ឆ្លងកាត់អារម្មណ៍ស្រឡាញ់គេតែម្ខាង ខ្ញុំយល់អារម្មណ៍ហ្នឹងច្បាស់ តាំងពីក្រាស់ រហូតដល់ហ៊ានសារភាពប្រាប់គេថាស្រឡាញ់ តែក៏បានចម្លើយមកវិញត្រឹមពាក្យថា មិនអាច សុំធ្វើត្រឹមជាមិត្តល្អនឹងគ្នារហូតទៅ ឮហើយក៏មានអារម្មណ៍ថាឈឺគួរសម ព្រោះខ្ញុំមិនដែលហ៊ាននិយាយពាក្យចេញទៅទេ តែទីបំផុត វាក៏ត្រូវបរាជ័យមែន តែក៏មិនអីដែរ ធ្វើម៉េច បើគេមិនបានស្រឡាញ់យើងផង។
ទៅបង្ខំគេយ៉ាងម៉េច បើទោះជាគេ ត្រូវខូចចិត្តព្រោះអ្នកណាប៉ុន្មានដងទៀត ក៏គេមិនអាចទទួលយកយើងដែរ ព្រោះតែគេ មិនបានស្រឡាញ់យើង យើងមិនមែនជាមនុស្សក្នុងជម្រើសរបស់គេ។
ខ្ញុំខកបំណងនឹងរឿងស្នេហា ឡើងស្ពឹកមុខហើយ តែយ៉ាងណាក៏នៅតែមិនអាចទៅបង្ខំ ឬទាមទារឱ្យគេតបការស្រឡាញ់មកវិញដែរ ព្រោះតែយល់ច្បាស់ថា យើងស្រឡាញ់គេវាជារឿងយើង គេមិនបានស្រឡាញយើងក៏ជារឿងគេ។
គេល្អ គេស្អាត គេពូកែ គេគួរឱ្យស្រឡាញ់គ្រប់យ៉ាង តែធ្វើម៉េច យើងកើតមកមិនមែនជាគូនឹងគ្នា យើងកើតមកដើម្បីស្រឡាញ់គេ តែគេកើតមកមិនមែនដើម្បីស្រឡាញ់យើងទេ។ ត្រឹមអាចបានស្គាល់គ្នា និយាយជាមួយគ្នា ញញឹមដាក់គ្នា មានឱកាសបានស្រឡាញ់គេ វាក៏ជាសំណាងរបស់យើងណាស់ទៅហើយ កុំទៅទាមទារចង់បានអ្វីពីគេទៀត វាមិនអាចទេ។
ជាការពិត គឺមិនចង់បានអ្វីទេ សុំត្រឹមអាចនៅក្បែរគេ បានមើលថែគេ ឃើញស្នាមញញឹមគេ ឃើញគេជោគជ័យ និងមានក្ដីសុខ នោះហើយជាបំណងរបស់ខ្ញុំ៕
Knongsrok រក្សាសិទ្ធ