មនុស្សជាច្រើនតែងតែនិយាយថា នៅម្នាក់ឯងហ្នឹងហើយសប្បាយចិត្ត យកសង្សារ ឬរៀបការនាំតែគ្រាំចិត្ត ស្អិតទ្រូង ឈឺក្បាលដោយសារគេ ... វាក៏ត្រូវម្យ៉ាងដែរ នៅម្នាក់ឯងមិនបាច់គិតខ្វល់អ្វីច្រើន មានសេរីភាព ចង់ទៅណាគឺទៅហ្នឹង ចង់ញុំាអីក៏ញុំាហ្នឹង មិនពិបាកច្រើន អ្វីដែលសំខាន់គឺ មិនហត់នឹងផ្គាប់ចិត្តអ្នកណា។
តែត្រង់ចំណុចនេះ គឺអាចមកពីមនុស្សម្នាក់ហ្នឹងកំពុងតែងប់ងល់ជាមួយនឹងជីវិតដែលមានសេរីភាព ជីវិតដែលរស់នៅម្នាក់ឯង មិនដែលធ្លាប់ទទួលបានអារម្មណ៍កក់ក្ដៅពីមនុស្សដែលខ្លួនស្រឡាញ់ ឬអាចនិយាយបានថា មកពីជីវិតគេ មិនដែលទទួលបានការថ្នាក់ថ្នមពីអ្នកណា កន្លងមក គឺជួបតែមនុស្សដែលមិនចេះយល់ចិត្ត គឺប្រទះតែមនុស្សដែលធ្វើឱ្យគេហត់គំនិត គិតខ្វល់ខ្វាយតែប៉ុណ្ណោះ។
តើអ្នកដឹងទេថា ការដែលប្រើជីវិតនៅម្នាក់ឯង និងជីវិតដែលមានមនុស្សយល់ចិត្ត វាខុសគ្នាកម្រិតណា?
១. អ្នកនៅលីវ / នៅម្នាក់ឯង
ដ្បិតថាជីវិតនៅលីវ មានសេរីភាព អាចដើរហើរបានតាមចិត្ត មិនបាច់ត្រូវហត់ទៅរ៉ាយរ៉ាប់ប្រាប់អ្នកណា ធ្វើអ្វីក៏ធ្វើខ្លួនឯង វាអាចជាសេចក្ដីសុខម្យ៉ាង ដែលសូម្បីតែអ្នកមានគូក៏ធ្លាប់ឆ្លងកាត់ ហើយក៏មានអ្នកខ្លះ ក៏ចង់វោិលត្រឡប់ទៅរកជីវិតបែបនេះវិញ ព្រោះវាសប្បាយចិត្តជាងការដែលមានគ្នា តែមិនចេះយល់ពីគ្នា មិនដែលខ្វាយខ្វល់ចំពោះគ្នា គឺមានតែនាំទុក្ខសោកមកឱ្យគ្នាតែប៉ុណ្ណោះ។
ប៉ុន្តែការដែលយើងប្រើជីវិតម្នាក់ឯងបែបនេះ គឺវាហត់នឿយណាស់ ហើយក៏ជឿថា យើងមិនអាចដើរបានឆ្ងាយ ឬបានល្អប្រសើរនោះដែរ អាចនិយាយបានថា ជីវិតយើងគឺមិនមានផ្នែកសម្រាប់ជួយជម្រុញ និងអភិវឌ្ឍបន្ថែម គេមាន១០០ឡើងទៅ ចំណែកយើងប្រឹងខ្លាំងគឺអាចរកបានត្រឹម ៧០ ឬ ៨០ប៉ុណ្ណោះ ព្រោះយើងប្រឹងតែម្នាក់ឯង។
២. អ្នកមានគ្នា / មានគូ
អាចនិយាយបានថាភាគរយតិចណាស់ សម្រាប់អ្នកដែលមានគូអាចសមប្រកប អាចបានជួបដៃគូជីវិតដ៏ល្អ ជួយទំនុកបម្រុងផ្ចង់ផ្ដើមគ្នា។ ដូច្នេះ សម្រាប់អ្នកដែលមានគូ មានគ្នានៅក្បែរ ហើយជាមនុស្សដែលល្អពិតប្រាកដ គេប្រាកដជាគិតថា ការពិតទៅ ជីវិតមានគ្នា គឺវាពិតជាមានន័យ មានក្ដីសុខ និងមានភាពកក់ក្ដៅខ្លាំង យ៉ាងហោចណាស់ ពេលជួបទុក្ខលំបាក មិបាច់ភ័យថាត្រុវប្រឈមមុខតែម្នាក់ឯង ពេលមានបញ្ហា ក៏មិនបាច់ព្រួយថាទៅមុខបាន ឬមិនបាន ... យើងមានគ្នា មានអ្នកចាំជួយជម្រុញទាំងកម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងគំនិត ដូច្នេះ វាមិនមានអ្វីដែលពិបាកនោះឡើយ។
ការដែលយើងមានគ្នា មានដៃគូ គឺងាយនឹងឱ្យយើងឆ្ពោះទៅមុខបានយ៉ាងងាយ ប្រឹងទាំងពីរនាក់ យើងអាចបាន១០០ តែបើយើងប្រឹងទាំងពីរ ហើយខំប្រឹងមួយទំហឹង យើងនឹងអាចរកបាន ២០០ ឡើងទៅ ហើយក៏អាចដល់គោលដៅបានឆាប់រហ័ស ភាពជោគជ័យក៏អាចមានស្ថិរភាពបរិបូណ៌ដែរ។
យ៉ាងណាមិញ ការប្រើជីវិតនៅលីវ វាល្អសម្រាប់តែមនុស្សដែលមិនអាចសមប្រកបក្នុងរឿងស្នេហាតែប៉ុណ្ណោះ តែបើអាចមានមនុស្សល្អនៅក្បែរ ការប្រើជីវិតមានគ្នាកាន់ដៃរួមដំណើរ គឺវាប្រពៃ និងមានតម្លៃ មានក្ដីសុខ នោះហើយទើបជាសុភមង្គលពិតនៃជីវិត៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុកសូមរក្សាសិទ្ធិ