ដូចដែលយើងបានស្គាល់រួចហើយថា ព្រះនាងតូច នរោត្តម ចេនណា គឺជាសែរាជវង្សដែលបានឈានជើងចូលទៅក្នុងវិស័យសិល្បៈត្រឹមមានព្រះជន្មវ័យក្មេង ៨ វស្សាប៉ុណ្ណោះ តែទ្រង់ហាក់មានភាពលេចធ្លោខ្លាំង ក្នុងវិស័យសិល្បៈស្ទើរគ្រប់ទម្រង់តែម្តង។
ព្រះនាងតូច ទ្រង់មានទេពកោសល្យទាំងផ្នែកក្បាច់រាំជាតិ និងអន្តរជាតិ ទ្រង់អាចច្រៀងបទចម្រៀងបានជាច្រើនភាសា ថែមទាំងមានទេពកោសល្យសម្តែងមិនធម្មតាទាំងការសម្តែងបទចម្រៀងផងដែរ។
ទៀតសោត ព្រះនាងតូចក៏មានរូបរាងតូចច្រឡឹង ស្រស់ស្អាតបីធម្មជាតិ ដែលរូបរាងរបស់ព្រះនាង មិនថាគ្រងឈុតបែបសម័យ ឬបុរាណនោះឡើយ គឺសុទ្ធតែសក្តិសម និងស្រស់ស្អាតជាខ្លាំង។
យ៉ាងណាមិញ ឈុតមួយដែលព្រះនាងកំពុងតែគ្រងនៅពេលនេះ រឹតតែធ្វើឱ្យមានភាពទាក់ទាញកាន់តែខ្លាំងទ្វេរដង ព្រោះនេះគឺជាឈុតតំណាងឱ្យខ្មែរ ដែលមានឈ្មោះថា « ព្រះរាជធិតាទាយាទអង្គរ បរមវិស្ណុលោកទេវីអប្សរ » ដែលឈុតនេះដែរ ក៏មានអត្ថន័យថា ស្រ្តីទេពអប្សរ ស្រ្តីសួគ៌ ដែលមានសម្បុរស្រស់ថ្លា ផូរផង់ ស្អាតដាច់គេមួយអង្គ និងមានដើមកំណើតពីការ កូរសមុទ្ទ ទឹកដោះរវាងទេវៈ និងអសុរា ដើម្បីយកទឹកអម្រឹត នាឯមហាប្រាសាទបរមវិស្ណុលោក ( ប្រាសាទអង្គរវត្ត នាសម័យបុរាណ )។
ឈុតនេះដែរ គឺជាឈុតច្នៃ និងសាកល្បងតម្លើងថ្មី ដែលត្រូវបានរចនាឈុតនឹងតម្លើងដោយ ៖ Ah bot bot & Ah Huy Huy ។ គ្រាន់តែឃើញព្រះនាងគ្រងឈុតនេះភ្លាម ពិតជាទទួលបានអារម្មណ៍ប្លែក និងស្ញើចសរសើរមិនដាច់ពីមាត់ពីរូបសម្រស់របស់ព្រះនាង ជាមួយនឹងឈុតដ៏ស្រស់ត្រកាលមួយនេះ៕