មិនមែនជាមនុស្សដែលរឹងមាំអីណាស់ណាទេ ក៏មិនមែនជាមនុស្សល្អឥតខ្ចោះ រឹតតែមិនមែនជាអ្នកមានទ្រព្យស្ដុកស្ដម្ភនោះដែរ ប៉ុន្តែពេលខ្លះ ពិតជាមានចិត្តអាណិត គិតខ្វាយខ្វល់ពីមនុស្សជុំវិញខ្លួន ចេះតែបារម្ភពីអ្នកនេះ បារម្ភពីអ្នកនោះ ខ្លាចចិត្តគេបែបនេះ ខ្លាចចិត្តគេបែបនោះ ចេះតែយកចិត្តគេ ដាក់ចិត្តឯង រហូតដល់ពេលខ្លះ ភ្លេចគិតពីខ្លួនឯងទៅវិញ។
- ជួយគេ ទាំងដែលខ្លួនឯងកំពុងតែខ្វះខាត!
- លើកទឹកចិត្តគេ ទាំងដែលខ្លួនឯងកំពុងតែមានបញ្ហា
- ខ្វាយខ្វល់ពីគេ ទាំងដែលខ្លួនឯងកំពុងតែលំបាក!
- បារម្ភពីគេ ទាំងដែលខ្លួនឯងកំពុងតែស្មុគស្មាញ!
ពេលខ្លះរវល់តែអាណិតគេ រហូតដល់ភ្លេចអាណិតខ្លួនឯង ខ្លួនឯងពិបាក ជួបទុក្ខ មានបញ្ហា មិនដែលមានអ្នកណាមកអើពើ សួរនាំ ឱ្យកម្លាំងចិត្តឡើយ មានតែអ្នកចាំតែជាន់បន្ថែម ដាក់បន្ទុក បន្ថែមសម្ពាធ ជីវិតនេះអ្វីក៏ធ្លាប់ជួបប្រទះ មានរឿងស្មុគស្មាញជាច្រើនសុទ្ធតែធ្លាប់ឆ្លងកាត់ តែចុងក្រោយ ក៏មានតែខ្លួនឯងជាអ្នករ៉ាបរងប្រឈមមុខ ហើយហែលឆ្លងទៅម្នាក់ឯងរហូតមក។
នេះហើយជីវិត រឹងមាំខ្លាំង គឺមានតែឯកា ជួយអ្នកដទៃច្រើនប៉ុនណា ក៏ចុងក្រោយនៅតែគ្មានអ្នកណាមកជួយយើង ក្រៅតែពីយើងខ្លួនឯង។ ជីវិតឆ្លងកាត់អ្វីខ្លះ គ្មានអ្នកណាគេមកដឹងឮរឿងយើងទេ ផ្ទុយទៅវិញ បើគេពឹងយើង យើងមិនបានជួយគេ គេបែរជាគិតថាយើងចិត្តមិនបាន ទុកយើងជាមនុស្សអាក្រក់ តែអ្វីដែលយើងជួយគេរហូតមក បែរជាអសារបង់អស់ហើយ ដូច្នេះហើយ ពេលខ្លះ ក៏គួរតែរៀនធ្វើជាមនុស្សចិត្តដាច់ អាត្មានិយមខ្លះក៏មិនខុសដែរ កុំឱ្យតែយើងទៅបំពាន បំផ្លាញគេទៅបានហើយ៕
អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុកសូមរក្សាសិទ្ធិ