មនុស្សដែលមនុស្សស្រីគ្រប់រូបប្រាថ្នាចង់បាន ហើយក៏ជាមនុស្សដែលពិបាកនឹងទទួលបានបំផុត!
ការជ្រើសរើនរណាម្នាក់មកធ្វើជាដៃគូជីវិត ឬគូអនាគត ដើម្បីប្រើប្រាស់ជីវិតរួមគ្នា វាពិតជាមិនពិបាកទេ តែអ្វីដែលពិបាកនោះគឺ យើងប្រាថ្នាចង់បានមនុស្សដែលល្អ សក្តិសម ជាពិសេសអាចរស់នៅជួបជុំ ផ្ដល់ក្ដីសុខ សុភមង្គលឱ្យយើងពេញមួយជីវិត។
- យើងប្រាថ្នាចង់បានមនុស្សដែល គោរព ស្រឡាញ់ ឱ្យតម្លៃយើងរហូតទៅ មិនមែនត្រឹមតែដំបូង ឬមួយឆាវនោះទេ ហើយក៏មិនមែនត្រឹមតែពេលបានសុខ មិនមែនព្រោះតែយើងស្អាតនោះឡើយ តែនឹងមួយជីវិតដោយមិនកែប្រែ។
- យើងប្រាថ្នាមនុស្សដែលមានការគោរពព្រំដែនកំណត់របស់យើង ដោយមិនបង្ខំ ឬទាមទារឱ្យយើងធ្វើអ្វីដើម្បីតែផ្គាប់តម្រូវចិត្តគេតែម្ខាងនោះឡើយ។
- យើងប្រាថ្នាមនុស្សដែលអាចផ្ដល់ឱ្យយើងនូវគ្រប់សព្វបែបយ៉ាង ដោយមិនរំពឹង និងចង់បានអ្វីពីយើងទៅវិញ គឺមានតែការស្រឡាញ់ ផ្ដល់ឱ្យ និងគេព្រមស្ម័គ្រចិត្តលះបង់ដើម្បីយើងដោយគ្មានលក្ខខណ្ឌ។
- យើងប្រាថ្នាមនុស្សម្នាក់ដែល តែងតែផ្ដល់ក្ដីសង្ឃឹម ផ្ដល់ស្នាមញញឹម និងភាពកក់ក្ដៅ កម្លាំងចិត្តដល់យើងគ្រប់ពេលដែលលំបាក ជួបទុក្ខ មានបញ្ហា គេជាកម្លាំងបញ្ញា ស្មារតីរបស់យើង។
- យើងប្រាថ្នាមនុស្សដែល ព្រមចំណាយពេលវេលាដែលគាត់មានដើម្បីយើង ជាពិសេសព្យាយាមឈ្វេងយល់ចិត្តយើង។
- យើងប្រាថ្នាមនុស្សដែលតែងតែស្រប និងតែងតែយកចិត្តទុកដាក់លើយើងគ្រប់ពេលមិនថាទៅណា ទីកន្លែងណា គេតែងតែនឹក គិត បារម្ភពីយើងរហូត។
- យើងប្រាថ្នាមនុស្សដែលចង់មានយើងនៅក្នុងជីវិត ទុកយើងជាផ្នែកមួយដ៏សំខាន់ និងជាចំណែកដ៏មានតម្លៃនៅក្នុងជីវិតរបស់គេ។
- យើងប្រាថ្នាមនុស្សដែលមានភាពស្មោះត្រង់ចំពោះយើង មិនថានៅពីមុខ ឬក្រោយខ្នងទេ គេក៏មិនមានអ្វីដែលលាក់បាំង ឬកុហកបោកប្រាស់យើងដែរ តែងតែប្រាប់យើងគ្រប់រឿង ជាពិសេសគឺ រឿងដែលពាក់ព័ន្ធនឹងគេ គេចង់ឱ្យយើងដឹងគ្រប់យ៉ាង។
- យើងប្រាថ្នាមនុស្សដែលមានការប្ដេជ្ញាចិត្តយ៉ាងមុះមុត ក្នុងការតស៊ូ ពុះពារ ព្យាយាមកសាងអនាគតមួយដ៏ល្អប្រសើរជាមួយនឹងយើង ជាមនុស្សដែលខំប្រឹងជម្នះរាល់គ្រប់បញ្ហា ការលំបាកដើម្បីយើង។
- យើងប្រាថ្នាមនុស្សដែលមានចិត្តអំណត់ អត់ធ្មត់ ចិត្តធ្ងន់ មិនខឹង ឬមានបញ្ហាឈ្លោះទាស់នឹងយើងយ៉ាងណា ក៏គេមិនដែលស្រែកគំហក សម្លុត ជេរប្រមាថ ឬមាក់ងាយយើងដែរ។ ផ្ទុយទៅវិញ គេបែរជាមានភាពស្ងប់ស្ងាត់ ចិត្តត្រជាក់ ក្រើនរំឭក និងកែតម្រូវយើងដោយមេត្តា ការយោគយល់អធ្យាស្រ័យដ៏ធំធេង។
- យើងប្រាថ្នាមនុស្សដែលស្រឡាញ់យើងពិត ដោយចិត្ត និងបេះដូងដ៏បរិសុទ្ធ មិនមែនព្រោះតែមុខមាត់ ទ្រព្យសម្បត្តិ ឬរូបរាងសម្រស់ខាងក្រៅនោះឡើយ។
តើមានមនុស្សស្រីប៉ុន្មាននាក់ ដែលអាចបានជួបមនុស្សដែលស្រឡាញ់នាងជានាង ស្រឡាញ់នាងដោយគ្មានល័ក្ខខណ្ឌ អ្វីដែលសំខាន់ គឺស្រឡាញ់នាង ផ្ដល់ក្ដីសុខ សុភមង្គល ភាពកក់ក្ដៅដ៏ពេញលេញឱ្យនាងពេញមួយជីវិត? ប្រហែលជាមានតិចណាស់ តែយ៉ាងណា ប្រសិនបើអ្នកបានជួបមនុស្សដែលអាចផ្ដល់ឱ្យអ្នកនូវចំណុចទាំងប៉ុន្មានខាងលើនេះ គឺរាប់ថាអ្នកជាមនុស្សដែលមានបុណ្យល្អ សំណាងល្អបំផុតហើយ៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក