សម្រាប់មនុស្សស្រីទាំងឡាយ ប្រសិនក្នុងទំនាក់ទំនងស្នេហា ហើយអ្នកអាចទទួលបាន ១ ក្នុងចំណោមទង្វើទាំង ៣ នេះពីដៃគូ នោះរាប់បានថាអ្នកជានារីសំណាងមួយក្នុងលោក ព្រោះអីទង្វើទាំងអស់នោះ លុយក៏មិនអាចទិញបានដែរ៖
៣) ការគោរព
ពាក្យថាគោរពនេះមួយម៉ាត់ ងាយនិយាយចេញពីមាត់ តែទង្វើពិតគឺពិបាកនឹងធ្វើបានណាស់។ ការឲ្យតម្លៃ ការគោរពទៅវិញទៅមក ជារឿងចាំបាច់បំផុតក្នុងជីវិតគូ។
បុរសដែលរាប់ថា គោរពនារីដែលខ្លួនស្រលាញ់ គឺគាត់បានផ្តល់ការសម្រេចចិត្តគ្រប់យ៉ាងឲ្យនាងជួយគិត ជួយគូរ ជួយសម្រេចចិត្ត ដោយមិនឯកច្ឆន្ទតែម្នាក់ឯងឡើយ។ មិនថារឿងតូចរឿងធំ គឺបុរសនោះ តែងតែសួរនាំទៅកាន់នាងជានិច្ច។
មួយផ្សេងទៀតសកម្មភាពនៅខាងក្រៅ បុរសនោះឲ្យតម្លៃស្រ្តីជាភរិយា ឬគូស្នេហ៍ខ្លាំងណាស់ ដោយយកចិត្តទុកដាក់តាំងពីក្បាលដល់ចុងជើង តាំងពីដំណើរទៅមកគ្រប់សព្វ មិនឲ្យនាងមានអារម្មណ៍ថា មិនសុវត្ថិភាព ឬខ្លាចក្រែងអ្វីមួយនោះឡើយ។ ជារួមគាត់នឹងដើរតួ គ្រប់មុខងារតាមមើលថែនាង យ៉ាងល្អិតល្អន់គ្រប់ជ្រុងជ្រោយ ដ្បិតបើទៅថ្ងៃមុខបានក្លាយជាប្តីប្រពន្ធនឹងគ្នាហើយក៏ដោយ។
២) ជួយប្រពន្ធធ្វើការងារផ្ទះ
មិនមែនអាងខ្លួនឯង ជាប់រកលុយខាងក្រៅ ហើយលែងខ្វល់នឹងការងារខាងក្នុងផ្ទះនោះទេ។ មើលពីសំបកក្រៅអ្នកគិតថាតូច តែទោះតិចច្រើន សកម្មភាពដែលអ្នកចូលរួមជួយនាងជាភរិយាបន្តិចបន្តួច នោះគឺរាប់ថាធំបំផុតហើយសម្រាប់នាង ក្នុងនាមជាមនុស្សស្រី។
បុរសដែលល្អបំផុត ក្រោយចេញពីបម្រើការងារ ឬចប់កាតព្វកិច្ចរកស៊ី គាត់បានមកជួយសម្រាលការងារភរិយា ដោយទុកពេលឲ្យភរិយាមានពេលវេលាសម្រាក ហើយគាត់មិនបានផ្តោតថាអាងខ្លួនឯងរកលុយ រួចចង់ធ្វើក៏បានមិនធ្វើក៏បាននោះទេ។
១) លើកទឹកចិត្តភរិយាជានិច្ច
មិនថាតែនាងបានដើរផ្លូវខុស ឬធ្វើការសម្រេចចិត្តណាមួយខុសហើយក៏ដោយ ក្នុងនាមជាប្តី គឺតែងតែនៅក្បែរជានិច្ច ផ្តល់កម្លាំងចិត្ត លួងលោម និងបង្ហាញការគាំទ្រនៅគ្រប់សកម្មភាពទាំងអស់។
បើខុសក៏ផ្តល់មតិកែតម្រូវ តែមិនស្តីបន្ទោស បើត្រូវក៏មានពាក្យកោតសរសើរ នោះទើបរាប់បានជាស្វាមីល្អ។ ប្រសិនអ្នកជាមនុស្សស្រី អ្នកចង់រៀននេះ ចង់ចាប់ជំនាញនេះ គាត់តែងតែគាំទ្រឈរនៅក្បែរ ជូនអ្នកទៅធ្វើការងារនោះ មិនឃាត់ឃាំងអ្នកឡើយ បើស្ថិតនៅស្ថានភាពសមស្របមួយដែរនោះ។ តើស្រ្តីដែលបានអានចំណុចទាំង ៣ ខាងលើនេះហើយ អ្នកខ្លួនឯងវិញ ទទួលបានប៉ុន្មានចំណុចហើយពីបុរសជាទីស្រលាញ់? បើទទួលបានទាំង ៣ យើងសូមចូលរួមអបអរផង ព្រោះអ្នកជាស្រ្តីសំណាងជាងគេមួយក្នុងលោក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក