ពិធីបុណ្យចូលឆ្នាំចិន សម្រាប់ឆ្នាំ ២០២២ គឺនឹងឈានចូលមកដល់នៅចន្លោះថ្ងៃទី ៣១ មករា ដល់ ៣ កុម្ភៈ ខណៈដែលថ្ងៃសែនដកជើងធូប គឺមុននៅ ៥ ថ្ងៃ ពោលចំថ្ងៃទី ២៦ មករា។
ជាការពិត បងប្អូនដែលមានខ្សែស្រឡាយចិន តែងតែមានទម្លាប់ចាប់ផ្តើមបោសសម្អាតនិងរៀបចំផ្ទះ ដើម្បីស្វាគមន៍ឆ្នាំថ្មី នៅកំឡុងថ្ងៃសែនដកជើងធូបនោះឯង ហើយងាកមកក្នុងអត្ថបទនេះ យើងសូមបង្ហាញពីក្បួនហុងស៊ុយ នៅថ្ងៃបោសសម្អាតនោះ ប្រសិនឃើញរបស់ ៣ នេះក្នុងផ្ទះ ចាំបាច់ត្រូវតែយកវាទៅចោល មិនត្រូវរក្សាទុកនោះទេ ព្រោះវាអាចនាំឲ្យអាប់លាភ៖
៣) ប្រតិទិនចាស់
វាជានិមិត្តសញ្ញាតំណាងឲ្យពេលវេលា ដូច្នេះវាក៏អាចផ្សារភ្ជាប់ទៅនឹងរឿងរ៉ាវអាក្រក់មួយចំនួនដែលបានកើតឡើងកាលពីអតីតកាល។ ដូច្នេះហើយតាមក្បួន សម្រាប់ប្រតិទិនឆ្នាំចាស់ គេមិនទម្លាប់ឲ្យរក្សាទុកទេ ជារួមត្រូវតែបោះវាចោល ហើយជំនួសមកបំពាក់នូវប្រតិទិនថ្មី ដើម្បីព្យួរនៅជញ្ជាំង ឬដាក់តាំងលើតុ។
២) នាឡិកាខូច
នាឡិកាក៏ជានិមិត្តសញ្ញា នៃរង្វិលពេលវេលា រួចក៏ផ្សារភ្ជាប់ទៅនឹងជោគវាសនារបស់មនុស្សដូចគ្នា។ ដូច្នេះហើយ បើនាឡិកានោះងាប់ ឬខូច វាស្មើនឹងជោគវាសនាត្រូវបានបញ្ឈប់ ផ្អាក ឬទទួលរងការរាំងស្ទះណាមួយ។
ជារួម វាផ្សារភ្ជាប់ទៅនឹងសំណាងអាក្រក់ដល់ម្ចាស់ផ្ទះ។ ដូច្នេះពេលបោសសម្អាត បើចៃដន្យបានឃើញនាឡិកាងាប់ ឬខូច គួរតែប្រញាប់ប្តូរថ្ម ជួសជុល ឬបោះវាចោល។ ជារួមហាមផ្តាច់ នាឡិកាងាប់មិនឲ្យនៅបន្តព្យួរជាប់ជញ្ជាំងផ្ទះឡើយ។
១) កាបូបលុយដែលរហែក
កាបូបលុយដែលលែងប្រើប្រាស់ ហើយរហែក ក៏មិនណែនាំឲ្យរក្សាទុកនៅខាងក្នុងផ្ទះដែរ។ វាជារបស់ទុកដាក់លុយកាក់ ដូច្នេះវាមានទំនាក់ទំនងនឹងទ្រព្យចេញចូលរបស់អ្នក។
ឆ្លៀតពេលបោសសម្អាតផ្ទះ បើបានឃើញវា អ្នកគួរតែយកវាទៅចោល ហើយហាមប្រគល់ឲ្យអ្នកដទៃប្រើប្រាស់បន្ត ជាមួយរឿងកាបូបលុយនេះមួយ ដែលវាប៉ះពាល់ដល់យីអ៊ុនមនុស្ស មិនដូចខោអាវឬរបស់របរឯទៀតឡើយ។ ដូច្នេះយកល្អ បើមានលទ្ធភាពគួរតែប្តូរវាថ្មី យកមកប្រើប្រាស់ ឬបើអត់លទ្ធភាពគួរតែដេរវាឲ្យបានស្អាតសឹមប្រើប្រាស់បន្ត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក