ស្បែកជើងជារបស់ដែលមនុស្សប្រើប្រាស់ជាចាំបាច់រៀងរាល់ថ្ងៃ តែយ៉ាងណាវាក៏អាចផ្សារភ្ជាប់ទៅនឹងឥទ្ធិពលអាក្រក់ ឬល្អនៃយីអ៊ុនរបស់បុគ្គលនោះផងដែរ។ ខាងក្រោម Knongsrok បង្ហាញពីក្បួននៃការប្រើប្រាស់ស្បែកជើងទាំង ៤ ដែលត្រូវជៀសវាង បើមិនចង់ឲ្យរាសីស្រុតចុះ៖
៤) កុំដាក់ស្បែកជើងខុសទីតាំង
ទីតាំងល្អ និងសមរម្យបំផុត ក្នុងការដាក់ស្បែកជើង ដំបូងបង្អស់គឺមាត់ទ្វារ ឬជាប់មុខទ្វារធំចេញចូលផ្ទះ។ តាមក្បួនវិទ្យាសាស្ត្របើពាក់ចូលផ្ទះ វាពាំនាំមេរោគ បាក់តេរី ដែលយើងមើលមិនឃើញ ហើយបើតាមក្បួនហុងស៊ុយ វាអាចបង្កើតថាមពលអាក្រក់ នាំឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់ម្ចាស់ផ្ទះ។ ដូច្នេះទើបគេមិនណែនាំឲ្យទុកវារប៉ាត់រប៉ាយតាមចិត្តចង់ក្នុងផ្ទះនោះទេ។
៣) គួរមានទូដាក់ស្បែកជើង
បើមិនចង់ដាក់ខាងក្រៅ ក៏គួរមានទូដាក់ស្បែកជើងនៅខាងក្នុងផ្ទះ ហើយអាចដាក់វានៅក្បែរមាត់ទ្វារចេញចូលផ្ទះ។ គួរជ្រើសរើសទូដែលមានទ្វារបិទបើកកាន់តែល្អ ដើម្បីទប់មិនឲ្យមានលំហូរថាមពលអាក្រក់ចូលទៅក្នុងផ្ទះ។
២) ការជ្រើសរើសទូដាក់ស្បែកជើង
មិនត្រូវប្រើប្រាស់ទូដាក់ស្បែកជើង ដែលមានថ្នាក់តិចជាន់ពេកទេ ជារួមគួរជ្រើសរើសដល់ ៣ ទៅ ៥ ជាន់កាន់តែល្អ តែមិនឲ្យខ្ពស់ពេក ដល់លើសពី ៥ ជាន់។
យោងតាមហុងស៊ុយវាផ្សារភ្ជាប់ទៅនឹងធាតុទាំង ៥ ដូច្នេះទើបគេតម្រូវថា បើអាចរើសយកប្រភេទ ៥ ថ្នាក់ ឬ ៥ ជាន់បានកាន់តែល្អ សម្រាប់យីអ៊ុនម្ចាស់ផ្ទះ។
១) យកចិត្តទុកដាក់លើទិស
ពេលប្រើប្រាស់រួច ត្រូវដាក់ស្បែកជើងបែរក្បាលទៅទិស តម្រង់ចូលខាងក្នុង មិនគួរដាក់ស្បែកជើងបែរក្បាលមកខាងក្រៅនោះឡើយ។
តាមហុងស៊ុយក្បាលស្បែកជើង ដែលជាកន្លែងម្រាមជើងរបស់យើងចង្អុលទិសចូលបិទជិតក្នុងទូ គឺជារឿងល្អ តែបើចង្អុលចូលទិសមកក្នុងផ្ទះ វាបញ្ច្រាសពីក្បួន នាំឲ្យប៉ះពាល់ដល់ហុងស៊ុយទៅវិញ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក