មុនដល់ថ្ងៃសែនចូលឆ្នាំចិន ជាទូទៅបងប្អូនខ្មែរដែលមានសែស្រឡាយចិន រមែងឆ្លៀតពេលបោសសម្អាត រៀបចំផ្ទះ ហើយទីតាំងអាសនៈក៏ពួកគេចាំបាច់ត្រូវសម្អាតផងដែរ។ យ៉ាងណាក្បួនដុសសម្អាតនេះសោត គឺសុទ្ធតែមានក្បួនច្បាប់របស់គេត្រឹមត្រូវ ដោយតាមហុងស៊ុយ គឺវាសំខាន់ណាស់ បើធ្វើខុសអាចនាំឲ្យអាប់លាភ។
តាមអ្នកជំនាញផ្នែកហុងស៊ុយណែនាំមកថា ការប្រើប្រាស់ទឹកត្រជាក់ធម្មតា ទៅសម្អាតអាសនៈ គឺជារឿងមិនត្រឹមត្រូវទេ ព្រោះបើចង់លាភសំណាងហូរចូលផ្ទះពិតប្រាកដ គឺត្រូវតែប្រើប្រាស់ទឹក ៣ ប្រភេទខាងក្រោម៖
៣) ស្រាលាយជាមួយខ្ញី
ពេលសម្អាតអាសនៈ គឺមានការលាងសម្អាតបន្ទះក្តារតូចៗ ឬរូបចម្លាក់អាសនៈ ដូច្នេះការប្រើប្រាស់ទឹកត្រជាក់ គឺជារឿងមិនត្រឹមត្រូវឡើយ។ ផ្ទុយទៅវិញ តាមជំនឿ គេជឿថា ខ្ញី បូកសុរា គឺមានឥទ្ធិពលក្នុងការបណ្តេញគ្រោះចង្រៃពីឆ្នាំចាស់ ហើយទាក់យកលាភសំណាងចូលមកក្នុងឆ្នាំថ្មី។ ជាងនេះជាតិអាកុល បូកនឹងខ្ញីក៏គេជឿថា វាអាចលាងសម្អាតជ្រះបានល្អជាងទឹកធម្មតាផងដែរ។
២) ស្រាលាយជាមួយខ្ទឹមស
ដូចខ្ញីដែរ ខ្ទឹមស លាយជាមួយនឹងជាតិអាកុល មិនត្រឹមតែមានប្រសិទ្ធភាពអាចកម្ចាត់ស្នាមប្រឡាក់បានល្អប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យសភាពចានធូប រូបចម្លាក់មើលទៅភ្លឺដូចថ្មីថែមទៀត។ តាមជំនឿ ខ្ទឹមសនេះសោត ក៏អាចជួយបណ្តេញសំណាងអាក្រក់ទាំងឡាយ ដែលតោងជាប់នោះ ឲ្យខ្ចាត់ខ្ចាយពីជីវិតអ្នកផងដែរ។
១) ទឹកបាវសៃ
តាមការណែនាំរបស់គេហទំព័រវៀតណាមមួយ បានឲ្យដឹងថាទឹកបាវសៃ ដែលផ្សំចេញពីរុក្ខជាតិចំនួន ៥ មុខនៅខាងក្នុងនោះ ក៏អាចលាងសម្អាត ទីតាំងអាសនៈបានល្អផងដែរ។ ទាំងរូបសំណាក វត្ថុតំណាងដូនតាមួយចំនួន គេណែនាំឲ្យប្រើប្រាស់ទឹកនេះមកលាងសម្អាត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក