ជោគជ័យមិនបានកើតឡើងដោយឯកឯងនោះទេ ហើយជោគវាសនារបស់មនុស្ស គឺមនុស្សខ្លួនឯងនោះហើយ ជាអ្នកគូសវាស រៀបចំវាឡើង។ ប្រសិនចង់ឲ្យជោគវាសនាមានការផ្លាស់ប្តូរ ក្លាយទៅជាអ្នកមានបាន អ្នកត្រូវចងចាំនូវ ៥ ចំណុចខាងក្រោម៖
៥) បោះបង់ការគិតរឿងកំប៉ិកកំប៉ុក
គោលដៅសំខាន់របស់មនុស្សភាគច្រើន គឺចង់មានលុយសម្រាប់ចិញ្ចឹមគ្រួសារ និងទុកសម្រាកក្រោយពេលចូលនិវត្ត។ អ្នកមានប៉ុណ្ណាក៏ពួកគេនៅតែខំរកដែរ ដូច្នេះគោលដៅចម្បង គឺការប្រឹងប្រែងរកលុយ។
ពេលវេលាសប្បាយ កុំយកវាជាធំពេក កុំគិតថាខ្លួនមិនមានពេលវេលាសប្បាយជាមួយមនុស្សជុំវិញខ្លួននោះអី ទាំងអស់នោះជារឿងកំប៉ិកកំប៉ុកទៅវិញទេ។ តែនេះក៏មិនមានន័យថា មិនឲ្យអ្នកមានអារម្មណ៍សប្បាយ ឬលំហែខ្លួនខ្លះទេ តែត្រឹមឲ្យមានគោលដៅ កុំលើសលប់ពេក។
៤) រកបានភ្លេចសន្សំ
អ្នកខ្លះសប្បាយនឹងរក ក៏យកវាទៅចាយមួយអស់ដៃ។ បើរកបាន ១០ ចាយទាំង ១០ ឬអ្នកខ្លះចាយលើស ១០ ទៀតនោះ មានន័យថា អ្នកកំពុងដើរខុសគន្លងនៃបុគ្គលជោគជ័យហើយ។
មនុស្សខ្លាំង គឺខ្លាំងទាំងរក ខ្លាំងទាំងសន្សំ។ រកបាន ១០ បែងចែកមួយផ្នែកការចំណាយ បែងចែកមួយផ្នែកសន្សំទុក ដោយពួកគេយល់ច្បាស់ពីការគ្រប់គ្រងហិរញ្ញវត្ថុ នោះទើបគេហៅថា ជាមនុស្សជោគជ័យ។
៣) បង្កើតទម្លាប់ ព្យាយាមឆ្ពោះទៅរកការដំឡើងចំណូល
កុំគិតថា ខ្លួនឯងស្ថិតនៅកន្លែងមួយស្រួល ហើយគិតចង់នៅបន្តត្រឹមចំណុចប៉ុណ្ណឹងរហូតនោះ។ ឧទាហរណ៍៖ អ្នកកំពុងរកបាន ៥០០ ដុល្លារ/ខែ ដោយអ្នកគិតថាប៉ុណ្ណឹងគ្រប់គ្រាន់ហើយ មិនបាច់ខំប្រឹងទៀតទេ បើសល់ពេលទំនេរ ក៏យកទៅសម្រាកទៅ។
នោះគឺជាការគិតខុស មនុស្សដើរមិនឈប់នោះទេ មនុស្សកាន់តែមាន គេកាន់តែខំ គេមិនសូវមានពេលទំនេរច្រើនដូចជាអ្នកឡើយ។ ដូច្នេះចូរបង្កើតគោលដៅជីវិត ដាក់ផែនការណ៍ថា ខ្លួនត្រូវតែបោះជំហានទៅមុខជានិច្ច បើសុាំនឹងចំណុចទី ១ ហើយ គួរត្រៀមខ្លួនបោះជំហានឡើងទៅចំណុចទី ២ រហូតដល់អ្នកមើលឃើញថា ចំណុចទី ១ គ្រាន់តែជារឿងតូចតាចសម្រាប់អ្នក។
២) កុំទិញរបស់អ្នកដែលទិញមិនបាន
ការសន្សំល្អហើយ តែកុំសន្សំដើម្បីទិញរបស់ដែលហួសមាឌ នេះមិនបានសំដៅទៅតែសំលៀកបំពាក់ទេ តែសំដៅទៅគ្រប់របស់របរទាំងអស់ ដែលអាចជាកម្មសិទ្ធិរបស់អ្នក ហើយវាមានតម្លៃហួសប្រមាណ។
ពាក្យសាមញ្ញមួយផ្សេងទៀត ចូរកុំរស់នៅដើម្បីតែសម្ភារៈនិយម។ នេះមានន័យថា ជាឧទាហរណ៍ កុំខំរកដើម្បីយកលុយទៅបង់រំលស់ទូរសព្ទដែលមានតម្លៃ ១ ពាន់ដុល្លារ ផ្ទុយទៅវិញ គួរប្រើរបស់ដែលមានតម្លៃសមរម្យ ហើយស៊ូយកលុយដែលសន្សំបាន ទៅវិនិយោគលើគម្រោងលុយបង្កើតលុយណាមួយ ទើបជារឿងល្អ។
១) នៅឲ្យឆ្ងាយពីទំនាក់ទំនង Toxic
មិនថាជាមួយមិត្តភក្តិ ជាមួយមនុស្សដែលខ្លួនស្រលាញ់ កុំយកខ្លួនទៅបៀតនឹងមនុស្សដែលមានការគិតមិនល្អ ការគិតអវិជ្ជមាន ព្រោះយូរទៅវានឹងនាំឲ្យអ្នក ធ្លាក់ចូលអារម្មណ៍ Toxic ពោលអាចនាំឲ្យប៉ះពាល់ដល់ការគិត និងការរកប្រាក់ចំណូលរបស់អ្នក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក