អ្នកខ្លះផ្ដាំកូនផ្ដាំចៅថា កុំយកប្រពន្ធរៀនបានខ្ពស់ពេក ប្រយ័ត្នគេមើលងាយកូនឯង

" កូនស្រីសោះ រៀននោះរៀន រៀនច្រើនពេក គ្មានអ្នកណាគេហ៊ានស្រឡាញ់ ហ៊ានចូលស្ដីដណ្ដឹងយកធ្វើប្រពន្ធទេ " ជាពាក្យដែលឮឡើងសាំត្រចៀកហើយ។ ហើយអ្នកខ្លះថែមទាំងនិយាយទៀតថា " កុំយកប្រពន្ធ ដែលជាអ្នករៀនបានច្រើន រៀនខ្ពស់ មនុស្សស្រីមានចំណេះដឹងច្រើនពេក ច្រើនតែមើលងាយប្ដី មិនគោរពឱ្យតម្លៃប្ដីទេ "។

ជាទស្សនៈចាស់កម្រិល អ៊ីចឹងមានន័យថា មនុស្សស្រីមិនគួររៀនច្រើនពេកទេមែនទេ សុខចិត្តរៀនតិច ព្រោះខ្លាចអត់ប្ដី?

អ្នកខ្លះ ផ្ដាំកូនផ្ដាំចៅ កុំឱ្យយកប្រពន្ធអ្នកមានចំណេះដឹង ឬរៀនបានច្រើនពេក ព្រោះខ្លាចនាងមើលងាយប្ដី មិនគោរព និងឱ្យតម្លៃប្ដី សួរថា បើប្ដីនោះល្អ ឆ្លាត ពូកែ អាចមើលថែ និងជាទីពឹងដ៏រឹងមាំសម្រាប់នាង តើមនុស្សស្រីណា ហ៊ានមើលងាយប្ដីទៅ។ បើសូម្បីតែតាមស្រឡាញ់មនុស្សស្រីដែលមានចំណេះដឹងខ្ពស់ រៀនបានច្រើន មិនហ៊ាននឹងតាមស្រឡាញ់ផង កំសាកបែបហ្នឹង តើឱ្យមនុស្សស្រីណា ហ៊ានផ្ញើវាសនាលើអ្នក?

-->

94400038_2938941606186988_7245069753394397184_o (1)

វាជាការពិត មនុស្សស្រី រៀនបានច្រើនពេក មានចំណេះដឹងខ្ពស់ពេក ឆ្លាតពូកែ នាងប្រហែលជាពិបាកនឹងរកប្ដីណាស់ ព្រោះមនុស្សប្រុសខ្លះ គិតថា ខ្លួនអសមត្ថភាព មិនហ៊ានស្រឡាញ់ ហើយអ្នកខ្លះទៀត គិតថា បើយកនាង ខ្លាចនាងមើលងាយ និងមិនគោរពខ្លួន តែអ្នកត្រូវគិតថា បើនាងមើលងាយអ្នក មិនគោរពអ្នក វាក៏មកពីអ្នកដែលជាមេគ្រួសារ មិនអាចផ្ដល់លំនឹង និងភាពកក់ក្ដៅ ឱ្យគ្រួសារបាន ទើបនាងមើលងាយអ្នក។

ផ្ទុយទៅវិញ បើអ្នកជាប្ដីដែលល្អគ្រប់គ្រាន់ ប្រពន្ធដែលមានចំណេះដឹងខ្ពស់នេះហើយ ដែលអាចជួយឱ្យអ្នករឹតតែដុះដាល និងរីកចម្រើនទ្វេដង ព្រោះនាងជាកម្លាំងចិត្ត កម្លាំងគំនិត និងជាទីប្រឹក្សា ដ៏ពូកែឆ្លាតវៃរបស់អ្នក ជាដៃគូដ៏ល្អបំផុតសម្រាប់អភិវឌ្ឃគ្រួសារអ្នក៕

95336867_2949430031804812_5539402600790622208_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ