ពាក្យថា "ខ្ជិល" មិនសុទ្ធតែអាក្រក់ទាំងអស់នោះទេ ជាពិសេសជាមួយរឿងទាំង ៣ ខាងក្រោមនេះ ដែលអ្នកគួរតែខ្ជិល ល្អច្រើនជាងឧស្សាហ៍ ព្រោះវាដូចនាំឲ្យអ្នកអាយុវែង ពន្យារអាយុអ្នកបាន ២០ ឆ្នាំ៖
៣) ខ្ជិលខឹង
តាមការស្រាវជ្រាវបង្ហាញថា ការខឹងច្រើន អាចបណ្តាលឲ្យអ្នកកើតជំងឺជាច្រើន រួមទាំងជំងឺបេះដូងផងដែរ។ ពេលខ្លះអ្នកមានបញ្ហាផ្លូវចិត្តច្រើន បែរជាទាញខ្លួនឯងឲ្យទៅធ្លាក់ក្នុងអន្លង់នៃគ្រឿងស្រវឹង ការជក់បារី ដែលសុទ្ធតែប៉ះពាល់សុខភាពធ្ងន់ធ្ងរទៅពេលខាងមុខ។
ដូច្នេះបើរឿងខ្លះខ្ជិលខឹង ខ្ជិលអន់ចិត្ត ខ្ជិលមានអារម្មណ៍មួម៉ៅទៅលើវា នោះជារឿងល្អទៅវិញ។ មនុស្សអាយុវែង រមែងមានសុខភាពផ្លូវកាយនិងផ្លូវចិត្តល្អ ពោលបើល្អផ្លូវកាយ ហើយចិត្តគ្រាំគ្រារាល់ថ្ងៃ នោះក៏រស់មិនបានយូរដែរ។
២) ខ្ជិលប្រើឧបករណ៍អេឡិចត្រូនិក
ទន្ទឹមនឹងពិភពលោកកំពុងអភិវឌ្ឍ អ្វីគ្រប់យ៉ាងនៅជុំវិញខ្លួនយើង សុទ្ធតែជាឧបករណ៍អេឡិចត្រូនិក ដែលវាជួយបានច្រើនដែរសម្រាប់បំពេញភាពខ្វះខាតនៃការរស់នៅប្រចាំថ្ងៃ។
យ៉ាងណាវាក៏មានផលប៉ះពាល់ច្រើនដូចគ្នា អ្នកប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកដូចជាទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍ដែលសុទ្ធតែបំពាក់ប្រព័ន្ធអ៊ីនធឺណិតកាន់តែច្រើន ក៏ទទួលរងផលប៉ះពាល់ពីការផលិតវិទ្យុសកម្មកាន់តែច្រើនដូចគ្នា ដែលនេះវាជះឥទ្ធិពលដល់ការពន្លឿនសរីរាង្គរាងកាយឲ្យចាស់ជាងវ័យ។
១) ខ្ជិលទទួលទាន
របបអាហារសំខាន់ណាស់ ពាក្យថាខ្ជិល ទទួលទាន មិនមែនឲ្យខ្ជិលគ្រប់អាហារទាំងអស់ទេ តែគួរខ្ជិលនូវអាហារដែលមិនបានផ្តល់ប្រយោជន៍មកកាន់រាងកាយ។ អាហារដែលខ្វះសារធាតុចិញ្ចឹម ដូចជាសាច់ជាប់ខ្លាញ់ច្រើន អាហារតាមផ្លូវដែលគេលក់ជាលក្ខណៈបំពង អាហារកែច្នៃ អាហារដែលមិនសូវស្អាត អ្នកគួរតែខ្ជិល កុំលូកវាគឺល្អបំផុត។
ជាការពិតការដែលក្រពះ ទទួលរងផលប៉ះពាល់ពីអាហារទាំងអស់នោះញឹកញាប់ពេក យូរទៅនឹងវិវត្តទៅជាជំងឺរលាកក្រពះ មានសម្ពាធឈាមកើនខ្លាំង ខ្លាញ់ក្នុងឈាម បណ្តាលឲ្យអាយុខ្លីដោយមិនដឹងខ្លួន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក