ជាការពិតណាស់ មានអ្នកខ្លះបានបែកចែកផ្លូវគ្នាហើយ តែបែរជាអាចនៅវិលត្រឡប់មករកគ្នាវិញដដែល ហើយអ្នកខ្លះទៀត ក៏ត្រឡប់មកបានរៀបការ រួមរស់ជាប្ដីប្រពន្ធថែមទៀតផង។ យ៉ាងណាៗ ការដែលវិលត្រឡប់មកបែបហ្នឹង គឺសុទ្ធតែអាចមានហេតុផលផ្សេងៗគ្នាទាំងអស់។
១. នៅតែស្រឡាញ់
ធម្មតាទេ មនុស្សដែលធ្លាប់ស្រឡាញ់គ្នាខ្លាំង ប្រាកដជាមិនអាចបែកគ្នាបានហើយ ព្រោះចិត្តដែលស្រឡាញ់គឺមិនអាចបំភ្លេចងាយៗឡើយ។ ដូច្នេះ មិនថាបែកគ្នាទៅយូរយ៉ាងណានោះទេ ក៏នៅតែចងចាំ និងចង់វិលមកជួបគ្នាវិញដដែល អំណាចនៃចិត្តដែលស្រឡាញ់ និងជម្រុញចិត្តមនុស្សពីរនាក់ឱ្យត្រឡប់មករកគ្នាវិញ។
២. ចង់កែប្រែកំហុស
អ្នកខ្លះ ពញរោះតែដឹងខ្លួន និងចង់កែប្រែកំហុសដែលបានធ្វើខុសលើមនុស្សដែលខ្លួនស្រឡាញ់ គឺពិតជាចង់ត្រឡប់មកសងឱ្យគេវិញ ចង់មើលថែ បំពេញតួនាទី ធ្វើជាមនុស្សល្អសម្រាប់មនុស្សដែលខ្លួនឯងស្រឡាញ់។ ការដឹងខុស ចង់កែប្រែ គឺជាចំណុចមួយដែលអាចជួយឱ្យស្នេហាដែលចាប់ផ្ដើមសាជាថ្មី នឹងមានន័យ ហើយគ្មានថ្ងៃបែកគ្នាម្ដងទៀតឡើយ។
៣. ចង់ទុកឱកាសឱ្យម្ខាងទៀត
អ្នកខ្លះនៅតែចិត្តទន់ ចេះតែចង់អត់ឱន អធ្យាស្រ័យ និងទុកឱ្យឱកាសឱ្យម្ខាងទៀតបានកែប្រែខ្លួនជាថ្មី ចង់ឱ្យអ្វីៗដែលធ្លាប់សាងកន្លងមកនៅតែជាការចងចាំដ៏ល្អ មិនចង់បែក ព្រោះមិនចង់មានអ្នកថ្មីទៀត អ៊ីចឹងហើយក៏សុខចិត្តត្រូវគ្នាវិញ។ តែការសម្រេចចិត្តទុកឱកាសបែបនេះ គឺច្រើនតែត្រូវគេបំផ្លាញទំនុកចិត្តម្ដងទៀត ព្រោះមនុស្សខ្លះ គេមិនបានមានចិត្តចង់កែប្រែទេ តែគេអាចនឹងថាយើងល្ងង់ ដែលចេះតែអាណិត និងទុកចិត្តគេ។
៤. នៅតែគ្មានអ្នកណាល្អ ដឹងចិត្តដូចអ្នកចាស់
អ្នកខ្លះបែកគ្នាច្រើនឆ្នាំហើយ ហើយក៏បានទៅមានអ្នកថ្មីរៀងៗខ្លួនដែរ តែយ៉ាងណា គេបែរជានៅតែវិលរកសង្សារចាស់ ព្រោះពេលខ្លះ អ្នកថ្មី នៅតែមិនដូចអ្នកចាស់ គេនៅតែជាមនុស្សដែលល្អ និងដឹងចិត្តយើងជាងគេ។ ដូច្នេះហើយ ការវិលរកអ្នកចាស់ ឬត្រូវគ្នាវិញ ជារឿងដែលល្អ ព្រោះកន្លងមកក៏បានដឹងហើយថា ទោះទៅរកអ្នកថ្មីមកពីណា ក៏នៅតែមិនត្រូវនឹងចិត្តយើងដដែល។
៥. នៅសល់កម្មចាស់លាងមិនទាន់អស់
ជាការពិតអ្នកខ្លះបែកគ្នាមិនដាច់ស្រេច ក៏អាចមកពីសលើកម្មនឹងគ្នាដែលលាងជម្រះមិនអស់នេះឯង ដូច្នេះហើយ ក៏នឹងវិលវល់ ត្រឡប់មកត្រូវគ្នា ឈ្លោះគ្នាជាថ្មីម្ដងទៀត ដើម្បីបានលាងកម្មដែលជាប់ជំពាក់ឱ្យអស់ ទើបអាចអស់អាល័យ និងបែកគ្នាបានសម្រេច៕