គេថា ជាកូនស្រី កុំដើរលេងយប់ព្រលប់មិនល្អទេ ដើរលេងយប់នាំគេមើលងាយ ដើរលេងយប់នាំអ្នកផងនិយាយដើម ដើរលេងយប់ គេថាជាស្រីមិនល្អ តែដឹងទេថា ពាក្យថា " ស្រីមិនល្អ " ស្ថិតនៅត្រង់ណាដែរទេ?
" ស្រីមិនល្អ " មិនមែនស្ថិតលើបញ្ហាការដើរលេងយប់នេះទេ មនុស្សខ្លះ មិនដើរលេងផង នៅតែផ្ទះ នៅអាចខូចខិលបាន ត្រឹមដើរលេងយប់មួយគ្រាពីរគ្រា ដើរលេងយប់ ដើម្បីបន្ធូរអារម្មណ៍តានតឹងមួយពេលខ្លី ត្រឹមដើរលេងយប់ ដើម្បីឱ្យអារម្មណ៍ជ្រះថ្លា ពីការងារស្មុគស្មាញ តើមិនល្អត្រង់ណា?
កុំខ្វល់អ្នកណានិយាយអី សម្ដីអ្នកជិតខាងខ្លះ យកទៅគិតខ្វល់នាំឈឺក្បាល អ្នកខ្លះថាយើងចេះ យើងចុះ យើងមិនល្អ តែកុំមើល ពេលខ្លះ កូនចៅអ្នកនិយាយដើមយើងហ្នឹង មិនបានប៉ុនយើងផង។ អ្នកខ្លះបានតែនិយាយមិនល្អពីគេ តែភ្លេចមើលកូនចៅខ្លួនឯង ភ្លេចឆ្លុះកញ្ចក់មើលខ្លួនឯង។
ល្អ ឬមិនល្អ គឺស្ថិតលើយើងខ្លួនឯង ការប្រព្រឹត្តខ្លួនរបស់យើង មិនមែនស្ថិតលើបបូរមាត់ ឬក្រសែភ្នែកអ្នកណាឡើយ។ ដើរលេងយប់ តែចេះគីត ចេះបែកចែក ផ្លូវល្អអាក្រក់ សំខាន់កុំឱ្យតែឈ្លក់វង្វេង បែកឆ្វេង ធ្វើរឿងមិនគប្បី។ ត្រូវចាំថា បើយើងមិនល្អ បើយើងធ្វើខ្លួនអាក្រក់ មិនត្រឹមតែយើងខ្លួនឯងទេដែលត្រូវបាត់បង់អនាគត អ្នកដែលរងទុក្ខ និងឈឺចាប់ខ្លាំងបំផុតគឺ ឪពុកម្ដាយ អ្នកមានគុណរបស់យើង៕
អត្ថបទ ៖ ភី អេច
ក្នុងស្រុករក្សាសិទ្ធ