ផ្ទះបាយមិនត្រឹមតែជាកន្លែង សម្រាប់ចម្អិន ឬទទួលទានអាហារប៉ុណ្ណោះទេ បើក្នុងក្បួនហុងស៊ុយ វាក៏មានការផ្សារភ្ជាប់ទៅកាន់ឥទ្ធិពលនៃទ្រព្យសម្បត្តិរបស់ម្ចាស់ផ្ទះផងដែរ។ ការរៀបចំផ្ទះបាយ ត្រឹមត្រូវតាមក្បួននោះ នឹងលើកយីអ៊ុនម្ចាស់ផ្ទះ តែបើធ្វើខុស នោះនឹងឲ្យអាប់លាភ៖
៤) ចង្ក្រានត្រូវដាក់បញ្ច្រាសនឹងទិសខ្លោងទ្វារធំនៃផ្ទះ
ចង្រ្កានដែលជារបស់មានអណ្តាតភ្លើងឆេះឡើង តាមក្បួនគេណែនាំឲ្យដាក់បែរមុខបញ្រ្ចាសនឹងទិសខ្លោងទ្វារមេនៃផ្ទះ។
ប្រសិនជាជ្រុលរៀបចំ ឬផ្ទះចង្អៀតមិនអាចបង្វិលទីតាំងបាន នោះត្រូវតែយកអ្វីមួយមកបំបែកចំកណ្តាល។ លើសពីនេះ ចង្រ្កានក៏មិនណែនាំឲ្យដាក់នៅជាប់នឹងបង្អួចបើកបិទផងដែរ ព្រោះវាអាចនាំឲ្យប៉ះពាល់ដល់ភាពសុខដុមរមនារបស់គ្រួសារ។
៣) កុំឲ្យផ្ទះបាយរញ៉េរញ៉ៃ
ផ្ទះបាយត្រូវមានខ្យល់ចេញចូលស្រួលបួល ជៀសវាងការស្ទះខ្យល់។ ក្លិននិងឧស្ម័នដែលប្រើប្រាស់ ត្រូវមានលំហូរ ដើម្បីឲ្យវាឆ្លងកាត់ដោយស្រួលបួល ហើយសោភ័ណភាពនេះសោត ការដែលរៀបចំស្អាតបាតជាប់លាប់ នោះក៏នឹងអាចលើកយីអ៊ុនរបស់ម្ចាស់ផ្ទះបានដូចគ្នា។
២) ការដាក់ទីតាំងនៃឡាបូផ្ទះបាយ
ឡាបូ ឬកន្លែងលានចាន បើកទឹក វាមិនស៊ីគ្នានឹងភ្លើងទេ តាមក្បួនត្រូវដាក់ឲ្យឆ្ងាយពីទីតាំងចង្ក្រានយ៉ាងហោចណាស់ ៦០ សង់ទីម៉ែត្រ។ ប្រសិនបើទំហំផ្ទះបាយធំ គួរតែច្នៃទម្រង់ឡាបូ ឲ្យចេញជាអក្សរ L នោះគឺកាន់តែទទួលបានសំណាងល្អ។
១) ទីតាំងនៃទ្វារផ្ទះបាយបើផ្ទះបាយមានទ្វារបើកចេញចូល អ្នកត្រូវតែដាក់ទិសនៃទ្វារ បែរកុំឲ្យប៉ះទ្វារបន្ទប់គេង ជារួមត្រូវកំណត់ពីរទីតាំងនេះ កុំបែរមុខចូលគ្នាដាច់ខាត។ តាមក្បួន វាអាចនាំឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិម្ចាស់ផ្ទះ ហើយនាំឲ្យគ្រួសារមានទំនាស់ជារឿយៗ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក