នុងស្រុក » សូមណែនាំម្ហូបរបស់ជនជាតិដើមភាគតិចមួយមុខដ៏ល្បីមួយទៀតមកជម្រាបជូនប្រិយមិត្ត ដោយម្ហូបនេះមានឈ្មោះថា « ក្រឡុសកាដៀម ឬ បុកប្រក្រីវ »។
« ក្រឡុសកាដៀម ឬ បុកប្រក្រីវ » គឺជាម្ហូបអាហារប្រចាំថ្ងៃរបស់បងប្អូនជនជាតិដើមភាគតិចនៅភាគឦសាន ដែលមានតាំងពីយូរលង់ណាស់មកហើយ ដោយម្ហូបនេះជាប្រភេទម្ហូបអាហារគោក សម្រាប់ទទួលទាន នៅផ្ទះ ទៅចំការ ទៅព្រៃ និងធ្វើដំណើរផ្លូវឆ្ងាយ ថែមទាំងងាយស្រួលធ្វើទទួលទានណាស់។
ដោយប្រក្រីវ គឺជារុក្ខជាតិមួយស្រដៀងនឹងដើមខ្ទឹម ទាំងស្លឹក និងមើម តែមានរសជាតិប្លែកម្យ៉ាងដែលអ្នកដែលមិនធ្លាប់បានសាក ប្រសិនជាមានឱកាសទៅលេងខេត្តភាគឦសានគួរតែសាកទទួលទានម្តង។
នៅក្នុងនោះសម្រាប់វិធីធ្វើ « ក្រឡុសកាដៀម ឬ បុកប្រក្រីវ » មានភាពងាយស្រួលមែនទែន ដោយដំបូងគ្រាន់តែយកដើមប្រគ្រីវមកបេះ និងលាងទឹកឱ្យស្អាត រួចដាក់ឱ្យស្ងួតទឹកសិន។ បន្ទាប់មកយកប្រគ្រីវទៅលីងជាមួយម្ទេសគ្រាប់ (ដាក់តាមចំណូលចិត្ត) សឹមយកមកបុកជាមួយប្រហុកឆៅ (អាចយកប្រហុកទៅអាំងសិនក៏បានសម្រាប់អ្នកមិនចេះញ៉ាំឆៅ) ហើយច្របាច់ក្រូចឆ្មារ ថែមគ្រឿងស្ករ និងប៊ីចេង (ប៊ីចេងចង់ដាក់ក៏បានអត់ក៏បាន) រួចភ្លក់រសជាតិឃើញថាល្មមតាមចំណូលចិត្ត ហើយទុកយកមកទទួលទានជាការស្រេច។ អ្នកអាចទទួលទានបុកប្រគ្រីវនេះ ទទេរជាមួយបាយក៏បាន អាំងសាច់គោ ឬត្រីអាំងផ្ទាប់ជាមួយបុកប្រគ្រីវរឹតតែឆ្ងាញ់ពិសារជាគ្រឿងក្លែម។
គួរឱ្យដឹងផងដែរថា មុខម្ហូប « ក្រឡុសកាដៀម ឬ បុកប្រក្រីវ » គឺជាម្ហូបផ្នែកមួយនៃអត្តសញ្ញាណជនជាតិដើមភាគតិច ភាគតិចគ្រឹង ដោយអ្នកអាចរកទទួលទាននៅខេត្តឦសានដែលចម្អិនស្រាប់ ឬអាចទិញបន្លែប្រគ្រីវមកសាកធ្វើទទួលទានដោយខ្លួនឯងក៏បានដែរ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ អត្តសញ្ញាណជនជាតិដើមភាគតិច