ផ្សិតត្រចៀកកណ្តុរដល់ថ្ងៃបុណ្យចូលឆ្នាំចិន ប្រាកដជាពេញនិយមខ្លាំង ដែលបងប្អូនជាច្រើននឹងជ្រើសយកមកធ្វើជាម្ហូប។ ជាការពិត វាក៏មានប្រយោជន៍ណាស់ដែរ សម្រាប់រាងកាយមនុស្ស ដោយវាមានជាតិដែកខ្ពស់ ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ ហើយក៏មានវីតាមីន K និងកាល់ស្យូមជាច្រើនផងដែរ។
យ៉ាងណាសម្រាប់ការចម្អិនផ្សិតត្រចៀកកណ្តុរ អ្នកត្រូវតែប្រាកដថា នឹងបញ្ចៀសការប្រើប្រាស់ខុសរបៀបទាំង ២ ខាងក្រោម ព្រោះបើធ្វើខុស នោះអ្នកនឹងបង្កើតជាសារជាតិពុលមកកាន់រាងកាយទៅវិញ៖
២) កុំត្រាំក្នុងទឹកក្តៅ
មនុស្សជាច្រើន យល់ឃើញថា ការត្រាំផ្សិតត្រចៀកកណ្តុរក្នុងទឹកក្តៅ គឺអាចជួយឲ្យវារីកបានឆាប់រហ័ស តែយ៉ាងណាក៏ដោយ របៀបនេះ នាំឲ្យវាបាត់បង់សារធាតុចិញ្ចឹមសំខាន់ៗក្នុងនោះទៅវិញទេ។
ក៏ដោយសារតែវាដុះលើគល់ឈើស្ងួត និងសើម វាមានអត្រាជាតិផ្សិតខ្ពស់ ដោយការត្រាំក្នុងទឹកគឺជារឿងល្អ ព្រោះដើម្បីជួយកម្ចាត់បាក់តេរី និងធ្វើឲ្យវារីក។ តែយ៉ាងណាការត្រាំក្នុងទឹកក្តៅ បើទោះបីវារីកលឿន តែវាក៏ងាយនឹងស្អិតជាប់ខ្លាំង ហើយរលាយមិនបានល្អដែរ ដូច្នេះអ្នកត្រូវជៀសវាងការអនុវត្តបែបនេះ។
១) ត្រាំក្នុងទឹកចោលរាប់ម៉ោង
អ្នកខ្លះទៅអត់ដឹង ឬរវល់ពេក ក៏គិតថាត្រាំផ្សិតត្រចៀកកណ្តុរទុកចោលមួយយប់ ដើម្បីទុកដល់ព្រឹកស្អែកលើកមកចម្អិនយកតែម្តង។ នេះជាការអនុវត្តខុសទាំងស្រុង ហើយដូចនាំជាតិពុលចូលមកកាន់រាងកាយដោយមិនដឹងខ្លួន។
តាមការណែនាំពីអ្នកជំនាញ ការត្រាំផ្សិតត្រចៀកកណ្តុរត្រឹម ២០ នាទីទៅក្នុងទឹក គឺជាការអនុវត្តតាមស្តង់ដារនិងត្រឹមត្រូវ តែបើលើសនោះ ដល់រាប់ម៉ោង ឬមួយយប់ វានឹងបម្លែងទៅជាសារធាតុអាហ្វឡាតូស៊ីន ដែលសារធាតុពុល ងាយបង្កទៅជាមហារីកថ្លើម និងបំផ្លាញជាលិកាថ្លើមទៅវិញ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក