ការគេងលក់ស្កប់ស្កល់គឺជាកត្តាសំខាន់ណាស់ ដោយវាផ្សារភ្ជាប់ទៅនឹងសុខភាពរបស់អ្នក។ ក្នុងអត្ថបទនេះ Knongsrok ណែនាំនូវ ៤ វិធី សម្រាប់សង្កត់ជីពចរ ហើយចាយពេលមិនដល់ ១០ នាទីឡើយ៖
៤) ជីពចរកដៃ
ត្រង់ផ្នែកកដៃរបស់អ្នក មានជីពចរ [ដូចបង្ហាញក្នុងរូប] ចូរប្រើប្រាស់មេដៃម្ខាងទៀត ទៅចុចលើទីតាំងនោះ ដោយអនុវត្តប្រហែល ៣ នាទី ដល់មានអារម្មណ៍ថារាងឈឺចាប់បន្តិចបន្តួច។
ការអនុវត្តនេះ គឺមានប្រយោជន៍ក្នុងការគ្រប់គ្រងចរន្តឈាមឲ្យរត់ស្រួល កាត់បន្ថយហានិភ័យជំងឺសរសៃប្រសាទ ការគេងមិនលក់ ក៏លែងជាបញ្ហា ហើយហានិភ័យនៃជំងឺបេះដូង ក៏ត្រូវបានកាត់បន្ថយដូចគ្នា។
៣) ចំហៀងកដៃខាងក្នុង
ត្រង់ផ្នែកចំហៀងកដៃខាងក្នុង ចូរយកមេដៃនៃដៃម្ខាងទៀត មកសង្កត់ចុចប្រហែល ៣០ វិនាទី។ ធ្វើបែបនេះ ប្រហែល ១០ ដង នោះអ្នកមានអារម្មណ៍ថា ដូចជាស្រឡះក្នុងខ្លួន អារម្មណ៍តានតឹងក៏ត្រូវបានកាត់បន្ថយ អាចជួយឲ្យអ្នកគេងលក់ស្កប់ស្កល់។
២) ជីពចរបាតជើង
ទាញប្រអប់ជើងម្ខាងរបស់អ្នក ហើយយកដៃទាំងសងខាងមកអនុវត្ត។ ដោយដៃម្ខាងច្របាច់ត្រង់ផ្នែកខាងលើម្រាមជើង ដៃម្ខាងទៀត ប្រើប្រាស់ម្រាមដៃពីរទៅសង្កត់ចុច ចំកណ្តាលផ្នែកបាតជើង ដល់ទទួលអារម្មណ៍ថារាងក្តៅៗ។ វិធីនេះគេឲ្យឈ្មោះថា ការម៉ាស្សាជីពចរបាតជើង ហើយការអនុវត្តទៀងទាត់ អាចជួយឲ្យអ្នកគេងលក់ស្កប់ស្កល់រាល់យប់ មិនដឹងភ្លឺ។
១) ចំណុចប្រសព្វនៃភ្នែកសងខាង
ចំណុចប្រសព្វកណ្តាល នៃភ្នែកទាំងសងខាង [ដូចបង្ហាញក្នុងរូប] ដំបូងឡើយសូមត្រដុសដៃរបស់អ្នកឲ្យរាងមានកម្តៅបន្តិច ហើយយកម្រាមដៃសងខាងមកចុចម៉ាស្សាថ្នមៗ ពីតំបន់សៀតផ្កា រហូតមកដល់ចំណុចប្រសព្វកណ្តាលនោះ។
វិធីនេះ គឺអាចធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាល បំបាត់ភាពតានតឹង ឈឺក្បាល និងអស់កម្លាំង ហើយអាចជួយឲ្យអ្នកគេងលក់ស្រួល៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក