ទឹកត្រចៀកកាំ ឬទឹកមាត់ត្រចៀកកាំ ត្រូវបានគេស្គាល់ថាគឺជាភេសជ្ជៈដែលមានតម្លៃថ្លៃ និង កម្ររកបាន។ ហើយមិនត្រឹមតែប៉ុណ្ណោះទេ វាថែមទាំងល្អចំពោះសុខភាពទៀតផង ហេតុនេះហើយទើបបានជាគេប្រើប្រាស់វាដើម្បីធ្វើជាឱសថជំនួយកម្លាំងអស់រយៈកាលជាយូរឆ្នាំណាស់មកហើយ។
គួរអោយដឹងដែរថា ទឹកត្រចៀកកាំគឺជាផ្នែកមួយនៃម្ហូបអាហាររបស់ប្រទេសចិន ច្រើនជំនាន់មកហើយ។ ម្យ៉ាងទៀតជនជាតិចិនចាប់ផ្តើមបរិភោគទឹកត្រចៀកកាំតាំងពីរជ្ជកាលម៉េងមកម្ល៉េះ។ ដោយនៅក្នុងព្រេងកថាខ្លះបានដំណាលថា Cheng Ho ដែលជាអ្នកផ្សងព្រេង និង ជាការទូតជនជាតិចិនម្នាក់ គឺជាមនុស្សដំបូងគេបង្អស់ដែលបានសាកល្បងទទួលទានទឹកត្រចៀកកាំ។
នៅក្នុងនោះពួកគេបានរៀបរាប់ថា នៅសត្សវត្សទី១៥ Cheng Ho និង ក្រុមការងាររបស់គាត់បានប្រទះនឹងខ្យល់ព្យុះបក់បោកយ៉ាងខ្លាំងនៅពេលកំពុងធ្វើដំណើរតាមសមុទ្រ។ ខណៈពេលនោះពួកគាត់ត្រូវបានជាប់គាំងនៅលើកោះមួយក្នុងប្រទេសម៉ាឡេស៊ី ដោយគ្មានស្បៀងអាហារគ្រប់គ្រាន់នោះឡើយ។ ហើយដោយភាពស្រេកឃ្លាន គាត់ និង ក្រុមការងារក៏បរិភោគសម្បុកត្រជៀកកាំមួយដែលនៅទើរជាប់នឹងច្រាំងសមុទ្រនៃកោះនោះ។ រីឯអ្វីដែលគួរអោយភ្ញាក់ផ្អើលគឺបន្ទាប់ពីការបរិភោគសម្បុកត្រចៀកកាំនោះហើយ ពួកគាត់ក៏មានអារម្មណ៍ថាលែងឃ្លាន និង ថែមទាំងមានកម្លាំងទៀតផង។
Cheng Ho ក៏គិតថា សម្បុកត្រចៀកកាំនេះគឺសម្បូរទៅដោយជីវជាតិ និង ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព ដូចនេះហើយគាត់ក៏បានចម្រាញ់វាចេញជាទឹកត្រចៀកកាំ និងយកទៅថ្វាយព្រះមហាក្សត្រ។ រួចចាប់តាំងពីពេលនោះមក ទឹកត្រចៀកកាំក៏ត្រូវបានគេយកមកទទួលទានដើម្បីផ្តល់កម្លាំង និងសារធាតុចិញ្ចឹមដល់រាងកាយ។
ក្រោយមកអ្នកវិទ្យាសាស្រ្តក៏បានរកឃើញថា ទឹកត្រចៀកកាំគឺថែមទាំងសម្បូរទៅដោយ Epidermic Growth Factor(EGF) ដែលជួយឲ្យកោសិកាលូតលាស់ បម្លែងខ្លួនបានលឿន និង ពង្រឹងប្រព័ន្ធសុំាបានយ៉ាងល្អប្រសើរ។ ចំណែកឯជាតិកាល់ស្យូមដែលមានក្នុងទឹកត្រចៀកកាំ គឺអាចជួយឲ្យរាងកាយស្រូបយកវីតាមីន B12 បានល្អជាងមុន។ ដូច្នេះហើយទើបសម្បុកត្រចៀកកាំក៏ត្រូវបានប្រើប្រាស់ជារូបមន្តសម្រាប់ថែរក្សាសម្រស់ឲ្យនៅក្មេងខ្ចីផងដែរ៕
ប្រភព ៖ បរទេស
ប្រែសម្រួល៖ Sreynoch Long
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក