ជាក់ស្ដែងមែនទែនទៅ មនុស្សបច្ចុប្បន្នមួយចំនួនធំ គឺចូលចិត្តចេះដឹង ជីកកកាយ វែកញែក ហែកហួរអំពីដំណើរជីវិតអ្នកដទៃ។ កុំថាឡើយរឿងជីវិតរស់នៅ ការរកស៊ី រឿងគ្រួសារ រឿងបងប្អូនអ្នកដទៃ មនុស្សខ្លះវែកញែក កើតទុក្ខមិនសុខចិត្ត សូម្បីតែរឿងការសម្រេចចិត្តជ្រើសរើសជីវិតគូឱ្យជីវិតគេសោះ ក៏មនុស្សមួយចំនួន ហាក់បញ្ចេញមតិចេះដឹងរឿងគេណាស់។ ហេតុដូចនេះហើយ ចង់ប្រាប់ទៅស្រីៗថា ទោះបីអ្នកយកប្ដីបែបណា ក៏នៅតែខុសដែរ គឺខុសមាត់អ្នកភូមិផងរបងជាមួយ ហើយក៏ខុសពីគំនិតអ្នកដទៃផងដែរ។
- យកប្ដីចាស់ ៖ គេថាយើងនេះ សម្លឹងឃើញទ្រព្យចាស់ យកប្ដីអាយុស្មើឪ ព្រោះតែស្រឡាញ់លុយគេ ហេតុតែចង់បានលុយ គោចាស់ប៉ះស្មៅខ្ចី។
- យកប្ដីក្មេង ៖ ងាប់ហើយ យកប្ដីក្មេង អាហ្នឹងស្ទាវ ចាំមើល អាក្មេងហ្នឹងបោកប្រាស់ រកស៊ី ចិញ្ចឹមអាក្មេងហ្នឹងទៅ យកក្មេងចឹង តែតិចទៅ អាក្មេងលែងក្បាលចោលហើយ ស្ទាវចឹងដែលបានប៉ុន្មានវា។
- យកប្ដីអ្នកមាន ៖ បានប្ដីអ្នកមាន កុំគិតថាសំណាង ទៅបម្រើតែគេ ស្រឡាញ់លុយគេពេក រងតែទឹកភ្នែកហ្នឹងហើយ។
- យកប្ដីអ្នកក្រ ៖ ស្អីគេ ប៉ុណ្ណឹងដែរ អីក៏កម្មម៉េះ ទៅយកអាអ្នកក្រ នាំវេទនាខ្លួន ទៅសន្សំកម្មហ្នឹងទៅ។
- យកភេទដូចគ្នា ៖ ងាប់ហើយ អត់អាណិតម៉ែឪ គ្មានអនាគតទេ ឆ្កួតអស់ ខុសច្បាប់ធម្មជាតិ អត់កំណើត ...!
ដូចដែលបាននិយាយចឹង មនុស្សស្រី មិនថាអ្នកយកប្ដីបែបណា គឺសុទ្ធតែខុសទាំងអស់ ព្រោះអ្នកមិនអាចផ្គាប់ចិត្តមនុស្សទាំងអស់បានឡើយ ហើយមនុស្សដែលចាំមើលអ្នកក៏មានច្រើនដែរ គេចាំតែចាប់កំហុស គេចាំតែបន្ទោស ចាំតែសើចចំអកឱ្យអ្នកតែប៉ុណ្ណោះ។ សូម្បីតែអ្នកបានប្ដីល្អ អ្នកយល់ថា អ្នកមានសំណាង ក៏នៅតែមានមនុស្សដែលតាមច្រណែន ឈ្នានីស តាុមជ្រេញអ្នកទៀត នេះហើយសន្ដានមនុស្ស។
ដូច្នេះហើយ អ្នកមិនចាំបាច់ទៅខ្វល់ កើតទុក្ខ មិនសុខចិត្ត ឬតបតជាមួយនឹងមនុស្សមួយចំនួននោះឡើយ ការជ្រើសរើសរបស់អ្នក ជីវិតអ្នក អនាគតរបស់អ្នក យកប្ដីបែបណាក៏បានដែរ ឱ្យតែអ្នកយល់ថាគេល្អ សក្តិសម អាចរស់នៅចុះសម្រុងគ្នា ឱ្យតែគេស្រឡាញ់អ្នក ស្មោះត្រង់ចំពោះអ្នក អាចមើលថែអ្នកបានពេញមួយជីវិត ឱ្យតែជាមនុស្សដែលអ្នកស្រឡាញ់ពេញចិត្ត ហើយយល់ថា គេល្អ គ្រួសារគេល្អ អាចស្រឡាញ់គ្នា មានអនាគតល្អ អាចចាប់ដៃគ្នារកស៊ី រីកចម្រើនជាមួយគ្នាបាន គឺបានហើយ មាត់អត់គម្របរបស់អ្នកដទៃ គំនិតមិនបានឆ្លងកាត់ខួរក្បាលរបស់អ្នកណា ក៏មិនបាច់ទៅខ្វល់ដែរ៕
អត្ថបទ ៖ pHknongsrok / Knongsrok
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក