ប្រាកដណាស់អ្នកម្តាយទាំងអស់ពេលមានផ្ទៃពោះ តែងតែមានអារម្មណ៍មួយគិតថា តើត្រូវធ្វើយ៉ាងដូចម្ដេចដើម្បីឲ្យទារកមានសុខភាពល្អរឹងមាំគ្រប់គ្រាន់? អំឡុងពេលមានផ្ទៃពោះ ម្តាយត្រូវយកចិត្តទុកដាក់លើអាហារណាដែលគួរញ៉ាំ និងអ្វីដែលគួរជៀសវាង។ ថ្ងៃនេះ យើងសូមណែនាំអាហារ ៥ ប្រភេទ សម្រាប់ម្តាយដែលមានផ្ទៃពោះទទួលទាន ដើម្បីចិញ្ចឹមទារកដែលមិនទាន់កើតឱ្យមានសុខភាពល្អ។
១. សាច់គ្មានខ្លាញ់
សាច់គ្មានខ្លាញ់ ដូចជា សុដន់មាន់ និងសាច់ជ្រូកចិញ្ច្រាំ គឺជាអាហារដ៏អស្ចារ្យ ដើម្បីជួយម្តាយគ្រប់គ្រងទម្ងន់របស់ទារក។ ម្យ៉ាងទៀតវាជាប្រភេទអាហារសម្បូរទៅដោយប្រូតេអ៊ីន ជាតិដែក និងវីតាមីន B ដែលជាសារធាតុចិញ្ចឹមដែលជួយអភិវឌ្ឍការលូតលាស់របស់ទារកក្នុងត្រីមាសទី ១ ផងដែរ។
២. ស៊ុត
ស៊ុតមាន់ ទា ឬពងក្រួច វាជាអាហារសម្បូរប្រូតេអ៊ីន អាស៊ីតហ្វូលិក អាស៊ីតអាមីណូ វីតាមីន និងសារធាតុរ៉ែសំខាន់ៗជាច្រើនទៀត។ សារធាតុចិញ្ចឹមទាំងនេះសុទ្ធតែជួយអភិវឌ្ឍអំប្រ៊ីយ៉ុងឱ្យលូតលាស់ និងឡើងទម្ងន់ក្នុងកម្រិតស្តង់ដារ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី អ្នកម្ដាយត្រូវបានគេណែនាំឱ្យញ៉ាំស៊ុត ១ គ្រាប់ក្នុងមួយថ្ងៃ ហើយចម្អិនជាមុនសិន។
៣. ស្លឹកបៃតង
បន្លែដូចជា ប្រូខូលី ខាត់ណាផា្កស្ព ឬខាត់ណាដើម មានជាតិសរសៃខ្ពស់ណាស់ ព្រមទាំងរួមចំណែកជួយដល់ប្រព័ន្ធរំលាយអាហារដំណើរការបានល្អ។ ប្រភេទបន្លែទាំងនេះ ក៏មានផ្ទុកនូវវីតាមីន A សារធាតុរ៉ែ ប្រូតេអ៊ីន និងកាល់ស្យូម ដែលជួយពង្រឹងខួរក្បាល ការលូតលាស់ឆ្អឹង និងការលូតលាស់សាច់ដុំ។
៤. គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិទាំងមូល ដូចជា អាល់ម៉ុន សណ្តែកក្រហម សណ្តែកសៀង ឬសណ្តែកខ្មៅ សម្បូរទៅដោយប្រូតេអ៊ីន កាបូអ៊ីដ្រាត និងខ្លាញ់សំខាន់ៗ ហើយក៏មានផ្ទុកនូវជាតិកាល់ស្យូម វីតាមីន B-complex និងជាតិដែក ដែលជួយដល់ការលូតលាស់របស់ទារកក្នុងផ្ទៃបានយ៉ាងល្អ។
៥. ទឹកដោះគោ ឈីស និងទឹកដោះគោជូរ
ទឹកដោះគោ ឈីស និងទឹកដោះគោជូរ គឺជាប្រភពនៃប្រូតេអ៊ីន និងកាល់ស្យូម មានសមត្ថភាពជួយពង្រឹងប្រព័ន្ធការពាររាងកាយ ជំរុញការលូតលាស់ និងជួយបង្កើនទម្ងន់ស្តង់ដារសម្រាប់ទារកក្នុងផ្ទៃ។ អ្នកម្ដាយមានផ្ទៃពោះ ត្រូវបានណែនាំអោយផឹកទឹកដោះគោយ៉ាងតិច ២០០-៥០០មីលីលីត្រក្នុងមួយថ្ងៃ ឬទទួលទានទឹកដោះគោជូរ ០% មិនលើសពី ២ពែងឡើយ។
ប្រភព៖ បរទេស