តាមក្បួនហុងស៊ុយបន្ទប់ទទួលភ្ញៀវ គួរតែរៀបចំឲ្យបានត្រឹមត្រូវ ព្រោះវាអាចប៉ះពាល់ដល់យីអ៊ុនម្ចាស់ផ្ទះ អាចនាំឲ្យឡើងចុះបានទៅតាមនោះ។ ខាងក្រោម Knongsrok ណែនាំនូវ ៤ ចំណុចដែលត្រូវជៀសវាង៖
៤) កុំទុករបស់គរច្រើនពេក
គ្រួសារជាច្រើនមានទម្លាប់ចេះតែរក្សាទុកនេះ ទុកនោះ យូរទៅក៏គរ ហើយឥវ៉ាន់ខ្លាំងមិនបានការអ្វីផងនោះ។ នៅក្នុងបន្ទប់ទទួលភ្ញៀវ ជាបន្ទប់លើកយីអ៊ុនល្អបំផុត ដែលតាមក្បួនគឺត្រូវឲ្យមានខ្យល់ចេញចូល និងបរិយាកាសពន្លឺហូរចេញចូលគ្រប់គ្រាន់។ ដូច្នេះការទុករបស់ច្រើនពេកនៅក្នុងបន្ទប់ទទួលភ្ញៀវ ក៏អាចនាំឲ្យប៉ះពាល់ដល់សំណាងម្ចាស់ផ្ទះផងដែរ។
៣) រាងចម្លែក
តាមអ្នកជំនាញហុងស៊ុយ ណែនាំថាបន្ទប់ទទួលភ្ញៀវគួរតែរៀបចំជារាងការ៉េ ឬចតុកោណកែង ពោលមិនគួររៀបជារាងត្រីកោណ ឬរង្វង់នោះទេ។ ការដែលធ្វើបន្ទប់ទទួលភ្ញៀវទៅជារាងចម្លែកពេក ក៏អាចបណ្ដាលឲ្យគ្រួសារជួបរឿងមិនល្អច្រើនផងដែរ។
យ៉ាងណាប្រសិនវាជ្រុលជាខូចទ្រង់ទ្រាយ ឬខុសទ្រង់ទ្រាយហើយ អ្នកអាចប្រើប្រាស់វាំងនន ឬរុក្ខជាតិមកតុបតែងដើម្បីបន្សាបថាមពលអាក្រក់បាន។
២) កុំព្យួររបស់មុត
អ្នកខ្លះចូលចិត្តព្យួរដាវ ព្យួរស្នែងសត្វផ្សេងៗ នៅក្នុងបន្ទប់ទទួលភ្ញៀវ ដែលរបស់មុតទាំងអស់នេះ វាអាចបង្កឲ្យងាយមានជម្លោះទាស់ទែងគ្នាបានក្នុងក្រុមគ្រួសារ។
១) សាឡុងដាក់ក្រោមរបាឈើឆ្កាង
នៅបន្ទប់ទទួលភ្ញៀវមួយចំនួន គេបានរចនាជាឈើធ្នឹម ឬខ្លះសម្រាប់ព្យួររបស់ផ្សេងៗ។ យ៉ាងណាគេមិនណែនាំឲ្យអ្នករៀបសាឡុងដាក់ក្រោមឈើនោះទេ ព្រោះវាអាចធ្វើឲ្យម្ចាស់ផ្ទះ មានស្មារតី ការគិតមិនល្អ នាំឲ្យធ្លាក់លាភសំណាងបាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក