មូលដ្ឋានគ្រឹះនៃក្តីស្រឡាញ់ ដែលគូស្នេហ៍គ្រប់រូបគួរមាន

“ក្តីស្រលាញ់” ងាយស្រួលប្រើមាត់វាចា ប៉ុន្តែពិបាកក្នុងការប្រើទង្វើមកស្តែងបង្ហាញ ហើយក្តីស្រលាញ់មួយនេះ មិនមែនឱ្យតែគេនិយាយពាក្យផ្អែមល្ហែមដាក់យើង ល្អចំពោះយើងដឹងតែគេស្រលាញ់យើងនោះទេ ព្រោះក្តីស្រលាញ់ គឺអាចបង្ហាញតាមរយៈសម្ដី និង ទង្វើច្រើនប្រភេទ ។

ជាពិសេសទៅទៀតនោះ ក្តីស្រលាញ់ពិត គឺជាក្តីស្រលាញ់ដែលចេញពីធម្មជាតិ ប្រើចរិតពិត ពាក្យពិត មិនមែនជាការលាក់ពុត ឬសម្តែងធ្វើជាល្អដាក់យើងក្នុងរយៈពេលខ្លីនោះឡើយ ម្យ៉ាងទៀត ក្តីស្រលាញ់ គឺកើតឡើងចេញពីដួងចិត្ត មិនមែនជាការទាមទារឡើយ។ ខាងក្រោមនេះគឺជាមូលដ្ឋានគ្រឹះនៃក្តីស្រលាញ់ដែលគូស្នេហ៍គ្រប់រួបគួរមាន និងត្រូវផ្តល់ឱ្យគ្នាទៅវិញទៅមក ។

១. អាចទទួលយកភាពខ្វះខាតរបស់គ្នា រក្សានូវអារម្មណ៍ឆេវឆាវរៀងខ្លួន

បើមិនចង់ឱ្យដំណើរស្នេហាមួយមានការនឿយហត់នោះ សូមគូស្នេហ៍ទាំងអស់កុំចេះតែទាមទារឱ្យដៃគូរបស់អ្នកជាមនុស្សល្អឥតខ្ចោះ អ្នកទាំងពីរត្រូវរៀនសូត្រទទួលយកភាពខ្វះខាតរបស់ដៃគូ និងខិតខំបំពេញភាពខ្វះខាតរបស់គ្នាទៅវិញទៅមក ប៉ុន្តែមិនមែនជាការទាមទារឱ្យអ្នកណាម្នាក់មកធ្វើការផ្លាស់ប្តូរមុននោះឡើយ ពិសេសជាងនេះទៅទៀត ការផ្លាស់ប្តូរ គឺចាប់ផ្តើមពីខ្លួនអ្នកទៅ មិនមែនទៅទាមទារគេទេ។

ផ្ទុយមកវិញ បើស្នេហាមួយពោរពេញដោយភាពអត់ឱន អធ្យាស្រ័យ មិនដាច់ចិត្តឃើញដៃគូខ្លួនរងទុក្ខលំបាក មិនចូលចិត្តនិយាយតែមាត់មានការបញ្ជាក់ចេញតាមរយៈទង្វើ ចេះផ្តល់តម្លៃឱ្យគ្នានោះ ជឿជាក់ថាអ្នកទាំងពីរពិតជាមនុស្សប្រកបដោយ EQ ខ្ពស់ (ភាពឆ្លាតវៃនៃអារម្មណ៍) និងធ្វើឱ្យស្នេហារបស់អ្នកទាំងពីរបានយូរអង្វែងថែមទៀតផង។

១

២. អ្នកទាំងពីរដើរកាត់ព្យុះភ្លៀងជាមួយគ្នា មិនទៅណាចោលគ្នាឡើយ

សេចក្តីស្រលាញ់ចេញពីចិត្តពិតគឺគ្មានលក្ខខណ្ឌឡើយ បើមានគេសួរថាហេតុអ្វីបានជាអ្នកស្រលាញ់គ្នា? ជឿជាក់ថាអ្នកទាំងពីរនឹងលើកយកហេតុផលចម្បងមួយចំនួនចេញមក តែតាមការពិត ស្នេហាគឺមិនគិតពីអ្វីទាំងអស់ ព្រោះអ្នកទាំងពីររៀនចេះទទួលយកគ្នា ផ្តល់តម្លៃឱ្យគ្នា។

ពិតប្រាកដណាស់ ដំណើរផ្លូវស្នេហាមិនអាចរលូនរហូតនោះទេ ព្រោះថាមនុស្សពីរនាក់ស្រលាញ់គ្នា គឺរស់នៅធំដឹងក្តីនៅកន្លែងផ្សេងគ្នា មានរបៀបរបប និងទម្លាប់ខុសគ្នា ទោះជាស្រលាញ់គ្នាយ៉ាងណាក៏ត្រូវការប្រើរយៈពេលយូរគួរសមដើម្បីយល់ចិត្តគ្នា ដុសខាតគ្នាទៅវិញទៅមក និងសម្របរស់នៅជាមួយគ្នាដែរ ។

ស្នេហាដែលមិនអាចកាត់ថ្លៃបាននោះ គឺជាស្នេហាដែលប្រឈមមុខនឹងឧបសគ្គ ហើយអ្នកទាំងពីរមិនទៅណាចោលគ្នា ស៊ូទ្រាំលំបាកជាមួយគ្នា ព្យាយាមជម្នះរាល់ឧបសគ្គ ពីព្រោះមានសុភាសិតខ្មែរមួយពោលថា « នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ »។ បានជាស្រលាញ់គ្នាហើយ គឺគ្មានការបែងចែករបស់បង របស់អូនអ្វីឡើយ ចំណែកដែលបានមកសុទ្ធតែជារបស់រួមដែលកើតមកពីការស្រលាញ់ និងប្រឹងប្រែងរួមគ្នា។

២

៣. បំពេញបំណងដល់គ្នាទៅវិញទៅមកតាមលទ្ធភាពដែលអាចធ្វើបាន

ជឿជាក់ថា ពេលដែលមនុស្សពីរនាក់ទើបស្រលាញ់គ្នា អ្នកទាំងពីរប្រាកដជាចង់ Surprise គ្នាទៅវិញទៅមក តាមរយៈការធ្វើពីធីខួបកំណើត ឬក៏ទិញវត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមក និងចង់ដឹងថាដៃគូរបស់ខ្លួនចូលចិត្តអ្វី ចង់បានអ្វី ។ ទាំងនេះគ្រាន់តែជាជំហានដំបូង ឬហៅម្យ៉ាងទៀតថា ជាការចាប់ផ្តើមស្នេហាតែប៉ុណ្ណោះ ពេលស្រលាញ់គ្នាយូរទៅ គឺនឹងមានតម្រូវការ និងមានក្តីស្រមៃចង់បានអ្វីមួយរួមគ្នា ខណៈពេលនោះដែរ បើអ្នកទាំងពីរខិតខំបំពេញបំណងគ្នាទៅវិញទៅមក មិនថាជាពេលវេលា ឬលុយកាក់នោះទេ ទោះជាអ្នកទាំងពីរមិនសូវជាមានភាពផ្អែមល្ហែមដូចមុនក៏ពិតមែន។

ប៉ុន្តែជឿជាក់ថាអ្នកទាំងពីរនឹងអាចទទួលអារម្មណ៍បានតាមរយៈទង្វើរបស់ដៃគូរៀងខ្លួន ព្រោះថាក្នុងដំណើរផ្លូវស្នេហាកន្លងមក អ្នកទាំងពីរមិនបានបោះបង់ចោលគ្នា មិនបានដាក់បន្ទុកលើគ្នា មិនបានធ្វើឱ្យដៃគូរស់នៅក្នុងការឈឺចាប់ ព្រមទម្លាក់ចោលនូវទម្លាប់អត្តចរិតដែលខ្លួនធ្លាប់មានពីមុន មកធ្វើការកែប្រែខ្លួនដោយមិនទាមទារដៃគូរ ស្នេហាប្រភេទនេះ ជាស្នេហាដែលប្រកបដោយចំណេះដឹង និងជាស្នេហាដែលមានតម្លៃជាទីបំផុត៕

អត្ថបទ ៖ បក្សី ទេព / KNongsrok