មនុស្សស្រីកុំល្ងង់ខ្លាំងពេក! ឈប់ឃាត់មនុស្សដែលចង់ទៅ ឈប់ហៅមនុស្សដែលអស់ចិត្ត ហើយក៏ឈប់រង់ចាំគេទៀត

មានពេលខ្លះ មនុស្សស្រីដើម្បីតែស្នេហា ព្រោះតែការស្រឡាញ់ នាងមិនត្រឹមតែល្ងង់ប៉ុណ្ណោះទេ តែថែមទាំងមហាល្ងង់ថែមទៀតផង ល្ងង់ដែលព្យាយាមឃាត់មនុស្សដែលគេមិនដែលគិតថានឹងចង់នៅជាមួយនាងពេញមួយជីវិត។

មនុស្សស្រីល្ងង់ ដែលដឹងទាំងដឹងហើយថា គេនោះអស់ចិត្តហើយ គេលែងស្រឡាញ់នាងទៀតហើយ គេគ្មានសូម្បីតែការអាណិត និងស្រណោះចំពោះខ្លួន តែមនុស្សស្រី នៅតែបន្តដង្ហើយហៅ ឱ្យគេនោះត្រឡប់មកវិញ។

មនុស្សស្រី ក៏លើសពីល្ងង់ ដែលសុខចិត្តចំណាយពេលដ៏មានតម្លៃរបស់ខ្លួន លះបង់ចំពោះមនុស្សអាត្មានិយមម្នាក់ ធ្វើបាបខ្លួនឯង សុខចិត្តរង់ចាំមនុស្សដែលចាកចេញ នៅតែបន្តផ្ដល់ក្ដីសង្ឃឹមក្លែងក្លាយ ថាគេនឹងត្រឡប់មកវិញ ទាំងដែលដឹងហើយថា វាមិនអាច​ ក៏ដឹងច្បាស់ថា ការពិតគេមានអ្នកថ្មីហើយ។

197216705_364979648299282_4354736950578935813_n

មនុស្សស្រី អ្នកត្រូវដឹងថា ទោះបីជាអ្នកជាស្រីស្អាត រូបឆោមឆើតឆាយយ៉ាងណា ក៏ដោយ ក៏ចុងក្រោយភាពស្អាតរបស់អ្នក នៅតែមិនអាចក្លាយជាធ្នាក់ដើម្បីទាក់ចិត្ត ចងជីវិតបុរសណាម្នាក់បានរហូតដែរ ចុងក្រោយ គេក៏នៅតែអាចរកបានស្រីក្មេង ហើយស្អាតជាងអ្នកទ្វេដង ហេតុផល ក៏ព្រោះតែអ្នកកាន់តែវិវត្តន៍ទៅមុខ សម្រស់កាន់តែចុះអន់ថយ ព្រោះតែអ្នកលះបង់ដើម្បីគេច្រើនពេក រហូតដល់ភ្លេចមើលថែខ្លួនឯង។

មនុស្សស្រី អ្នកត្រូវដឹងថា ទោះបីជាអ្នកជាស្រីគ្រប់ល័ក្ខណ៍ ល្អ ត្រឹមត្រូវ ខ្ជាប់ខ្ជួនប៉ុនណា ចុងក្រោយ គេក៏នៅតែអាចទៅចោលអ្នកបានដែរ ហេតុផល ព្រោះតែគេជាមនុស្សអាត្មានិយម ព្រោះតែចំណង់តណ្ហា ឬមហិច្ឆតាដ៏ធំសម្បើមរបស់គេ គេក៏នឹងចោលអ្នក ទៅរកមនុស្សស្រីដែលជាអ្នកមាន ដែលអាចបំពេញនូវមហិច្ឆតារបស់គេបាន ដែលមិនមែនជាអ្នកនោះឡើយ។

មនុស្សស្រី អ្នកត្រូវដឹងថា ទោះបីជាអ្នកធ្វើល្អ បានលះបង់ចំពោះគេច្រើនកម្រិតណា ទោះបីជាអ្នកជាម្ដាយរបស់កូនគេក៏ដោយ តែចុងក្រោយ គេនៅសល់ចិត្តសម្រាប់តែកូនប៉ុណ្ណោះ ព្រោះគេបានជួបនឹងមនុស្សស្រីថ្មី ដែលអាចបំពេញអារម្មណ៍ បំពេញការសប្បាយរីករាយឱ្យគេបាននៅខាងក្រៅ ចំណែកអ្នក គឺបានត្រឹមតែជាមនុស្សស្រីល្ងង់ខ្លៅ ដែលឱ្យគេបោកប្រាស់ និងធ្វើបាបតែប៉ុណ្ណោះ។

198134394_364979644965949_7100069148047117992_n

អ្នកត្រូវដឹងថា មនុស្សប្រុសដែលល្អម្នាក់ ហើយគេស្រឡាញ់អ្នកស្មោះ គេនឹងលះបង់គ្រប់យ៉ាងទាំងអស់ ដើម្បីបានរស់នៅជាមួយអ្នក គេស្ម័គ្រចិត្តបោះបង់ចោលគ្រប់យ៉ាង ដើម្បីបាននៅក្បែរ និងមើលថែអ្នកពេញមួយជីវិត។ មិនមែនដើម្បីតែលុយកាក់ មាសប្រាក់ យសសក្តិ អំណាច មុខមាត់ ក៏រត់ចោលអ្នកនោះឡើយ ហើយក៏មិនអាចព្រោះតែស្រីខាងក្រៅ ក៏បណ្ដោយឱ្យអ្នកមានឈ្មោះជាស្រីមេម៉ាយនោះដែរ។

បុរសល្អពិតប្រាកដ គេច្បាស់ជាស្រឡាញ់អ្នកជាអ្នក គេអាចទទួលយកគ្រប់យ៉ាងដែលជាអ្នក មិនថាជួបរឿងពិបាក ជីវិតមានបញ្ហាច្រើនយ៉ាងណានោះទេ ក៏គេនៅតែពុះពារ ហែលឆ្លងគ្រប់សព្វបែបយ៉ាងទាំងអស់ ដើម្បីប្ដូរយកស្នាមញញឹម ក្ដីសុខ និងផ្ដល់ជីវិតគូមួយដ៏ល្អ មានតែភាពកក់ក្ដៅ និងសុភមង្គលឱ្យអ្នក។

លើសពីនេះ បុរសដែលស្រឡាញ់អ្នកពិតប្រាកដ គេច្បាស់ជាមិនគិតទេថា អ្នកជាមនុស្សស្រីបែបណា ទៅថ្ងៃមុខ រូបរាងសម្រស់របស់អ្នកប្រែទៅជាយ៉ាងណា​ រឹតតែមិនខ្វល់ថា អ្នកបានធ្វើអ្វីខ្លះ លះបង់អ្វីខ្លះ ហើយស្រឡាញ់គេស្មើនឹងគេស្រឡាញ់អ្នកឬអត់ទេ តែក្ដីស្រឡាញ់របស់គេនៅតែមានចំពោះអ្នកមិនប្រែប្រួល អ្នកនៅតែជាមនុស្សសំខាន់ នៅតែជាលេខ១ និងចុងក្រោយសម្រាប់គេគ្មានថ្ងៃប្រែប្រួលនោះឡើយ។ ហើយស្នេហាមួយនេះ គេក៏មិនត្រូវការអ្វីពីអ្នកនោះដែរ ក្រៅតែពីបាននៅក្បែរ មើលថែ និងរស់នៅជាមួយអ្នកពេញមួយជីវិត នោះហើយជាបុរសដែលស្រឡាញ់អ្នកស្មោះ មិនផ្លាស់ប្ដូរ៕

199445439_364979654965948_5289455914008897394_n

អត្ថបទ ៖ pHknongsrok/Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: