ក្រពះគឺជាសរីរាង្គដ៏សំខាន់ក្នុងរាងកាយមនុស្សម្នាក់ ហើយវាមានតួនាទីចាំបាច់ក្នុងការរំលាយអាហាររបស់ ប៉ុន្តែអ្នកក៏ត្រូវដឹងថា វាងាយរងគ្រោះខ្លាំងណាស់ ប្រសិនបើអ្នកមិនបានថែទាំឱ្យបានត្រឹមត្រូវ។
ផឹកទឹកច្រើនពេក
ជាធម្មតារាងកាយរបស់យើងត្រូវការបរិមាណទឹកជាក់លាក់ ប៉ុន្តែក៏មិនមែនមានន័យថា ផឹកទឹកឱ្យបានច្រើនតាមតែអាចធ្វើទៅបាននោះទេ។ ជាពិសេសបន្ទាប់ពីញាំអាហារឆ្អែត ប្រសិនបើអ្នកផឹកទឹកច្រើនពេក នឹងបង្កើនសម្ពាធក្រពះពោះវៀន និងធ្វើឱ្យក្រពះពិបាករំលាយអាហារ។
ញ៉ាំលឿនពេក
នៅពេលអ្នកញ៉ាំលឿនពេក អាហារនឹងមិនត្រូវបានទំពារឲ្យហ្មត់ចត់ ដូច្នេះរាងកាយនឹងស្រូបយកអាហារយ៉ាងច្រើនក្នុងរយៈពេលដ៏ខ្លី ដែលធ្វើឲ្យអាហារកកកុញក្នុងក្រពះច្រើន។ សកម្មភាពនេះអាចដាក់សម្ពាធលើជញ្ជាំងក្រពះ ធ្វើឱ្យជញ្ជាំងក្រពះកន្ត្រាក់ជាបន្តបន្ទាប់ផងដែរ។
លើសពីនេះ ការញ៉ាំលឿនពេកក៏បង្កគ្រោះថ្នាក់ដល់ការរំលាយអាហារ និងស្រូបយកសារធាតុចិញ្ចឹមរបស់រាងកាយ ដែលយូរៗទៅអាចបង្កើនហានិភ័យនៃជំងឺដូចជា ការចាល់អាស៊ីត ដំបៅក្រពះ និងសូម្បីតែមហារីកក្រពះ។ ដូច្នោះ អ្នកគួរតែទំពារប្រហែល ២០ ដងមុនពេលលេបដើម្បីឱ្យអាហារត្រូវបានកំទេច បន្ថយសម្ពាធលើជញ្ជាំងក្រពះ និងប្រព័ន្ធរំលាយអាហារ កាត់បន្ថយហានិភ័យនៃជំងឺក្រពះ។
ធ្វើលំហាត់ប្រាណខ្លាំងពេកបន្ទាប់ពីញ៉ាំ
ក្រោយពេលញ៉ាំអាហារភ្លាមអ្នកធ្វើលំហាត់ប្រាណ អាចធ្វើឲ្យក្រពះងាយឈឺ។ មូលហេតុគឺដោយសារតែ ១-៣ ម៉ោង បន្ទាប់ពីញ៉ាំអាហារឈាមត្រូវតែប្រញាប់ប្រញាល់បញ្ជូលទៅសរីរាង្គរំលាយអាហារដើម្បីបំពេញភារកិច្ចកែច្នៃអាហារ។ ប្រសិនបើអ្នកហាត់ប្រាណខ្លាំងក្នុងអំឡុងពេលនោះ នឹងបង្ខំឱ្យឈាមច្រើនចែកចាយទៅសាច់ដុំ នាំឱ្យឈាមមិនគ្រប់គ្រាន់សម្រាប់សរីរាង្គរំលាយអាហារ ប៉ះពាល់ដល់មុខងាររបស់ក្រពះ ងាយឈឺក្រពះ។។
ជក់បារី
ការជក់បារីមិនត្រឹមតែប៉ះពាល់ដល់សួតប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ក្រពះទៀតផង។ ជាតិនីកូទីនក្នុងបារីធ្វើឱ្យសរសៃឈាមក្នុងក្រពះរួមតូច ដោយហេតុនេះបំផ្លាញស្រទាប់ក្រពះ និងកាត់បន្ថយសមត្ថភាពបញ្ចេញទឹកក្រពះដើម្បីរំលាយអាហារ។
ប្រភព៖ បរទេស