ទម្លាប់ពេលព្រឹកទាំង ៥ យ៉ាង ដែលមនុស្សជោគជ័យភាគច្រើនតែងតែធ្វើមិនអាចខ្វះបាន!

មិន​ត្រឹម​តែ​ក្រោក​ពី​ព្រលឹម​ទេ ដែលមនុស្ស​ជោគជ័យ​ភាគ​ច្រើនតែងមានទម្លាប់ធ្វើជាប្រចាំពេលព្រឹក ក្នុងការចាប់ផ្តើមថ្ងៃថ្មីដែលអាចជួយឱ្យពួកគេមានផលិតភាព និងមានសុខភាពល្អពេញមួយថ្ងៃ។ ខាងក្រោមនេះ ក៏​ជា​ហេតុផល​ដែល​មហាសេដ្ឋី និង​សហគ្រិន​កំពូលៗ​របស់​ពិភពលោក​ជ្រើសរើស​បង្កើត​ទម្លាប់​ពេល​ព្រឹក​របស់​ខ្លួន រហូតទទួលបានភាពជោគជ័យ។

១.សមាធិ ចិត្តស្ងប់

ពេលព្រឹកពិតជាពេលវេលាដ៏ល្អបំផុតក្នុងការធ្វើសមាធិ ដោយសារនៅពេលដែលយើងទើបតែភ្ញាក់ពីគេង មិនទាន់មានកិច្ចការរវល់ ហើយចិត្តរបស់យើងក៏មិនជាប់ជំពាក់នឹងគំនិតស្មុគស្មាញច្រើនពេកដែរ។

បើយោងតាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Duke បង្ហាញថា ទម្លាប់នៃការធ្វើសមាធិជួយយើងបង្កើនភាពច្នៃប្រឌិត ហើយការអនុវត្តសមាធិជាទៀងទាត់មិនត្រឹមតែជួយមនុស្សកាត់បន្ថយការចំណាយលើផ្នែកវេជ្ជសាស្រ្ត និងសុខភាពរបស់ពួកគេជាមធ្យម ៧% ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនផលិតភាពប្រចាំថ្ងៃដល់ទៅ ៦៥ នាទីផងដែរ។

បុគ្គល្បីៗដែលមានទម្លាប់ធ្វើសមាធិពេលព្រឹករួមមានៈ មហាសេដ្ឋី James Simons - គណិតវិទូ និងអ្នកគ្រប់គ្រងមូលនិធិការពារហានិភ័យ ក្រុមហ៊ុន Renaissance Technologies; John Lee Dumas - ស្ថាបនិកគេហទំព័រអាមេរិកដ៏ល្បីល្បាញ Entrepreneur on Fire; Taylor Pearson - ស្ថាបនិក TaylorPearson.me; Jason Cohen - ស្ថាបនិក WP Engine; លោក Brad Lande ស្ថាបនិកក្រុមហ៊ុនកែសម្ផស្ស Birchbox ជាដើម។

២. លំហាត់ប្រាណ

ការសិក្សារបស់សាកលវិទ្យាល័យ Northwestern ឆ្នាំ ២០១១ បានរកឃើញថា អ្នកក្រោកពីដំណេកពេលព្រឹកព្រលឹមដែលមានពេលហាត់ប្រាណទៀងទាត់ រួមចំណែកដល់ការកែលម្អអារម្មណ៍ សម្បទា ភាពរឹងមាំ និងគុណភាពនៃការគេង។ ទន្ទឹមនឹងនេះ មនុស្សទាំងនេះក៏អាចដោះស្រាយបញ្ហាបានកាន់តែមានប្រសិទ្ធភាពផងដែរ។

ជាឧទាហរណ៍ បុគ្គលល្បីៗមួយចំនួន ដែលមានឥទ្ធិពលជាច្រើនបានចែករំលែកទម្លាប់នៃការធ្វើលំហាត់ប្រាណពេលព្រឹក មានដូចជា អតីតជំទាវទីមួយរបស់សហរដ្ឋអាមេរិក Michelle Obama ក្រោកពីដំណេកនៅម៉ោង ៤:៣០ ព្រឹក ដើម្បីហាត់ប្រាណ។CEO របស់ Apple លោក Tim Cook ភ្ញាក់ពីដំណេកនៅម៉ោង ៤ ព្រឹក ដើម្បីទៅហាត់ប្រាណ។ មហាសេដ្ឋី Ly Gia Thanh ដែលជាមហាសេដ្ឋីបំផុតនៅហុងកុង មានទ្រព្យសម្បត្តិ ៣៥.៤ ពាន់លានដុល្លារអាមេរិក មានទម្លាប់ភ្ញាក់ពីគេងនៅម៉ោង 6 ព្រឹក មិនថា គាត់ចូលគេងយប់ប៉ុន្មានថ្ងៃមុននោះទេ។ 

៣. ការអាននិងការសិក្សា

យោងតាមការស្រាវជ្រាវរបស់ Thomas Curry អ្នកនិពន្ធសៀវភៅ "ផ្លាស់ប្តូរទម្លាប់របស់អ្នក ផ្លាស់ប្តូរជីវិតរបស់អ្នក" បង្ហាញថា ៨៨% នៃអ្នកមានបានចំណាយពេលយ៉ាងហោចណាស់ ៣០នាទី អានជារៀងរាល់ថ្ងៃ។

ហេតុដូចនេះ ពេលវេលាស្ងប់ស្ងាត់នៅពេលព្រឹកគឺល្អបំផុតសម្រាប់ការអានសៀវភៅ ហើយប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកមិនមានពេលគ្រប់គ្រាន់ អ្នកអាចកែសម្រួលកាលវិភាគអានរបស់អ្នកទៅតាមពេលដែលអាចធ្វើបាន ដូចជា ការអានយ៉ាងហោចណាស់ ៣០ទំព័រក្នុងមួយថ្ងៃ។

៤. មានអាហារពេលព្រឹកល្អ

អាហារពេលព្រឹកមានសមត្ថភាពខ្ពស់ណាសក្នុងការបង្កើនសមត្ថភាពសិក្សា និងការងារ។ ទន្ទឹមនឹងនេះ អំឡុងពេលព្រឹករាងកាយស្ថិតក្នុងស្ថានភាពស្រេកឃ្លាន ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់សកម្មភាពខួរក្បាលផងដែរ។

នៅពេលដែលអ្នកមានកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះ នោះរាងកាយនឹងមានអារម្មណ៍អស់កម្លាំង និងឆាប់ខឹង សមត្ថភាពក្នុងការផ្តោតអារម្មណ៍ និងការគិតប្រកបដោយតក្កវិជ្ជាក៏ត្រូវបានកាត់បន្ថយ ដែលងាយប៉ះពាល់ដល់ប្រសិទ្ធភាពការងារជាចាំបាច់បំផុត។

៥. ធ្វើកិច្ចការសំខាន់បំផុតមុនគេ

មនុស្សជោគជ័យបង្កើតបញ្ជីការងារចាំបាច់ត្រូវធ្វើនៅពេលព្រឹក (ឬយប់មុន)  ដើម្បីថ្ងៃថ្មី។ បន្ថែមពីលើការបង្កើតបញ្ជីការងារត្រូវធ្វើ អ្នកក៏គួរតែកំណត់អាទិភាពពួកវាផងដែរ។ ជាការល្អបំផុត អ្នកគួរតែបំពេញកិច្ចការសំខាន់ៗ និងលំបាកទាំងអស់នៅពេលព្រឹក ព្រោះនេះជាពេលវេលាដែលយើងមានស្មារតីមុតស្រួច និងស្វាហាប់បំផុត។

ប្រភព៖ បរទេស

-->