តើអ្វីទៅដែលអាចធ្វើឱ្យ គ្រួសារមានក្ដីសុខ និងសុភមង្គល?

គ្រួសារមានក្ដីសុខ និងសុភមង្គល គឺជាអ្វីដែលមនុស្សគ្រប់រូបសុទ្ធតែប្រាថ្នាចង់បាន មិនថាជា មនុស្សស្រី ឬមនុស្សប្រុសនោះឡើយ ឱ្យតែអ្នកចេះឱ្យតម្លៃដល់ពាក្យថា ការស្រឡាញ់។ ប៉ុន្តែ មនុស្សតិចណាស់ ដែលអាចរកបាននូវសុភមង្គលពិត សម្រាប់គ្រួសារមួយដែលខ្លួនប្រាថ្នា។

១

- អ្នកខ្លះនិយាយថា ការដែលបានរៀបការ រស់នៅជាមួយមនុស្សដែលខ្លួនស្រឡាញ់ នោះហើយជា ក្ដីសុខ សុភមង្គល។

- អ្នកខ្លះនិយាយថា ឱ្យតែមានលុយ មានឡាន មានគ្រប់យ៉ាងទៅតាមអ្វីដែឡខ្លួនចង់បាន ឬអាចផ្គាប់ដៃគូបាន នោះហើយជាក្ដីសុខ សុភមង្គល។

- អ្នកខ្លះនិយាយថា ឱ្យតែចេះធ្វើការ រកលុយ មានមុខរបរ មានមុខមានមាត់ក្នុងសង្គម យសសក្តិធំ មានគេឯងគោរព កោតខ្លាច នោះហើយជាក្ដីសុខ សុភមង្គល។

- អ្នកខ្លះនិយាយថា ឱ្យតែមានរបស់ប្រេនៗប្រើ អាចអួតអ្នកដទៃបាន ឱ្យគេសរសើរពេញស្រុក ពេញភូមិ នោះហើយជាក្ដីសុខ សុភមង្គល។

- អ្នកខ្លះនិយាយថា ឱ្យតែបានប្ដីសង្ហា ប្រពន្ធស្អាត ជាកូនអ្នកមានទ្រព្យ នោះហើយជាក្ដីសុខ សុភមង្គល។

- អ្នកខ្លះនិយាយថា ឱ្យតែអាចរៀបការ បង្កើតកូនបាន កូននោះហើយជាក្ដីសុខសុភមង្គល ... ។

ប៉ុន្តែការគិតបែបហ្នឹង វាពិតជាគំនិតរាក់កំផែលណាស់ ក៏មានមនុស្សខ្លះ ចិត្តចង់ឱ្យគ្រួសារបានក្ដីសុខ សុភមង្គល តែផ្ទុយទៅវិញ ខ្លួនគេមិនដែលព្យាយាមយល់ពីដៃគូ ក៏មិនដែលចេះផ្ដល់សុភមង្គឱ្យគ្រួសារឡើយ គឺគេចង់ឱ្យតែដៃគូខ្លួនយល់តែចិត្តខ្លួនឯង ខ្វល់តែអារម្មណ៍ខ្លួនឯងតែប៉ុណ្ណោះ បើបែបហ្នឹងសួរថា សុភមង្គលអាចមានបានតាមណា?

២

ក៏មានអ្នកខ្លះទៀត ខំប្រឹងធ្វើការ រកលុយ ព្រោះគិតថា ឱ្យតែមានលុយមានគ្រប់យ៉ាង នឹងមានសុភមង្គលហើយ តែគេមិនមានសូម្បីតែពេលវេលា នៅក្បែរ​មនុស្សដែលគេនិយាយថាស្រឡាញ់ មិនមានសូម្បីតែពេលញាំបាយជុំគ្នា ដើរលេងជាមួយគ្នា សឹងតែថា មិនមានសូម្បីតែពេលសើចសប្បាយ ឬញញឹមដាក់គ្នាផង មានលុយ មានគ្រប់យ៉ាង អាចឱ្យម្ខាងទៀតមានក្ដីសុខដែរមែនទេ?

សេចក្ដីសុខពិត សុភមង្គលពិត មិនមែនស្ថិតលើលុយកាក់ មាសប្រាក់ ឬមុខមាត់ មុខងារ តួនាទីនោះឡើយ តែវាស្ថិតលើដៃគូចេះផ្ដល់នូវស្នាមញញឹម និងមានពេលវេលារីករាយជាមួយគ្នា សាងអនុស្សា ការចងចាំល្អៗ និងមានន័យជាមួយគ្នា។ ការចេះគិត នឹក និងយល់ចិត្តគ្នា យល់ពីគ្នាទៅវិញទៅមក នោះហើយជាសុភមង្គល ការបាននៅក្បែរគ្នា មើលថែគ្នា ដឹងទុក្ខធុរៈគ្នា ផ្ដល់ភាពកក់ក្ដៅឱ្យគ្នា នោះទើបជាក្ដីសុខ សុភមង្គលពិតប្រាកដ។

សុភមង្គលក្នុងគ្រួសារ គឺចាប់ផ្ដើមពីអ្នកខ្លួនឯង មិនមែនលុយកាក់ សម្ភារនិយម មុខតំណែងធំ ឬរូបសម្រស់នោះឡើយ៕