នៅក្នុងជីវិតគូរការខ្វែងគំនិតគ្នា ឬ ការឈ្លោះប្រកែកគ្នាគឺតែងតែកើតមានឡើងដោយសារតែបញ្ហាមិនសំខាន់មួយចំនួនរវាងប្តី និង ប្រពន្ធ។ ប៉ុន្តែតើអ្នកដឹងឬទេថា ហុងស៊ុយក៏អាចជះឥទ្ថិពលអាក្រក់ទៅលើទំនាក់ទំនងរវាងស្វាមី និង ភរិយា អោយឈ្លោះគ្នារកាំរកូសផងដែរ។
ដូច្នេះអត្ថបទខាងក្រោមនេះនឹងជួយអោយអ្នកដឹងពីរបៀបនៃការរៀបចំបន្ទប់សម្រាប់ប្តីប្រពន្ធ ដើម្បីអោយត្រូវនឹងក្បួនហុងស៊ុយ ៖
១. ស្វាមី និង ភរិយាត្រូវមានភួយតែមួយគត់សម្រាប់អ្នកទាំងពីរនាក់ ព្រោះវាជាការល្អបំផុតសម្រាប់ជីវិតគូ ហើយអ្នកមិនគួរមានភួយផ្សេងគ្នាលើគ្រែតែមួយនោះទេ។ ព្រោះប្រសិនបើមានភួយផ្សេងគ្នា នោះមានន័យថាប្តីប្រពន្ធរបស់អ្នកអាចនឹងមានរឿងមិនល្អនោះទេ។
២.ការមានធ្នឹមនៅក្នុងបន្ទប់គេងនឹងធ្វើអោយមានបញ្ហា ព្រោះវាមានទំនោរទាក់ទាញជម្លោះ និង ការឈ្លោះប្រកែកគ្នាដោយសារតែសម្ពាធដែលបណ្តាលមកពីធ្នឹម។ ម្យ៉ាងទៀត ស្ថានភាពនេះគឺតែងតែកើតឡើងនៅពេលដែលបន្ទប់ ២ ត្រូវបានបញ្ចូលគ្នាជាបន្ទប់តែមួយ ដោយសារតែជញ្ជាំងដែលត្រូវបានគេវាយចេញ និង ទុកធ្នឹម។ ដូច្នេះអ្នកមិនគួរសាងសង់ ឬ ស្នាក់នៅក្នុងបន្ទប់ដែលមានធ្នឹមនោះទេ។
៣. អ្នកត្រូវដាក់តុចំនួនពីរនៅចំហៀងម្ខាងនៃគ្រែ ក្រៅពីនេះអ្នកគួរតែដាក់ភ្លើងបំភ្លឺនៅសងខាងដើម្បីពង្រឹងទំនាក់ទំនងថែមទៀត។ បើមិនដូច្នោះទេ វានឹងបង្កបញ្ហាដល់ទំនាក់ទំនងអាពាហ៍ពិពាហ៍។
៤.ជៀសវាងលាបជញ្ជាំងពណ៌ផ្កាឈូក យកល្អអ្នកគួរកត់សំគាល់ពីពណ៌នៃថ្នាំលាបដែលអ្នកប្រើនៅក្នុងផ្ទះ ព្រោះវាជានិមិត្តរូបនៃឥទ្ធិពលផ្សេងៗដូចជា៖ មានគេតាមនិន្នា ការបង្កើតបញ្ហានៃការជ្រៀតជ្រែករបស់ភាគីទីបី និងទំនាក់ទំនងរបស់ប្តីប្រពន្ធកាន់តែអាក្រក់ទៅៗ។ ហេតុនេះហើយអ្នកគួរតែជ្រើសរើសពណ៌សសម្រាប់លាបជញ្ជាំង ព្រោះជាពណ៌ដែលល្អបំផុតនៅក្នុងក្បួនហុងស៊ុយ ដែលបញ្ចាក់ពីភាពបរិសុទ្ធ។
៥.កុំមានបន្ទប់ទឹករួមបញ្ចូលជាមួយបន្ទប់គេងរបស់អ្នក ព្រោះវាមិនត្រឹមតែបង្កឱ្យមានបញ្ហាសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានផលប៉ះពាល់ដល់ទំនាក់ទំនងអាពាហ៍ពិពាហ៍របស់អ្នកថែមទៀតផង។
៦. កុំមានគ្រែមួយទៀតនៅក្នុងបន្ទប់គេង ព្រោះអ្នកខ្លះចូលចិត្តដាក់គ្រែដេកបន្ថែមនៅខាងក្នុងបន្ទប់ដើម្បីសម្រាប់កូនៗរបស់ពួកគេ ប៉ុន្តែការដាក់គ្រែបន្ថែមនៅក្នុងបន្ទប់បែបនេះគឺជានិមិត្តរូបនៃភាគីទីបី។
៧.កុំមានកញ្ចក់នៅមុខគ្រែគេងរបស់អ្នក ឬ ឆ្លុះមកឃើញគ្រែ ព្រោះតាមបម្រាមហុងស៊ុយមានន័យថា វាបង្កឱ្យមានអសន្តិសុខ។ ហើយវាក៏ប៉ះពាល់ដល់អាពាហ៍ពិពាហ៍ផងដែរ ពីព្រោះការឆ្លុះបញ្ចាំងជានិមិត្តសញ្ញានៃការជ្រៀតជ្រែក ការមិនចុះសម្រុង និង តែងតែឈ្លោះប្រកែកគ្នាញឹកញាប់ជាដើម៕
ប្រភព៖ បរទេស
ប្រែសម្រលដោយ៖ Sreynoch Long
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក