ខ្ញុំនៅតែស្រលាញ់ជានិច្ច ទោះបីជាសរសៃរសក់ពណ៌ខ្មៅនេះជំនួសដោយសក់ពណ៌ស

#ខ្ញុំនៅតែស្រលាញ់...

ខ្ញុំនៅតែស្រលាញ់ជានិច្ច ទោះបីជាសរសៃរសក់ពណ៌ខ្មៅនេះជំនួសដោយសក់ពណ៌ស។ ស្បែកមុខ និងស្នាមញញឹមដ៏ស្រស់ស្អាតនេះជំនួសដោយស្នាមជ្រាវជ្រួញដ៏ច្រើន។ រាងកាយដ៏រឹងមាំនេះជំនួសដោយភាពចាស់ទ្រុឌទ្រោម និងពោរពេញដោយភាពឈឺចាប់។ ការចងចាំដ៏ល្អដែលជំនួសដោយភាពភ្លេចភ្លាំង។

ខ្ញុំដឹងថាគ្រប់យ៉ាងនឹងផ្លាស់ប្ដូរទៅតាមពេលវេលា ប៉ុន្តែការសន្យារបស់ខ្ញុំគ្មានថ្ងៃផ្លាស់ប្ដូរឡើយ ដោយហេតុថាពេលវេលាដែលផ្លាស់ប្ដូរនេះនឹងធ្វើឲ្យខ្ញុំបានបង្ហាញប្រាប់អ្នកថាពាក្យសន្យារបស់ខ្ញុំចំពោះអ្នកគឺជាការពិត។

ខ្ញុំមិនបានលង់នឹងផ្ទៃមុខក្មេងខ្ចីរបស់អ្នកទេ ប៉ុន្តែគឺអត្តចរិតដ៏ស្រគត់ស្រគំរបស់អ្នក។ ខ្ញុំមិនបានឃើញអ្វីផ្សេងក្រៅពីខ្លួនឯងទេ នៅពេលដែលខ្ញុំសម្លឹងមើលអ្នក។ នៅពេលស្រលាញ់មនុស្សម្នាក់ ខ្ញុំក៏យល់ថារវាងយើងទាំងពីរគឺតែមួយ ហើយភាពផ្ទុយគ្នាដែលយើងមើលឃើញគឺដូចជារូបយើងកំពុងមើលទៅខ្លួនឯងដែលឈរនៅពីមុខកញ្ចក់។

ខ្ញុំដឹងថាយើងមិនមែនជួបគ្នាដោយចៃដន្យ ប៉ុន្តែខ្ញុំតែងតែធ្វើខ្លួនឲ្យដូចជាមនុស្សដែលខ្ញុំប្រាថ្នាចង់ជួបរហូតមក។ នៅពេលដែលខ្ញុំបានជួបអ្នក ខ្ញុំក៏បានដឹងថាមនុស្សដែលខ្ញុំខំស្វែងរករហូតមកគឺខ្លួនឯង...៕

រក្សាសិទ្ធិ​៖ សៀវភៅជីវិត