ចង់បានចង្កេះស្តើង រាងស្លីម ហើយមានសុខភាពល្អ Knongsrok សូមណែនាំនូវវិធីសម្រកទម្ងន់ដ៏មានសុវត្ថិភាព និងប្រសិទ្ធភាពទាំង ៤ ខាងក្រោម៖
៤) បន្ថែមអាហារដែលមានជាតិសរសៃ ប្រូតេអ៊ីន
អ្នកគួរតែកាត់បន្ថយអាហារកំប៉ុង អាហារមានជាតិកាបូអ៊ីដ្រាត និងជាតិស្ករខ្ពស់តាមដែលអាចធ្វើទៅបាន។ នៅក្នុងបញ្ជីរបបអាហារជាប្រចាំរបស់អ្នក អ្នកគួរតែបន្ថែមអាហារមានជាតិប្រូតេអ៊ីន និងកាបូអ៊ីដ្រាតទាប តួយ៉ាងដូចជាសណ្ដែក ស៊ុត គ្រាប់ធញ្ញជាតិ ទ្រូងមាន់ ខ្លាញ់ត្រី។
ជាងនេះអ្នកត្រូវបន្ថែមប្រភេទបន្លែ មកកាន់របបអាហារប្រចាំថ្ងៃ ដោយវាមានផ្ទុកជាតិសរសៃច្រើន ជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ បន្ថែមភាពសាំ បញ្ចៀសជំងឺរ៉ាំរ៉ៃមួយចំនួនផងដែរ។
៣) កំណត់បរិមាណអាហារ
អ្នកគួរមានទម្លាប់ទទួលទានអាហារតិចៗ ចន្លោះ ៣-៤ ម៉ោងពីគ្នា។ មានន័យថា បើទទួលទានអាហារពេលព្រឹកហើយ គួរចន្លោះ ៣-៤ ម៉ោងទៀតសឹមលូកអាហារសម្រន់ ហើយអាហារសម្រន់នេះសោតក៏ត្រូវជ្រើសរើសឲ្យបានល្អដែរ យកល្អគួរតែជាប្រភេទផ្លែឈើ យ៉ាអួរ ឬគ្រាប់ធញ្ញជាតិ។
គួរបញ្ចៀសនូវប្រភេទអាហារសម្រន់ដែលមានជាតិខ្លាញ់ខ្ពស់ ដូចជាដំឡូងបារាំងបំពង ភ្លៅមាន់បំពង ដែលមានជាតិខ្លាញ់ខ្ពស់ នាំឲ្យឡើងទម្ងន់ មិនល្អនោះទេសម្រាប់សុខភាព សម្រាប់អ្នកមានទម្លាប់ទទួលទានវាជាប្រចាំ។
២) ផឹកទឹកឲ្យបានច្រើន
អ្នកខ្លះនិយាយថា ផឹកទឹកច្រើនបណ្តាលឲ្យធាត់។ តាមពិតទៅរឿងធាត់នេះ មិនមែនពាក់ព័ន្ធនឹងរឿងទទួលទានទឹកទេ តែមកពីរបបអាហារ។ ការរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយជារឿងល្អទៅវិញ ហើយវាអាចបង្កើនថាមពល ធ្វើឲ្យយើងឆាប់ឆ្អែត និងអាចមានប្រព័ន្ធរំលាយអាហារដំណើរការល្អ។ តាមអ្នកជំនាញពីចក្រភពអង់គ្លេស បានណែនាំថា សម្រាប់អ្នកចង់សម្រកទម្ងន់ គឺត្រូវទទួលទានទឹកយ៉ាងហោចណាស់ ១,៨ ទៅ ២,៤ លីត្រ/ថ្ងៃ ដោយនេះរាប់ទាំងជាតិទឹកនៃកាហ្វេ ឬទឹកស៊ុបផងដែរ។
១) ធ្វើលំហាត់ប្រាណ
ស្តាប់ទៅវាគួរឲ្យធុញទ្រាន់ដល់ចំណុចនៃការធ្វើលំហាត់ប្រាណ តែគ្មានការសម្រកទម្ងន់ដ៏ល្អណាមួយ ដែលចន្លោះចំណុចសំខាន់នេះទេ។ បើអ្នកកំណត់របបអាហារល្អហើយ តែគ្មានការធ្វើលំហាត់ប្រាណ នោះក៏នឹងមិនអាចបញ្ចេញជាតិពុល និងខ្លាញ់ពីរាងកាយបានល្អដែរ។
ត្រូវចាំថា ដំណើរការសម្រកទម្ងន់ ចាំបាច់គឺត្រូវឆ្លងកាត់ការអត់ធ្មត់ខ្ពស់ ហើយការធ្វើលំហាត់ប្រាណទៀងទាត់នេះសោត ក៏ជួយឲ្យអ្នកគេងលក់ស្រួល បង្កើនស្ថិរភាពសុខភាពមួយផ្នែកផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក