ប្រុសៗ បើចង់មានបាន សល់លុយ មានឡាន មានផ្ទះល្អ គួរប្រញាប់យកប្រពន្ធ

មែនហើយ មានពាក្យជាច្រើនបាននិយាយថា « ប្រុសៗ បើមិនទាន់មានការងារនឹងន មិនតាន់រកចំណូលបានច្រើនទេ កុំចង់បានប្រពន្ធ កុំយកកូនស្រីគេមកវេទនាជាមួយ » ក៏មានពាក្យមួយឃ្លាទៀតបានពោលថា « រកស៊ីបរាជ័យ ពិបាកម្នាក់ឯង ល្អជាង ពីរនាក់ » តាមពិតទៅ ទស្សនៈទាំងពីរនេះវាក៏មិនខុសនោះដែរ ព្រោះថា ក្នុងនាមជាមនុស្សប្រុស កូនប្រុស ជាប្ដី ជាឪពុក ជាបង្គោលគ្រួសារ បើអនាគតខ្លួនមិនដឹងឯណាឯណីផង ការងារក៏មិនទាន់នឹងន ចំណូលក៏នៅខ្វះមុខខ្វះក្រោយ ដាច់ខែមិនទាន់ ក៏ដាច់លុយបាត់ទៅហើយ ដូច្នេះ បើឱ្យគិតគូររឿងយកប្រពន្ធទៀត សួរថា បានអីចិញ្ចឹមកូនគេរស់ នាំតែយកកូនស្រីគេមកវេទនាជាមួយ ស្មានតែស្រួលណាស់ទៅហី?

ប៉ុន្តែបើយើងគិតដល់ហេតុលទាំងប៉ុន្មានចំណុចនេះ ប្រុសៗគួរតែឆាប់យកប្រពន្ធ ប្រសិនបើយល់ថា ខ្លួនឯងចាស់ទុំគ្រប់គ្រាន់ មានទំនួលខុសត្រូវ ចេះគិតគូរមុខក្រោយហើយនោះ ចំណូល ឬការរកលុយ ចាំចាប់ផ្ដើមពេលមានគ្រួសារក៏មិនទាន់ហួសពេលដែរ ព្រោះមានមនុស្សប្រុសភាគច្រើន គាត់ចាប់ផ្ដើមនឹងនដៃជើង រកលុយបានកាន់តែច្រើន ថែមទាំងសល់លុយច្រើនថែមទៀត នៅពេលដែលគាត់រៀបការ មានគ្រួសារជារបស់ខ្លួនឯង។

១. ពេលមានប្រពន្ធ ចាប់ផ្ដើមចេះគិត

មិនថាការខំប្រឹងធ្វើការ រកស៊ី ឬការចំណាយនោះទេ មនុស្សប្រុសនៅពេលដែលមានប្រពន្ធ ក៏ចាប់ផ្ដើមចេះគិត ខ្លាចប្រពន្ធអត់ ខ្លាចប្រពន្ធលំបាក អត់មានលុយចាយ ដូច្នេះ ចេះតែខំប្រឹងធ្វើនេះធ្វើនោះ បង្កើនសមត្ថភាពរកលុយ បង្កើតមុខរបរបន្ថែមទៀត ព្រោះថា ពេលមានប្រពន្ធ មានគ្រួសារជារបស់ខ្លួន គឺត្រូវការចំណាយច្រើនណាស់ ថ្លៃអាហារ ការស្នាក់នៅ ទោះបីផ្ទះកូនខ្លួនក៏ត្រូវចំណាយលើទឹកភ្លើងថែមទៀត … អ្វីដែលលើសនេះនោះគឺ ពេលមានឱកាសបុណ្យទាន មានកម្មវិធី គឺត្រូវចំណាយលើភរិយាច្រើនជាងខ្លួនឯង ត្រូវមានកាដូ មានផ្កា ឬមានអ្វីពិសេសជូនប្រពន្ធ ដូច្នេះហើយ គឺត្រូវតែធ្វើយ៉ាងណាខំរកលុយឱ្យបានច្រើន។ សូម្បីតែការចំណាយ ក៏ចាប់ផ្ដើមចេះរិះថាំ លែងខ្ជះខ្ជាយដូចមុនដែរ បើបែបហ្នឹង សួរថា រឿងអីមិនសល់នោះ។

២. ពេលមានប្រពន្ធ មានអ្នកជួយចាត់ចែង ទុកដាក់លុយកាក់

ដូចពាក្យគេថា « លុយប្ដី ក៏ដូចលុយប្រពន្ធ តែលុយប្រពន្ធ នៅតែជាលុយប្រពន្ធ » ពាក្យមួយឃ្លានេះ ក៏ចង់បង្ហាញឱ្យឃើញថា លុយដែលប្ដីរកមកបាន គឺត្រូវឱ្យប្រពន្ធជាអ្នកទុកដាក់ជំនួស ព្រោះមនុស្សស្រីពូកែណាស់ខាងទុកដាក់ សន្សំសំចៃរឿងលុយ ព្រោះនាងជាអ្នកចាត់ចែងចាយវាយទាំងស្រុងនៅក្នុងផ្ទះ ចំណែកប្ដី ចេះត្រឹមរកលុយហ្នឹងបានហើយ។ អ្វីដែលសំខាន់ មិនថាប្រាក់ខែ ឬប្រាក់ចំណូលរបស់ប្ដីច្រើនប៉ុនណាទេ ប្ដីនៅតែទទួលប្រាក់ខែពីប្រពន្ធ ចាយវាយប្រចាំថ្ងៃត្រូវមានដែនកំណត់ ដូច្នេះមុនចាយ ឬចង់ទិញអី ត្រូវសួរនាំ ប្រាប់ប្រពន្ធសិន មិនមែនចេះតែចាយ ចេះតែទិញ ដូចកាលនៅកំលោះបានឡើយ។

យ៉ាងណាមិញ បើអ្នកចង់សល់លុយ មានឡាន មានផ្ទះល្អ មានរបស់របរ ក៏ដូចជាចំណូលច្រើន អ្នកក៏ត្រូវតែរកឱ្យបាននូវភរិយាល្អ ចេះទុកដាក់ផងដែរ តែបើអ្នកយកប៉ះចំស្រីកញ្ចើធ្លុះ មិនចេះអីសោះក្រៅតែពីចាយវាយ បំផ្លាញទ្រព្យ ជីវិតអ្នកមានតែដុនដាបជាងមុន គ្មានអ្វីបានប្រសើរឡើយ មិនស្រួល នាំគ្នាដើរផ្លូវខុសទាំងពីរទៀតផង។

គួរបញ្ជាក់ថា នៅពេលដែលមនុស្សប្រុសម្នាក់ ចាប់ផ្ដើមចេះស្រឡាញ់ស្មោះ ចង់រួមរស់ជាមួយមនុស្សដែលខ្លួនស្រឡាញ់ គេប្រាកដជាចេះថែរក្សា ចេះការពារ ចេះយកចិត្តទុកដាក់ ចេះខ្លាចបាត់បង់ អ្វីដែលសំខាន់ គេក៏ចេះគិតគូរ ខ្វាយខ្វល់ មានគោលដៅច្បាស់លាស់នៅក្នុងជីវិត ព្រោះនៅពេលដែលបុរសម្នាក់ មានក្ដីស្រឡាញ់ពិតចំពោះនារីណាម្នាក់ គេខ្លាចបំផុតនោះគឺ ខ្លាចមនុស្សដែលខ្លួនស្រឡាញ់លំបាក ខ្វះខាត វេទនា គេចង់ឱ្យមនុស្សស្រីដែលគេស្រឡាញ់មានសំណាង និងមានអ្វីៗគ្រប់យ៉ាង ជាពិសេសគឺ ចង់ឱ្យមនុស្សខ្លួនស្រឡាញ់មានលុយចាយពេញដៃ ជាលុយដែលប្ដីរកមកបាន៕

អត្ថបទ ៖ pHknongsrok / Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: