ជាទូទៅ មិនថាបុរស ឬនារីណាឡើយ ឱ្យតែចាប់ផ្តើមមានចិត្តលើនរណាម្នាក់ហើយ តែងអង្កេត ឈ្វេងយល់ចិត្តរបស់គេ ចង់ដឹងពីដំណឹង ឬរឿងរ៉ាវរបស់គេ ប្រសិនជាអាចបង្កើតចំណងមិត្តភាពជាមួយគេកាន់តែលឿនកាន់តែល្អ។
ចម្លែកតែបុរសមួយចំនួន ហេតុតែតាមស្រលាញ់គេ ចេះតែចង់បានគេក្នុងរយៈពេលខ្លី ឬក៏ចូលចិត្តប្រើល្បិចស្នៀតមួយចំនួន ដើម្បីទាក់ចិត្តមនុស្សស្រី។ ដូចជាចូលទៅក្បែរខ្លួននាងធ្វើល្អដាក់នាង ឱ្យនាងមានអារម្មណ៍ថាខ្លួនជាមនុស្សប្រុសម្នាក់ដែលមានចិត្តល្អសប្បុរស លះបង់ថវិកា ពេលវេលា ឆាតទៅសួរនាងជារៀងរាល់ថ្ងៃ ឱ្យនាងមានអារម្មណ៍នឹកនាមកលើខ្លួន។ ប៉ុន្តែអ្នកត្រូវដឹងថា ដើម្បីយកចិត្តមនុស្សស្រីបាន ដាច់ខាតកុំប្រើវិធី ឬល្បិចស្នៀតឱ្យសោះ ព្រោះបច្ចុប្បន្ននារីៗគឺងាយឆាប់មើលដឹងពីចិត្តមនុស្សប្រុសណាស់ ប្រសិទ្ធភាពល្អបំផុតនោះគឺ ត្រូវប្រើចិត្តស្មោះមកដោះដូរ។
១. មនុស្សស្រីភាគច្រើនចូលចិត្តសម្លឹងមើលថ្ងៃអនាគត មិនចូលចិត្តស្នេហារយៈពេលខ្លីនោះឡើយ
បើមនុស្សប្រុសម្នាក់គ្រាន់តែចង់លេងសើចជាមួយមនុស្សស្រី គោលដៅដែលគេបានកំណត់នោះ គឺនៅពេលដែលតាមស្រលាញ់នារីណាម្នាក់នោះបានសម្រេច ដូច្នេះនៅក្នុងពេលដែលកំពុងតាមស្រលាញ់នាង គេមិនខ្វល់ថាគេប្រើមធ្យោបាយ ឬល្បិចស្នៀតបែបណាឡើយ គឺដាច់ខាតត្រូវតែយកនាងឱ្យបាន ដោយមិនគិតពីអារម្មណ៍នាងឡើយ។
ផ្ទុយមកវិញ តាមពិតមនុស្សស្រីភាគច្រើន គឺឆាប់មើលដឹងណាស់ ទឹកចិត្តដែលគេបានបង្ហាញទៅកាន់នាង ឬការលះបង់ដែលគេបានធ្វើទៅលើនាង នាងសុទ្ធតែទទួលអារម្មណ៍បានទាំងអស់ តែអ្វីដែលនាងរង់ចាំនោះ គឺជាពេលវេលាតែប៉ុណ្ណោះ ព្រោះពេលវេលាអាចបញ្ជាក់អ្វីៗគ្រប់បែបយ៉ាងបាន និងមនោសញ្ចេតនាពិតតែប៉ុណ្ណោះ ព្រោះអ្វីដែលមនុស្សស្រីមើលសំខាន់បំផុតនោះ គឺថ្ងៃអនាគត មិនមែនជាពេលវេលារីករាយរយៈពេលខ្លីនោះទេ។
២. មនុស្សស្រីភាគច្រើនសុទ្ធតែមានបទពិសោធន៍ មិនចង់ដើរលើផ្លូវដដែលៗឡើយ
មនុស្សស្រីសម័យបច្ចុប្បន្នទទួលបានការអប់រំខ្ពស់ ចំពោះចំណេះដឹងផ្នែកស្នេហាក៏ចេះវិភាគបានច្រើនដែរ នៅក្នុងនោះនៅតាមវិទ្យុ ឬបណ្តាញសង្គមអ៊ីធើណេតក៏អប់រំ និងប្រាប់ពីបទពិសោធន៍ផ្នែកនេះច្រើនដែរ ហើយមនុស្សប្រុសដែលចូលចិត្តប្រើល្បិចស្នៀតដើម្បីទាក់ចិត្តមនុស្សស្រីវិញនោះ ភាគច្រើននាងស្គាល់ច្បាស់ដូចថ្ងៃ ព្រោះក្នុងចំណោមនោះផងដែរមានមនុស្សស្រីមួយចំនួនក៏ធ្លាប់មានមេរៀនអំពីការបរាជ័យក្នុងវិថីស្នេហាដែរ នេះធ្វើឱ្យពួកនាងមានការភ្ញាក់យល់ ញុំាងឱ្យពួកនាងមិនចង់ដើរផ្លូវចាស់ម្តងទៀត ។
៣. មនុស្សស្រីចូលចិត្តរស់នៅក្នុងអារម្មណ៍ អ្វីដែលត្រូវការពិតប្រាកដនោះ គឺចិត្តពិត មនោសញ្ចេតនាពិត
នៅក្នុងរឿងស្នេហា អ្វីដែលមនុស្សស្រីមើលសំខាន់ គឺជាការលះបង់ចេញពីចិត្តពិតរបស់មនុស្សប្រុស។ លទ្ធផលដែលមនុស្សស្រីចង់ឃើញនោះគឺ ៖ សង្ឃឹមថាអាចទទួលបានចិត្តរបស់គេ ហើយនៅជាមួយគេជារៀងរហូត ជាពិសេសនៅពេលសំខាន់ ឬមានរឿងកើតឡើង មានមនុស្សម្នាក់អាចធ្វើអ្វីដើម្បីខ្លួន និងជួយដល់ខ្លួន។
បើមនុស្សប្រុសម្នាក់អាចលះបង់ចិត្តស្មោះដើម្បីនាង កំដរនាង មិនទៅណាចោលនាង ពេលសំខាន់បំផុតនៅក្នុងជីវិតរបស់នាងគេអាចក្លាយទៅជាទីពឹងផ្អែក ជាស្មាដ៏កក់ក្តៅសម្រាប់ឱ្យនាងផ្អែក និងហូរទឹកភ្នែកនោះ ប្រាកដណាស់ នាងនឹងតបស្នងសងគុណដោយយកចិត្តស្មោះរបស់នាងមកដោះដូរជាមួយមនុស្សប្រុសម្នាក់នោះវិញ ទាំងនេះហើយគឺជាស្នេហាពិតដែលនាងចង់បានលើខ្លួនរបស់មនុស្សប្រុស៕
អត្ថបទ ៖ បក្សីទេព / Knongsrok