ទៅលេងប្រទេសថៃ អ្នកប្រហែលជាគិតថាកន្លែងស្អាតៗ ដើរលេងសប្បាយៗមានតែនៅក្នុងទីក្រុងបាងកក ឬសប្បាយនឹងការដើរទិញអីវ៉ាន់ជាដើមមែនទេ?
ជាការពិតណាស់ ប្រទេសជិតខាងយើងមួយនេះ មានស្ថានភាព និងបរិយកាសអំណោយផលមិនខុសពីប្រទេសយើងប៉ុន្មានឡើយ ពិសេសក៏សម្បូរកន្លែងកម្សាន្តបែបទេសភាពធម្មជាតិ និងព្រៃភ្នំផងដែរ។
ដោយថ្ងៃនេះយើងខ្ញុំនឹងណែនាំលោកអ្នកទៅកាន់ខេត្តដ៏ល្បីមួយកន្លែងនៅក្នុងប្រទេសថៃ នោះគឺ ខៅយ៉ៃ ដោយការធ្វើដំណើរមានចម្ងាយពីបាងកកត្រឹមតែ ៣ម៉ោងប៉ុណ្ណោះ លោកអ្នកនឹងទទួលបានបរិយាកាសប្លែកត្រជាក់ស្រេបមិនខុសពីខេត្តមណ្ឌលគិរីខ្មែរយើងឡើយ។ ខៅយ៉ៃ Khaoyai បកប្រែជាភាសាខ្មែរថា ភ្នំធំ ដោយខេត្តនេះសម្បូរទៅដោយភ្នំធំៗតម្រៀបបន្តៗគ្នាគួរជាទីទស្សនាក្រៃលែង ជាពិសេសទីនោះក៏សម្បូររីហ្សតល្បីៗ រមណីយដ្ឋានស្រស់ស្អាត ពិសេសក៏មានសួនផ្កាសម្រាប់អ្នកចូលទស្សនាជាច្រើនកន្លែងទៀតផង។
ថ្ងៃនេះយើងខ្ញុំសូមនាំអារម្មណ៍លោកអ្នកទៅស្គាល់សួនផ្កាមួយកន្លែងដ៏ល្បីនៅខៅយ៉ៃ នោះគឺ Floryday Khaoyai ។ សម្រាប់សួនផ្កានេះ ក៏មានហាងកាហ្វេតូចច្រលឹងនៅខាងក្នុងទៀតផង សម្រាប់សំបុត្រចូលរួមគឺមានតម្លៃ ២០០បាត ឬប្រមាណជាជាង 5$ ហើយសំបុត្រក៏អាចប្តូរជាភេសជ្ជៈផ្សេងៗផងដែរ។ សម្រាប់ទីតាំងលើលោកអ្នកអាចស្វែងរកបានតាមរយៈ Google Map: https://goo.gl/maps/BAe3xRpJq3f1hQDg7 ឬ Facebook Page: Floryday Khaoyai : Café & Flower ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក